February 22, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

លោកជំទាវ ពេជ ម៉ារ៉ែន ត្រូវបានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដាក់វិន័យការងារ (ផ្លាស់ដោយបង្ខំ ទៅជាអនុប្រធានសាលាដំបូងខេត្តណាមួយ)ដោយសារដោះលែងទណ្ឌិត(អ្នកទោស) ១រូបជាប់ទោសពីបទឃាតកម្ម។

លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ត្រូវបានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដាក់វិន័យការងារ
(ផ្លាស់ដោយបង្ខំ ទៅជាអនុប្រធានសាលាដំបូងខេត្តណាមួយ)ដោយសារដោះលែងទណ្ឌិត(អ្នកទោស) ១រូបជាប់ទោសពីបទឃាតកម្ម។

ភ្នំពេញ ៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសស្ដីពី វិន័យការងាររបស់ លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវទាក់ទងនឹងការសម្រេចដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើមាត្រា ៥១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដោះលែងដោយមានលក្ខខណ្ឌ លើទណ្ឌិត(អ្នកទោស)ជាប់ទោសពីបទឃាតកម្ម ដែលអនុវត្តទោសមិនទាន់គ្រប់ ២/៣ ផ្ទុយពីលក្ខខណ្ឌច្បាប់បានកំណត់។

ក្រុមប្រឹក្សាវិន័យ សម្រេចជា ឯកឆន្ទដាក់ទណ្ឌកម្ម ប្រធានសាលាដំបូងខេត្តតាកែវ ក្រោមរូបភាព ផ្លាស់ដោយបង្ខំ ទៅជាអនុប្រធានសាលាដំបូងខេត្តណាមួយ។

នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥, លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ បានបង្ហោះ វីដេអូឃ្លីបតាមបណ្តាញសង្គម ដោយបានលើកឡើងថា ….ខ្លួនមានកំហុសបន្តិចបន្តួច បែរជាត្រូវចាប់ទោស អូសដំណើរ ដោយគ្មានការលើកលែង ដោយគ្មានការសណ្តោស និងដោយគ្មានការទុកឱកាសឱ្យខ្លួនជាដើម ទោះបីខ្លួនខិតខំកែលម្អហើយក៏ដោយ…។

ចំពោះករណីនេះ, ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សូមជម្រាបជូនដល់ អង្គចៅក្រម និងសាធារណជន មេត្តាជ្រាបថា៖
១-ក្រុមប្រឹក្សាវិន័យបានទទួលចាត់ការសំណុំរឿងវិន័យតាមលិខិតលេខ ១២៨២ កយ.អគ្គា/២៤ ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងករណីលោកជំទាវ ពេជ ម៉ារ៉ែន ប្រធាន សាលាដំបូងខេត្តតាកែវ ដែលបានសម្រេចដោះលែងដោយមានលក្ខខណ្ឌចំពោះទណ្ឌិត ១រូប ដែលត្រូវបាន តុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ឆ្នាំ ពីបទ “ឃាតកម្ម” ដែលជាប្រភេទបទឧក្រិដ្ឋ។ បន្ទាប់ពីទទួលបាននូវសំណុំរឿងវិន័យនេះ, ប្រធានក្រុមប្រឹក្សាវិន័យ បានចាត់ឱ្យក្រុមអធិការកិច្ចនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ និងបានធ្វើរបាយការណ៍ជូនប្រធានក្រុមប្រឹក្សាវិន័យ។ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចលើសំណុំរឿងវិន័យខាងលើនេះ ដោយបានអញ្ជើញលោកជំទាវ ពេជ ម៉ារ៉ែន ឱ្យចូលមកការពារខ្លួននៅចំពោះមុខក្រុមប្រឹក្សាវិន័យ។ បន្ទាប់ពីបានស្តាប់របាយការណ៍របស់ក្រុមអធិការកិច្ច ការបំភ្លឺ របស់សាមីខ្លួន ការសួរដេញដោលពីក្រុមប្រឹក្សាវិន័យ និងបានពិនិត្យ ពិភាក្សាយ៉ាងល្អិតល្អន់រួចមក ក្រុមប្រឹក្សា វិន័យបានរកឃើញថា៖

*លោកជំទាវ ពេជ ម៉ារ៉ែន បានចេញដីកាសម្រេចដោះលែងដោយមានលក្ខខណ្ឌលេខ ០៦/២០២៤ ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឱ្យទណ្ឌិតដែលកំពុងអនុវត្តទោសក្នុងពន្ធនាគារខេត្តតាកែវ តាមរយៈសាលដីកាស្ថាពរលេខ ៩២ ក្រII ណ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ របស់សាលាឧទ្ធរណភូ ដែលបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ឆ្នាំ ពីបទ ឃាតកម្ម។

