February 19, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រមការពារទេសចរណ៍ គួរមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអនុវត្តន៍ឱ្យបានល្អ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងប្រាប់អង្គការទេចរណ៍ពិភពលោកថា ក្រមការពារទេសចរណ៍ គួរមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអនុវត្តន៍ឱ្យបានល្អ។

ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។

ជាមួយនឹងការថ្លែងអំណរគុណដល់អង្គការទេចរណ៍ពិភពលោក ដែលមានជំនឿលើកម្ពុជា កសាងនូវភាពជោគជ័យថ្មីមួយទៀតសម្រាប់វិស័យទេសចរណ៍នោះ ប្រមុខរាជរដ្ឋាភិបាកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រមការពារទេសចរណ៍ គួរមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអនុវត្តន៍ឱ្យបានល្អ។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី (Zurab Pololikashivili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ ក្នុងជំនួបនោះ ឯកឧត្ដម Zurab បានគោពរាយការណ៍ជូនសម្ដេចតេជោ អំពីលទ្ធផលនៃកិច្ចប្រជុំលើកទី៣៥ នៃគណៈកម្មាធិការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងគណៈកម្មាធិការតំបន់អាស៊ីខាងត្បូង នៃអង្គការទេសចរណ៍ពិភពលោក ដែលទទួលបានជោគជ័យក្នុងការសម្រេចបាន នូវក្រមការពារទេសចរណ៍។ ឯកឧត្ដម ក៏បានគោរពជូនសម្ដេចតេជោ ដែលមានទស្សនៈវែងឆ្ងាយសម្រាប់វិស័យទេសចរណ៍ និងមានការប្ដេជ្ញាចិត្តខ្ពស់ សម្រាប់វិស័យទេសចរណ៍ ជាអាទិ៍ ការគាំទ្រក្រមការពារទេសចរណ៍ និងជាពិសេសការជួយអ្នកទេសចរណ៍ដែលជាប់នៅលើកប៉ាល់វេស្ទឺដាម អនុញ្ញាតឱ្យកាប៉ាល់ចូលចតនៅកម្ពុជា នៅពេលដែលប្រទេសដទៃមិនឱ្យចូលចត ដោយខ្លាចការឆ្លងជំងឺកូវីដ១៩។ ឯកឧត្ដម Zurab ក៏បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោផងដែរ ចំពោះការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបានយ៉ាងជោគជ័យ និងថ្មីៗនេះទៀត បានរៀបចំការកីឡាស៊ីហ្គេមបានជោគជ័យយ៉ាងត្រចះត្រចង់ ដែលទាំងនេះសុទ្ធតែមានការតភ្ជាប់ជាមួយវិស័យទេសចរណ៍ដោយផ្ទាល់ផង និងដោយប្រយោលផង។ ឯកឧត្ដម Zurab បានគោរពជម្រាបជូនសម្ដេចតេជោទៀតថា អង្គការទេសចរណ៍ពិភពលោក នឹងបន្តគាំទ្រកម្ពុជា ដើម្បីលើកស្ទួយវិស័យទេសចរណ៍របស់កម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រមការពារទេសចរណ៍ គឺមានសារសំខាន់ណាស់សម្រាប់ផ្ដល់ការការពារ និងជំនឿទុកចិត្តដល់ទេសចរណ៍មកកាន់កម្ពុជា។ លើសពីនេះទៀត កម្ពុជា ក៏បានអភិវឌ្ឍន៍វិស័យសុខាភិបាល ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ ធ្វើយ៉ាងណាឱ្យទេសចរណ៍មកកម្ពុជា ធានាបានទាំងសុខសុវត្ថិភាពផង ទាំងសុខភាពល្អផង។ ចំពោះកប៉ាល់វេស្ទឺដាម សម្ដេចតេជោបានមានប្រសាសន៍ថា ជាការងារមនុស្សធម៌ និងជាការទទួលខុសត្រូវជួយដល់ជីវិតមនុស្ស នៅពេលនោះមិនមានប្រទេសណាអនុញ្ញាតឱ្យកប៉ាល់វេស្ទឺដាមចូលចតទេ ប្រសិនបើកម្ពុជាមិនអនុញ្ញាតឱ្យចូលចតទេនោះ ជីវិតមនុស្សនៅលើកាប៉ាល់នោះគឺអណោចអធមខ្លាំងណាស់។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់អង្គការទេចរណ៍ពិភពលោក ដែលមានជំនឿលើកម្ពុជា មកប្រជុំនៅកម្ពុជា កសាងនូវភាពជោគជ័យថ្មីមួយទៀតសម្រាប់វិស័យទេសចរណ៍ ហើយ ក្រមការពារទេសចរណ៍នេះ គួរមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអនុវត្តន៍ឱ្យបានល្អ៕

ប្រភព៖ information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.