កម្ពុជាកំពុងចាប់ផ្តើមគម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឱ្យដឹងនៅលើបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ថា គម្រោងរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ ពេលនេះកំពុងស្ថិតក្នុងដំណាក់កាលបឋម ដើម្បីសិក្សា ប្រមូលទិន្នន័យ និងធាតុចូលផ្សេងៗ ពីគ្រប់ភាគីពាក់ព័ន្ធ។ ការចេញមកបញ្ជាក់បែបនេះ បន្ទាប់សារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយនានា ចាប់អារម្មណ៍ច្រើនពាក់ព័ន្ធគម្រោងសិក្សាបឋមគម្រោងរថភ្លើងក្រោមដី(Metro)។
សូមរំឭកថា គម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន៕