ម្ចាស់គ្លីនិក ចាក់ថ្នាំបណ្ដាលឱ្យស្ដ្រីម្នាក់ស្លាប់ រួចដឹកសពរួមទាំងក្មេងតូចទៅប្លុងចោល ត្រូវបានឃាត់ខ្លួន!
ម្ចាស់គ្លីនិក ចាក់ថ្នាំបណ្ដាលឱ្យស្ដ្រីម្នាក់ស្លាប់ រួចដឹកសពរួមទាំងក្មេងតូចទៅប្លុងចោល ត្រូវបានឃាត់ខ្លួន!
(តាកែវ)៖ សមត្ថកិច្ចនគរបាលស្រុកបាទី ខេត្តតាកែវ បានឃាត់ខ្លួនម្ចាស់គ្លីនិក(ស៊ុន ម៉ារីណា) ដែលមានទីតាំង នៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។
ក្រោយព្យាបាល និងចាក់ថ្នាំស្ដ្រីជាអ្នកជំងឺម្នាក់ បណ្ដាលឱ្យប្រតិកម្មស្លាប់ រួចដឹកសាកសពស្ត្រីរូបនោះ រួមនិងក្មួយស្រីអាយុ៣ឆ្នាំ ទៅប្លុងចោលត្រង់ចំណុចចិញ្ចើមផ្លូវមួយកន្លែង ក្នុងភូមិម្រះព្រៅកើត ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និងបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅទីនោះ កាលពីព្រឹកទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៤។
បើយោងតាមការបញ្ជាក់ពីលោក ឆាយ កែវមុនី អធិការនគរបាលស្រុកបាទី នៅរសៀលថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៤។
ស្ដ្រីរងគ្រោះឈ្មោះ ណាំ ចន្ធូ អាយុ ៤១ឆ្នាំ នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ(ស្លាប់)។
រីឯកុមារីរងគ្រោះ អាយុ៣ឆ្នាំត្រូវជាក្មួយរបស់សពស្ដ្រីរងគ្រោះ។
បើតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា ដើមហេតុដំបូងឈ្មោះ ណាំ ចន្ធូ បានចូលពិគ្រោះជំងឺ នៅគ្លីនិក(ស៊ុន ម៉ារីណា)ត្រង់ចំណុចខាងលើ..!។
ក្នុងនោះគ្រូពេទ្យ ក៏បានពិនិត្យវិនិច្ឆ័យរោគ រួចចាក់ថ្នាំស្រាប់តែអ្នកជំងឺឈ្មោះ ណាំ ចន្ធូ ប្រតិកម្មធ្វើទុក្ខខ្លាំង រហូតដាច់ខ្យល់ស្លាប់តែម្ដង។
ឃើញបែបនេះ ម្ចាស់គ្លីនិក ហាក់ភ័យស្លន់ស្លោ និងបានយកម៉ូតូរបស់ជនរងគ្រោះទៅប្លុងចោល ដោយថែមទាំងដឹកសាកសពស្ត្រីរងគ្រោះ រួមនិងក្មេងស្រីដែលមកជាមួយសពជនរងគ្រោះ មកប្លុងចោល ត្រង់ចំណុចខាងលើទៀតផងដែរ។
មិនតែប៉ុណ្ណោះ ក្មេងស្រីរូបនោះ ហាក់ដូចជាបាត់បង់ស្មារតី សង្ស័យត្រូវថ្នាំសណ្ដំឱ្យវង្វេងទាំងដែលរូបនាង ត្រូវគេប្លុងចោល ឱ្យដេកជាមួយសាកសពម្ដាយមីងអស់រយៈពេល១យប់ហើយនោះ!។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុកបាទី កំពុងសាកសួរម្ចាស់គ្លីនិក(ស៊ុន ម៉ារីណា) ដើម្បីចាត់ការតាមច្បាប់៕