ប្រទេសចិនជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមបញ្ជាក់ពីការចុះឈ្មោះរបស់កូរ៉េខាងជើង
ចេញផ្សាយ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៣
ប្រទេសចិនបានបញ្ជាក់ពីការចុះឈ្មោះរបស់ប្រទេសកូរ៉េខាងជើងសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមនៅក្នុងឆ្នាំនេះ ដែលនឹងប្រារព្ធធ្វើនៅទីក្រុងហាងហ្ស៊ូ (Hangzhou) នៅភាគខាងកើតប្រទេសចិន។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធនៅទីក្រុងហាងហ្ស៊ូ លោក ហ្ស៊ូ ជីនគៀង (Zhou Jinqiang) អនុប្រធានគណៈកម្មាធិការរៀបចំកីឡាអាស៊ីហ្គេមបាននិយាយថា គណៈកម្មាធិការជាតិអូឡាំពិកទាំង៤៥ នៅអាស៊ី បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងទី៨ ខែតុលា។
លោក ហ្ស៊ូ មិនបានប្រាប់ឈ្មោះប្រទេសនីមួយៗនោះទេ ប៉ុន្តែតួលេខរបស់លោក គឺមានសមាជិកទាំង ៤៥ប្រទេសនៃក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលរួមមានទាំងប្រទេសកូរ៉េខាងជើងផងដែរ។
របាយការណ៍ដែលចេញពីប្រទេសជប៉ុនកាលពីខែមុនបានអះអាងថា ប្រទេសកូរ៉េខាងជើងបានចុះឈ្មោះគណៈប្រតិភូដែលមានចំនួន ២០០នាក់សម្រាប់ការប្រកួតកីឡាអាស៊ីហ្គេម ហើយការប្រកាសរបស់លោក ហ្ស៊ូ គឺជាការបញ្ជាក់ជាផ្លូវការលើកដំបូងដោយប្រទេសជាម្ចាស់ផ្ទះ។
លោក ហ្ស៊ូ ដែលជានាយករងអគ្គរដ្ឋបាលកីឡារបស់ប្រទេសចិនផងដែរនោះបាននិយាយថាកន្លែងប្រកួតទាំងអស់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម។
ទីក្រុងហាងហ្ស៊ូនឹងក្លាយជាម្ចាស់ផ្ទះដ៏សំខាន់ ហើយទីក្រុងជិតខាងដូចជាទីក្រុងដេគីង ទីក្រុងជីនហួ ទីក្រុងនីងបូ ទីក្រុងស៊ាវស៊ីង និងទីក្រុងវេនហ្ស៊ូ ក៏នឹងរៀបចំព្រឹត្តិការណ៍ប្រកួតមួយចំនួនក្នុងចំណោមកីឡាទាំង ៤០ប្រភេទផងដែរ។
ប្រទេសកូរ៉េខាងជើងមិនបានចូលរួមក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅទីក្រុងតូក្យូកាលពីពីរឆ្នាំមុនទេ ដោយលើកឡើងអំពីបញ្ហាជំងឺរាតត្បាតកូវីដ១៩។ បន្ទាប់មក គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានហាមឃាត់ប្រទេសកូរ៉េខាងជើងពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ឆ្នាំ២០២២ ដែលជាការដាក់ទណ្ឌកម្មចំពោះការសម្រេចចិត្តជាឯកតោភាគីរបស់ខ្លួនក្នុងការរំលងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ៕
ប្រភព៖information.gov.kh