*ករណីសម្រេចដោះលែងទណ្ឌិត(អ្នកទោស)ដែលជាប់ទោសពីបទឃាតកម្មនេះ គឺជាការរំលោភបំពាន
ដើម្បីអាចដោះលែងដោយមានលក្ខខណ្ឌនូវទណ្ឌិត(អ្នកទោស)ដែលកំពុងជាប់ទោសនៅពន្ធនាគារបាន លុះត្រាតែ ទណ្ឌិតនោះបានអនុវត្តទោសបានយ៉ាងតិច ២/៣ នៃទោសសរុបរបស់ខ្លួន ក្នុងករណីដែលដែលទណ្ឌិត(អ្នកទោស)នោះ រងទោសដាក់ពន្ធនាគារលើសពី ១ឆ្នាំ។ ចំពោះករណីខាងលើនេះ, ទណ្ឌិតទើបតែបានអនុវត្តទោសជាក់ស្តែង ក្នុងពន្ធនាគារបាន ៥ឆ្នាំ ១ខែ និង ២ថ្ងៃ ប៉ុណ្ណោះ ដោយគិតពីការឃុំខ្លួននៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ រហូតដល់ថ្ងៃសម្រេចដោះលែងដោយមានលក្ខខណ្ឌនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ពោលគឺមិនទាន់ គ្រប់ចំនួន ២/៣ នៃទោសសរុប ដែលត្រូវស្មើនឹង ៧ឆ្នាំ ៤ខែ នោះទេ។

-ដោយឡែក, ចំពោះសំណុំរឿងដោះលែងដោយមានលក្ខខណ្ឌនេះ គណៈកម្មការជាតិ ដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌ បានផ្តល់យោបល់យ៉ាងច្បាស់តាមលិខិតចុះថ្ងៃទីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់សាលាដំបូងខេត្តតាកែវ ថា មិនគប្បីសម្រេចឱ្យមានការដោះលែងដោយមាន លក្ខខណ្ឌ ទៅលើទណ្ឌិតខាងលើនោះទេ ដោយសាររយៈពេលនៃការអនុវត្តទោសនៅក្នុងពន្ធនាគាររបស់ ទណ្ឌិតរូបនេះ មិនទាន់គ្រប់ ២/៣ នៃទោស ដូចមានកំណត់ក្នុងមាត្រា៥១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌឡើយ។

២-ដូច្នេះ! ការសម្រេចដោះលែងទណ្ឌិត(អ្នកទោស)ខាងលើ ដែលមានទោសឧក្រិដ្ឋជាប់ពន្ធនាគាររហូតដល់ ១១ឆ្នាំ ពីបទ ឃាតកម្ម តាមអំណាចសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងជាការរំលោភបំពានធ្ងន់ធ្ងរនូវមាត្រា៥១៣ នៃក្រមនីតិវិធី ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ប៉ុណ្ណោះទេ ហើយថែមទាំងបង្កើតបានជាកំហុសធ្ងន់ធ្ងរនៅក្នុងការអនុវត្ត វិជ្ជាជីវៈជាចៅក្រម។ ផ្អែកលើមូលដ្ឋាននេះ, ក្រុមប្រឹក្សាវិន័យបានពិភាក្សាយ៉ាងល្អិតល្អន់ និងបានសម្រេចជា ឯកឆន្ទដាក់ទណ្ឌកម្មថ្នាក់ទី២ ត្រង់ចំណុច “ក” និង “គ” នៃមាត្រា៥៥ នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និង ព្រះរាជអាជ្ញា (1) ក្រោមរូបភាព ផ្លាស់ដោយបង្ខំ ទៅជាអនុប្រធានសាលាដំបូងខេត្តណាមួយ ចំពោះសាមី ចៅក្រមដែលបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរនេះ។ សេចក្តីសម្រេចនេះត្រូវបានដាក់ជូនឧត្តមក្រុមប្រឹក្សានៃអង្គ ចៅក្រម ពិនិត្យ និងសម្រេចក្នុងសម័យប្រជុំលើកទី៣៨ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។ សេចក្តី សម្រេចនេះ បិទផ្លូវតវ៉ា តាមបញ្ញត្តិនៃមាត្រា២៦ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃ អង្គចៅក្រម។

៣-សូមបញ្ជាក់ជូនថា ជនដែលត្រូវបានប្រធានសាលាដំបូងខេត្តតាកែវ ដោះលែងនេះ មិនមែនជា ជនជាប់ឃុំបណ្តោះអាសន្ននោះទេ ប៉ុន្តែ គឺជាទណ្ឌិតដែលកំពុងអនុវត្តទោសឧក្រិដ្ឋ ពីបទ ឃាតកម្ម តាមអំណាចសាលដីកាស្ថាពររបស់តុលាការ ហើយប្រសិនបើមានមូលហេតុចាំបាច់នៃការដោះលែង ដោយផ្អែកលើគោលការណ៍មនុស្សធម៌ណាមួយ ក៏មិនមែនជាសមត្ថកិច្ចរបស់តុលាការដែរ ប៉ុន្តែ គឺជាបុព្វសិទ្ធិរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការធ្វើសំណើថ្វាយព្រះមហាក្សត្រសុំលើកលែងទោសឱ្យទណ្ឌិតណាមួយនៅពេល ណាក៏បាន ដោយផ្អែកតាមមាត្រា៧៧ នៃច្បាប់ស្តីពីពន្ធនាគារ។

៤-ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សូមបញ្ជាក់ជូនថា យោងតាមសេចក្តីសម្រេចចិត្ត របស់មហាសន្និបាតវិស័យយុត្តិធម៌នៅទូទាំងប្រទេសឆ្នាំ២០២៤, ក្រុមប្រឹក្សាវិន័យបន្តប្រកាន់ខ្ជាប់នូវ គោលជំហរម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងវិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលប្រព្រឹត្តខុសច្បាប់ និងខុស ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាលើកកម្ពស់ទំនុកចិត្តក្នុងការអនុវត្តច្បាប់របស់តុលាការ ដែលជាការរួមចំណែក យ៉ាងសំខាន់ក្នុងការធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ និងសង្គមជាតិ។

You may have missed

Copyright © All rights reserved. | Newsphere by AF themes.