ការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ បានបើកដំណើរការប្រកួតរបស់ខ្លួន ដោយមានកីឡាករ កីឡាការិនីចំនួន៥០នាក់មកពី៦ក្លឹម ប្រជែងមេដាយ២៣វិញ្ញាសា។
ការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ បានបើកដំណើរការប្រកួតរបស់ខ្លួន ដោយមានកីឡាករ កីឡាការិនីចំនួន៥០នាក់មកពី៦ក្លឹម ប្រជែងមេដាយ២៣វិញ្ញាសា។
ភ្នំពេញ៖ ការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ត្រូវបានបើកដំណើរការឱ្យប្រកួតជាផ្លូវការ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា នៃពហុកីឡដ្ឋានជាតិ អូឡាំពិក ដោយមានកីឡាករ កីឡាការិនីសរុប ៥០នាក់មកពី៦ក្លឹប ចូលរួមប្រកួតប្រជែងមេដាយលើ២៣វិញ្ញាសា។
លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា បានណែនាំ ដល់មន្ត្រីថ្នាក់ដឹកនាំ គណៈកម្មាធិការប្រតិបត្តិ លោកគ្រូ អ្នកគ្រូបង្វឹក និងកីឡាករ កីឡាការិនី បន្ដរក្សាសាមគ្គីភាពផ្ទៃក្នុង សហការគ្នាបង្កើនភាពស្និតស្នាលស្វាហាប់ ក្នុងការងារជំនាញកីឡារាំឲ្យកាន់តែខ្លាំងក្លា និងឆន្ទៈមោះមុត ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួតកីឡារាំអន្តរជាតិនានា នៅពេលខាងមុខ។
លោកជំទាវ ប្រធានសហព័ន្ធ បានបញ្ជាក់ថា ការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ មានចំនួន២៣វិញ្ញាសា រួមមាន៖ វិញ្ញាសា រាំគូ Latin Dance និង វិញ្ញាសា Standard Dance ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន៥០ នាក់ មកពីក្លឹបចំនួន៦ក្លឹប ក្នុងនោះមានក្លឹបមហាផ្ទៃ ក្លឹបកងទ័ពជើងទឹក ក្លឹបរខេត្តកណ្ដាល ក្លឹបខេត្តកំពង់ចាម ក្លឹប Joy School។
ជាមួយពិធីបើកការប្រកួតកីឡារាំ ជ្រើសរើសជើងឯក នេះផង លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត អគ្គទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធមហាសង្ឃរាជគណធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា លោកជំទាវឧកញ៉ា សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលជំរុញគាំទ្រឱ្យសហព័ន្ធកីឡារាំកម្ពុជា រៀបចំព្រឹត្តិការណ៍នេះឱ្យកើតឡើង ក្នុងគោលបំណង លើកកម្ពស់សមត្ថភាពបច្ចេកទេស ដល់កីឡាករ-កីឡាការិនីទាំងអស់ ដើម្បីត្រៀមលក្ខណៈសម្បត្តិ ក៏ដូចជាការប្រមូលធនធានកីឡាករ កីឡាការិនី ដែលមានសក្តានុពលចូលរួមប្រកួតជ្រើសរើសជើងឯកកីឡារាំថ្នាក់ជាតិឆ្នាំ ២០២៣ ត្រៀមចូលរួមប្រកួតកីឡារាំអន្តរជាតិនានានៅពេលខាងមុខនេះ។
ការប្រកួតកីឡារាំ នាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីសមត្ថភាព ចំណេះដឹងបទពិសោធន៍ បច្ចេកទេសថ្មីៗ និងទេពកោសល្យរបស់កីឡាករ-កីឡាការិនី ដែលបានហ្វឹកហាត់អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដោយនាំយកមកប្រកួតប្រជែងនៅក្នុងថ្ងៃនេះ។ លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត បានផ្តាំផ្ញើដល់គណៈកម្មការរៀបចំការប្រកួត គណៈកម្មការបច្ចេកទេស គ្រូបង្វឹក ត្រូវឈរលើស្មារតីទទួលខុសត្រូវដាក់ពន្ទុឈរលើភាពយុត្តិធ៌ម សុក្រិត្យ មិនលម្អៀង ចំណែកឯកីឡាករ កីឡាការិនី ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់គោរពនូវបទបញ្ជាប្រកួតនានា ដែលបានចែង ដើម្បីរក្សានូវស្មារតីសាមគ្គីភាព គោរពដៃគូរបស់ខ្លួនក្នុងពេលប្រកួត ប្រឹងបញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីឈានទៅដណ្តើមមេដាយសម្រាប់ខ្លួនឯង ពិសេសត្រៀមខ្លួនចេញទៅប្រកួតលើឆាកអន្តរជាតិ និងត្រៀមធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ខាងមុខ៕
ប្រភព(ទទក)