គម្រោងស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចវឌ្ឍនភាព១៩ %ហើយ។

គម្រោងស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចវឌ្ឍនភាព១៩ %ហើយ
រាជធានីភ្នំពេញ៖ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន១៩ %ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
បច្ចុប្បន្នការងារសម្រេចបាន៖
១-ផ្នែកគ្រឺះស្ពាន សម្រេចបានប្រមាណ ៤៦,៦៦% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម ចាក់បេតុងរួចចំនួន ៦៩ដើម ២០ជើងតាង សម្រេចបានចំនួន ៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម។
២-រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១.៥% រួមមាន៖ តួសរសរស្ពាន១២ សម្រេចបានចំនួន៦សរសរ សរសរស្ពាន ៥២ សម្រេចបាន១៦ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។
នៅដើមឆ្នាំ២០២៥នេះ កំពុងរៀបចំដំណើរការខួង និងចាក់សសរគ្រឹះ នៅត្រើយខាងលិចទន្លេ។ រយៈពេលសាងសង់គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបាន ១១ខែហើយ ស្មើនឹង ២៦,១៩% នៃផែនការសាងសង់៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ។