ប្រយោជន៍ «វិជ្ជា»

💡ប្រយោជន៍វិជ្ជា
កាលពីអត្ថបទមុនធ្លាប់បាននិយាយពីចំណងជើងមួយថា “វិជ្ជានាំឱ្យទៅជិតអ្នកធំ” ដែលជាការនិយាយប្រយោជន៍មួយជ្រុង។ ចំណែកអត្ថបទនេះ ខ្ញុំនឹងបង្ហាញប្រយោជន៍វិជ្ជាតាមរយៈគំនិតក្នុងសៀវភៅស្រីហិតោបទេសភាគទី១ដោយបកស្រាយតាមគតិយល់ឃើញ។
វិជ្ជា មានន័យថា សេចក្ដីដឹងច្បាស់; ការចេះដឹង, ចំណេះ។ លក្ខណៈរបស់វិជ្ជាគឺកាត់ថ្លៃមិនបាន, មិនចេះរេចរឹលដោយចោរលួចឬចោលប្លន់ កណ្តៀរកោរកណ្តុរកាត់។ វិជ្ជាគេប្រៀបទៅជាស្ពានចម្លងជនពីទាបទៅខ្ពស់, ពីល្ងង់ទៅចេះ, ពីថោកថយ ទៅថ្លៃថ្នូរ, ប្រៀបទៅប្រទីប ភ្លឺទាំងយប់ ទាំងថ្ងៃ, ប្រៀបទៅអាវុធសម្រាប់កាប់ឆ្ការបញ្ហាសព្វបែបយ៉ាង។
នៅក្នុងសៀវភៅនេះ បានពោលថា “វិជ្ជានាំឱ្យមានវិន័យ, វិន័យនាំឱ្យបានសេចក្តីថ្លៃថ្នូរ, សេចក្តីថ្លៃថ្នូរនាំឱ្យបានទ្រព្យសម្បត្តិ, ទ្រព្យសម្បត្តិនាំឱ្យបានធម៌, ធម៌ដឹកនាំឱ្យបានសេចក្តីសុខ”។ ដូច្នេះយើងមើលឃើញប្រយោជន៍វិជ្ជាមាន៖
– វិជ្ជានាំឱ្យមានវិន័យ
អ្នកគោរពវិន័យបានត្រឹមត្រូវគឺជាអ្នកមានវិជ្ជាជាមូលដ្ឋាន តែមិនមែនបានន័យថា មនុស្សល្ងង់មិនគោរពវិន័យទេ តែថាការគោរពឬការដឹងបានអំពីវិន័យឱ្យបានគ្រប់ជ្រុងជ្រោយដូចអ្នកមានវិជ្ជាគឺភាគតិចមែនទែន។ មានឧទាហរណ៍ដូច្នេះ យើងអាចមើលអ្នកចេះច្បាប់ ដឹងប្រពៃណី ដឹងរបៀបស្រុកទេសច្រើនគឺជាមនុស្សមានវិជ្ជានេះឯង។
– វិជ្ជានាំបានសេចក្តីថ្លៃថ្នូរ
នៅក្នុងព្រះពុទ្ធសាសនានិយាយថា បុគ្គល៣ ប្រភេទដែលគេគោរពឱ្យតម្លៃគឺអ្នកមានពូជអំបូរខ្ពង់ខ្ពស់, អ្នកមានវ័យចាស់, និងអ្នកមានចំណេះវិជ្ជា។ កាលពីក្មេង ខ្ញុំចាំបានថា អ្នកមានវិជ្ជាគឺគេគោរពខ្លាំងណាស់ដូចស្រុកខ្ញុំនៅជនបទមានក្មេងៗ គាត់រៀនមកដល់ភ្នំពេញ ពេលទៅស្រុកវិញ គ្មានចាស់ៗណា ហៅដាច់សាច់ថា អានេះឬអានោះឡើយគឺសុទ្ធតែក្មួយៗ បើពេលឆ្លើយតបទៅពួកគាត់អ្នករៀនវិញថា បាទ ចា៎!