ទីក្រុងបាងកករបស់ប្រទេសថៃបានជាប់ចំណាត់ថ្នាក់កំពូលនៃការស្ទង់មតិសម្រាប់ទីក្រុងកំពូលទាំង១០ នៅអាស៊ីអាគ្នេយ៍
![](https://7makaranews.com/wp-content/uploads/2022/07/photo_2022-07-06_06-54-40.gif)
ចេញផ្សាយថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២២
ទីក្រុងបាងកករបស់ប្រទេសថៃបានជាប់ចំណាត់ថ្នាក់កំពូលនៃការស្ទង់មតិសម្រាប់ទីក្រុងកំពូលទាំង១០ នៅអាស៊ីអាគ្នេយ៍ ដែលបានបោះឆ្នោតឱ្យដោយអ្នកទស្សនាគេហទំព័រកម្សាន្តទេសចរណ៍ (travelandleisure.com) ។
គេហទំព័រនេះបាននិយាយថា មានហេតុផលជាច្រើនដែលទីក្រុងបាងកកបានកាន់តំណែងនេះជាយូរមក ក្នុងនាមជាទីក្រុងដែលមានអ្នកទៅទស្សនាកំសាន្តច្រើនជាងគេបំផុតក្នុងពិភពលោក។
គេហទំព័រនៅឆ្នាំនេះក៏បានដាក់ចំណាត់ថ្នាក់កោះភូកេត និងកោះសាមុយ នៅលំដាប់ទីមួយ និងទីពីរ រៀងគ្នានៅក្នុងបញ្ជី «កោះល្អបំផុតនៅអាស៊ីអាគ្នេយ៍» ផងដែរ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ថាណាកន វ៉ាងប៊ុនគង់ចាណា បាននិយាយកាលពីថ្ងៃទី៤ ខែកក្កដាថា នៅក្នុងចំណាត់ថ្នាក់ទីក្រុងល្អបំផុតនៅអាស៊ីអាគ្នេយ៍ឆ្នាំ២០២២ ទីក្រុងបាងកកត្រូវបានតាមពីក្រោយដោយទីក្រុងសិង្ហបុរី ទីក្រុងដាណាង (វៀតណាម) ទីក្រុងកូឡាឡាំពួរ (ម៉ាឡេស៊ី) ទីក្រុងហាណូយ (វៀតណាម) ទីក្រុងឈៀងម៉ៃ (ថៃ) ទីក្រុងហុងកុង ទីក្រុងហូជីមិញ (វៀតណាម) ទីក្រុងភ្នំពេញ (កម្ពុជា) និងទីក្រុងហ្សាការតា (ឥណ្ឌូណេស៊ី)។
នៅក្នុងបញ្ជីកោះល្អបំផុតនៅអាស៊ីអាគ្នេយ៍ឆ្នាំ២០២២ កោះភូកេត និងកោះសាមុយបានកាន់តំណែងលំដាប់កំពូល បន្ទាប់មកគឺកោះបាលី (ឥណ្ឌូណេស៊ី) កោះភូកុក (វៀតណាម) កោះឡាំងកាវី (ម៉ាឡេស៊ី) កោះឡុំបុក (ឥណ្ឌូណេស៊ី) កោះប៉ាឡាវ៉ាន់ (ហ្វីលីពីន) កោះប៉េណាង (ម៉ាឡេស៊ី) កោះភីភី (ថៃ) និងកោះដុនដៅ (វៀតណាម)។
មុនពេលមានជំងឺរាតត្បាតកូវីដ-១៩ ផ្ទុះឡើងកាលពីក្នុងឆ្នាំ២០១៩ វិស័យទេសចរណ៍របស់ប្រទេសថៃបានទទួលភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៤០លាននាក់ ដែលរួមចំណែកដល់ ៣ទ្រីលានបាត (៨៤,១១ប៊ីលានដុល្លារអាម៉េរិក) ដល់សេដ្ឋកិច្ចក្នុងស្រុក។ នៅក្នុងឆ្នាំនេះ ប្រទេសថៃរំពឹងថានឹងទាក់ទាញភ្ញៀវបរទេសជាង ៩លាននាក់ជាមួយនឹងប្រាក់ចំណូលចំនួន ១,២៧ទ្រីលានបាត (៣៥,៧ប៊ីលានដុល្លារអាម៉េរិក)៕
ប្រភព៖information.gov.kh
ទំនាក់ទំនងការផ្សាយ៖ 077 949441 – 096 994 9441 – 071 223 1111