អគ្គីភ័យបានលេបត្របាក់ភូមិគ្រឹះនិងជីវិតស្រ្តីវ័យក្មេងដ៏ល្បីម្នាក់នៅរដ្ឋធានីវៀងច័ន្ទ

ប្រទេសឡាវ៖ តាមប្រភពអ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសឡាវ បាននាំគ្នាផ្ញើសារចូលរួមរំលែកមរណៈទុកទៅដល់ Idol របស់ពួកគេ គឺ អ្នកនាង វីឡៃ ខាំ ម្ចាស់ប្រេនផលិតផលអនឡាញ(Online)ល្បី និងម្ចាស់ហាងថែរក្សាសម្ផស្សដ៏ល្បីឈ្មោះ ប្រចាំប្រទេសឡាវ ដែលបានអស់ជីវិត យ៉ាងអណោចអធម នៅក្នុងសោកនាដកម្មអគ្គីភ័យឆេះផ្ទះវីឡា កាលពីវេលាទៀបភ្លឺ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
យោងតាមរបាយការណ៍ផ្លូវការរបស់នាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គីភ័យ ប្រចាំរដ្ឋធានីវៀងច័ន្ទ នៃប្រទេសឡាវ បានបញ្ចាក់ថា នៅវេលាម៉ោង៥ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះផ្ទះវីឡារបស់លោក ណុប ផាឡាត ផាន់ថាវង្ស អាយុ៣១ឆ្នាំ មុខរបរអ្នកជំនួញ ស្នាក់នៅភូមិផាកៅ សង្កាត់សៃថានី រដ្ឋធានីវៀងច័ន្ទ។
មានការខូចខាតបឋម៖ ផ្ទះត្រូវភ្លើងឆេះ បណ្តាលឱ្យមនុស្ស១នាក់ស្លាប់ ឈ្មោះ វិឡៃ ខាំ អាយុ៣១ឆ្នាំ ត្រូវជាប្រពន្ធម្ចាស់ផ្ទះ ដែលត្រូវបានប្រទះឃើញស្លាប់នៅក្នុងបន្ទប់ដេកជាន់ទី២។
ចំពោះមូលហេតុនៃអគ្គីភ័យ និងទំហំនៃការខូចខាតលម្អិតកំពុងស្ថិតក្នុងដំណើរការប្រមូល និងស៊ើបអង្កេតនៅឡើយ។
អ្នកនាង អ្នកនាង វីឡៃ ខាំ ត្រូវបានក្រុមយុវជនវ័យក្មេងនៅក្នុងប្រទេសឡាវ ចាត់ទុកជា Idol របស់ពួកគេ ដោយសារតែ ម្ចាស់ប្រេនផលិតផលអនឡាញ និង ម្ចាស់ហាងថែរក្សាសម្ផស្សដ៏ល្បីឈ្មោះ ជោគជ័យរូបនេះ តែងតែចែករំលែក និងបំផុសគំនិតល្អៗ តាមបណ្តាញសង្គម៕