។ ទោះជាយ៉ាងណា អ្នករៀនជំនាន់នោះ និងជំនាន់នេះគឺខុសគ្នា ខុសត្រង់ថា ក្មេងជំនាន់នោះរៀនយកមកអនុវត្ត ដូចជា សីលធម៌, សុវជីវធម៌ ស្រាមិនផឹក បារីមិនជក់ បើផឹកក៏លាក់លៀម, ជក់ក៏បិទបាំង។ វិជ្ជានេះតែងយឹតយោងជនឱ្យទៅកាន់ទីខ្ពស់ ទៅជិតអ្នកធំ, ក្លាហានក្នុងជំនុំ, សម្តីសំដៅកាយវិកាប្រកបដោយក្រមសីលធម៌, មានវិន័យ មានសុជីវធម៌ក្នុងការរស់នៅ។ នេះហើយជាសេចក្តីថ្លៃថ្នូរដោយសារមានវិជ្ជាជាមូលដ្ឋាន។
– វិជ្ជានាំឱ្យបានទ្រព្យសម្បត្តិ
យសសក្តិ ឋានៈ តួនាទី មហាសេដ្ឋី សុទ្ធតែដោយសារវិជ្ជា។ យើងអាចលើកសេដ្ឋីលើពិភពលោកមកជាឧទាហរណ៍បានដូចជា Elon Musk, Mark Zuckerberg, Bill Gate ជាដើម ។ ព្រោះតែវិជ្ជាបានធ្វើឱ្យពួកគាត់ក្លាយជាកំពូលមនុស្សលើទ្រព្យសម្បត្តិ។
– វិជ្ជានាំឱ្យបានធម៌
អ្នកមានវិជ្ជាងាយរៀនធម៌ បដិបត្តិធម៌ ប្រសើរជាងមិនមានវិជ្ជា ព្រោះអ្វី? ព្រោះថា វិជ្ជា មានសេចក្តីថ្លៃថ្នូរ មានវិន័យ មានទ្រព្យសម្បត្តិ ក្នុងខ្លួនរួចទៅហើយ មិនខ្វល់ខ្វាយនឹងការរស់នៅ ហូបចុកឡើយ ។ ដូច្នោះ បលិពោធ គ្រឿងសៅហ្មងមានតិចណាស់, មិនតែប៉ុណ្ណោះវិជ្ជា ដែលជាមូលដ្ឋានធ្លាប់គិត ធ្លាប់សន្សំមានស្រាប់ រឹងរឹតតែធ្វើឲឱ្យការសិក្សាបដិបត្តិធម៌ ឆាប់ចាប់បាន ។
– វិជ្ជានាំឱ្យបានសេចក្តីសុខ
ដូចគ្នាដែរ សេចក្តីសុខរបស់មនុស្ស គឺផ្លូវកាយ និងផ្លូវចិត្ត ហើយរបស់ដែលនាំឱ្យបានរបស់ទាំងពីរនេះ គឺវិជ្ជានេះឯង។ វិជ្ជានាំឱ្យបានទ្រព្យសម្បត្តិ ជាគ្រឿងចិញ្ចឹមខ្លួន មានផ្ទះសម្បែង គ្រឿងហូបចុក ស្លៀកពាក់ ចំណែកវិជ្ជានាំឲ្យបានធម៌ ជារបស់ធ្វើឲ្យសេចក្តីសុខផ្លូវចិត្ត ព្រោះបានសិក្សាគោលការណ៍ របៀបធ្វើឱ្យចិត្តស្ងប់។ នេះឯងដែលហៅថា វិជ្ជានាំឱ្យបានសេចក្តីសុខ។
សរុបមក ប្រយោជន៍នៃវិជ្ជាមានប៉ុណ្ណេះឯង តែសូមជ្រាបថា វិជ្ជាដែលលើកមកនិយាយនេះគឺសំដៅលើសុវិជ្ជា, វិជ្ជាត្រឹមត្រូវ មិនបំផ្លិចបំផ្លាញអ្នកដទៃ ដើម្បីប្រយោជន៍ខ្លួន បក្សពួកខ្លួន៕
………………………………………………………………………
សូមជួយបញ្ចេញមតិយោបល់!
ប្រភពហ្វេសប៊ុក Sok Bunheang