January 27, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សន្ទុះនៃវិស័យទេសចរណ៍ចិនក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នឹងជំរុញភាពធន់ និងកំណើនសេដ្ឋកិច្ច

សន្ទុះនៃវិស័យទេសចរណ៍ចិនក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នឹងជំរុញភាពធន់ និងកំណើនសេដ្ឋកិច្ច

ជារៀងរាល់ឆ្នាំ នៅពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីចិនខិតជិតមកដល់ ប្រជាជននៅទូ​ទាំងប្រទេសចិនតែងធ្វើដំណើរត្រឡប់ទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ ឬទស្សនា​តំបន់កម្សាន្តនានា ​។ ការធ្វើដំណើររបស់ប្រជាជនចិនរាប់រយលាននាក់ក្នុងអំឡុងពេលដ៏​មមារញឹកនេះ គឺជាការចល័តទីមនុស្សធំជាងគេបំផុតនៅលើពិភពលោក ដែលរួមចំណែក​យ៉ាងសំខាន់ដល់ការបង្កើនការចំណាយក្នុងស្រុក។

តាមការប៉ាន់ស្មាន ការធ្វើដំណើរក្នុងស្រុកនាអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំនេះ ​មានចំនួនប្រមាណ ៩ពាន់លានដំណើរ កើនឡើង ៦% ធៀបនឹងឆ្នាំ២០២៤ ។ តួរលេខនេះ​មិនត្រឹមតែបង្ហាញពីឆន្ទៈរបស់ប្រជាជនក្នុងការធ្វើដំណើរទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងពីភាពធន់ និង​ភាពរស់រវើកនៃការងើបឡើងវិញនូវវិស័យទេសចរណ៍ចិន បន្ទាប់ពីការរំខានជាច្រើនឆ្នាំ​ដោយសារជំងឺរាតត្បាតកូវីដ-១៩ ផងដែរ។
ជាក់ស្តែង ក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន និងសណ្ឋាគារនានា បានទទួលការកក់ពីអតិថិជន​ក្នុងកំណត់ត្រាមួយដ៏ខ្ពស់ ខណៈតំបន់ទេសចរណ៍នានាបានព្យាយាមពង្រឹងសេវាកម្ម និង​ធ្វើពិពិធកម្មសកម្មភាពកម្សាន្តនានា សំដៅផ្តល់នូវបទពិសោធន៍ល្អៗដល់ភ្ញៀវទេសចរ នា​អំឡុងពិធីបុណ្យដ៏រីករាយនេះ។ ទាំងនេះបានបញ្ជូនសញ្ញាវិជ្ជមានដល់ការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុករបស់ចិន។ ​

ក្រៅពីសន្ទុះនៃទេសចរណ៍ក្នុងស្រុក ប្រទេសចិនក៏មើលឃើញពីនិន្នាការនៃកំណើនទេសចរអន្តរជាតិគួរឱ្យកត់សម្គាល់ផងដែរ ជាពិសេសស្របពេលដែលរដ្ឋាភិបាលចិនបានដាក់ចេញនូវវិធានការបន្ធូរបន្ថយទិដ្ឋាការ ដែលរួមមានគោលនយោបាយឆ្លងកាត់ដោយគ្មានទិដ្ឋាការជាមួយប្រទេសចំនួន ៥៤ និងការអនុញ្ញាតដោយឯកតោភាគីឱ្យប្រទេសចំនួន ៣៨ ធ្វើដំណើរទៅប្រទេសចិនដោយមិនត្រូវការទិដ្ឋាការ។ យោងតាមរបាយការណ៍របស់​រដ្ឋ​បាលអន្តោប្រវេសន៍ជាតិចិន ក្នុងរយៈពេល ១១ ខែ នៃឆ្នាំ២០២៤ ប្រទេសចិនបានទទួល​ភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ២៩,២២ លាននាក់ ក្នុងនោះមាន ១៧,៤៥ លាននាក់ចូល​ទៅកាន់ប្រទេសចិនក្រោមគោលនយោបាយគ្មានទិដ្ឋាការ។

ទន្ទឹមនឹងនេះ ចំណាត់ការរបស់រដ្ឋាភិបាលចិនក្នុងការពង្រីករយៈពេលឆ្លងកាត់ដោយគ្មាន​ទិដ្ឋាការពី ៧២ និង ១៤៤ម៉ោង រហូតដល់ ២៤០ ម៉ោង (១០ថ្ងៃ) កាលពីពេលថ្មីៗនេះ នឹង​ចាក់បញ្ចូលនូវសន្ទុះថ្មីបន្ថែមទៀតក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ ជាមួយនឹង​វិធានការនេះ ភ្ញៀវទេសចរអន្តរជាតិនឹងមានឱកាសទៅទស្សនាប្រទេសចិនក្រោម​លក្ខខណ្ឌកាន់តែប្រសើរឡើង នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ដើម្បីចូលរួមប្រារព្ធពិធី​នេះជាមួយនឹងភាពកក់ក្តៅនៃបដិសណ្ឋារកិច្ចរបស់ប្រជាជនចិន និងទទួលយកបទ​ពិសោធន៍ថ្មីក្នុងការយល់ដឹងពីវប្បធម៌រាប់ពាន់ឆ្នាំរបស់ចិន ព្រមទាំងអាចទស្សនាតំបន់​កម្សាន្តដ៏សម្បូរបែបរបស់ចិន រួមមានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងស្ថាបត្យ​កម្មទំនើប។

ក្នុងបរិបទនេះ រំហូរនៃកំណើនទេសចរអន្តរជាតិទៅប្រទេសចិន នឹងនាំមកនូវកាលានុវត្ត​ភាពអភិវឌ្ឍន៍ថ្មីៗដល់ឧស្សាហកម្មទេសចរណ៍ចិន ដែលនឹងរួមចំណែកដល់ការជំរុញនវានុ​វត្តន៍ និងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ក្នុងស្រុក ព្រមទាំងលើកកម្ពស់ជីវភាពរស់​នៅរបស់ប្រជាជននៅតាមមូលដ្ឋាន ដែលរកស៊ីទទួលទានដោយផ្ទាល់ និងប្រយោលក្នុង​វិស័យនេះ។

សរុបមក ការចល័តទីរបស់ប្រជាជនចិន និងរំហូរនៃកំណើនទេសចរអន្តរជាតិក្នុងអំឡុង​ពេលដ៏មមារញឹកនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នឹងក្លាយទៅជាកម្លាំងចលករដ៏សំខាន់​ក្នុងការជំរុញឡើងវិញនូវភាពរស់រវើកនៃវិស័យទេសចរណ៍ចិន ដែលនឹងចាក់បញ្ចូលនូវ​សន្ទុះថ្មីក្នុងការកសាងភាពធន់ និងបង្កើនកំណើនសេដ្ឋកិច្ចចិន។ ​
ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

Copyright © All rights reserved. | Newsphere by AF themes.