March 17, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ក្រសួងពីរ នឹងរួមគ្នារៀបចំបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល ដោយបែងចែកជាសហគមន៍ ទៅតាមជំនាញ ចំនួន ៩

ភ្នំពេញ៖ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ បង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល (Digital Professionals Association) ដោយបែងចែកជាសហគមន៍ (Community) ទៅតាមជំនាញចំនួន ៩។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា កន្លងមក ក្រសួង បានដាក់ឱ្យប្រើប្រាស់ថ្នាលសហគមន៍ឌីជីថលកម្ពុជា – ស.ឌ.ក. (Digital Community of Cambodia – DCC) ជាថ្នាលសម្រាប់ប្រមូលផ្តុំធនធានមនុស្សឌីជីថលនៅកម្ពុជា ជាអាទិ៍ អ្នកអភិវឌ្ឍន៍សុសវែរ សហគ្រិនឌីជីថល បុគ្គលពាក់ព័ន្ធដែលមានគុណវុឌ្ឍបច្ចេកវិទ្យាឌីជីថល និងនិស្សិត ក្នុងទម្រង់ជាការចូលរួមដោយស្ម័គ្រចិត្ត ដែលបច្ចុប្បន្ន មានអ្នកចុះឈ្មោះប្រមាណ ៥ ០០០នាក់។

ការប្រមូលផ្តុំនេះ គឺដើម្បីផ្តល់ឱកាសឱ្យអ្នកជំនាញទំនាក់ទំនងគ្នា ចែករំលែកចំណេះដឹងនិងបទពិសោធ និងស្រាវជ្រាវនិងអភិវឌ្ឍរួមគ្នា, ស្វែងយល់និងផ្លាស់ប្តូរចំណេះដឹងអំពីបច្ចេកវិទ្យាឌីជីថលថ្មីៗ ដែលកំពុងអភិវឌ្ឍ, ទទួលបានព័ត៌មានអំពីសកម្មភាពការងារអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលរបស់រាជរដ្ឋាភិបាល, រៀបចំការពិភាក្សា សិក្ខាសាលា និងសន្និសីទពាក់ព័ន្ធនឹងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល, ទទួលបានព័ត៌មានអំពីឱកាសហាត់ការឬចុះកម្មសិក្សា និងឱកាសការងារ នៅតាមស្ថាប័នរដ្ឋនិងឯកជន និងទទួលបានព័ត៌មានអំពីអាហារូបករណ៍លើវគ្គបណ្តុះបណ្តាល ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់មន្ត្រីរាជការ សិស្សនិស្សិត បញ្ញវន្ត និងសាធារណជនដែលមានជំនាញឌីជីថល និង/ឬកំពុងប្រកបវិជ្ជាជីវៈជំនាញឌីជីថល ចូលរួមក្នុងសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថលដើម្បីប្រមូលផ្ដុំធនធានមនុស្ស និងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈលើវិស័យឌីជីថលឱ្យកាន់តែមានភាពរឹងមាំ សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។

សមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល (Digital Professionals Association) ដែលគ្រោងបង្កើតនេះ នឹងបែងចែកជាសហគមន៍ (Community) ទៅតាមជំនាញជាអាទិ៍ សហគមន៍អ្នកជំនាញទូរគមនាគមន៍ (Telecommunications) សហគមន៍អ្នកអភិវឌ្ឍន៍សុសវែរ (Software Development) សហគមន៍អ្នកជំនាញបច្ចេកវិទ្យាក្លោដ (Cloud) សហគមន៍អ្នកជំនាញបញ្ញាសិប្បនិម្មិត (Artificial Intelligence) សហគមន៍អ្នកជំនាញសន្តិសុខសាយប័រ (Cybersecurity) សហគមន៍អ្នកជំនាញប្លុកឆេន (Blockchain) សហគមន៍អ្នកជំនាញអ៊ីនធឺណិតនៃវត្ថុ (Internet of Things) សហគមន៍អ្នកជំនាញវិទ្យាសាស្ត្រទិន្នន័យ (Data Science) និងសហគមន៍អ្នកជំនាញបច្ចេកវិទ្យារ៉ូបូត (Robotics)៕

You may have missed

Copyright © All rights reserved. | Newsphere by AF themes.