នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានចូលចតនៅផែក្រុងព្រះសីហនុរយៈពេល៥ថ្ងៃ។
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៤ នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក មួយគ្រឿង USS SAVANNAH បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល៥ថ្ងៃ គិតចាប់ពី ថ្ងៃទី១៦ ដល់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចជាមិត្តភាពនៅកម្ពុជា។
ពេលនាវាចូលចតដល់កំពង់ផែ លោកវរនាវីឯក មាន សាវឿន មេបញ្ជាការ រង មូលដ្ឋាន សមុទ្រ រាម ក្នុងនាមកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានដឹកនាំនាយនាវីជាច្រើនរូប ក្នុងនោះក៍មានការចូលរួមពីអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ទទួលស្វាគមន៍ ប្រតិភូនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកនេះផងដែរ។
មន្ត្រីកងទព័ជើងទឹកកម្ពុជាបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាតាមកម្មវិធីដែលបានគ្រោងទុក ប្រតិភូនាវា USS SAVANNAH គ្រោងនឹងជួបពិភាក្សាការងារជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម, ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ, កម្មវិធីទស្សនកិច្ចនៅសាលាអនុវិទ្យាលយ័សម្តេចឪ ក្នុងក្រុងព្រះសីហនុ, កម្មវិធីប្រកួតកីឡាបាល់ទះរវាងក្រុមនាវិកនាវា USS SAVANNAHជាមួយកងទព័ជើងទឹកកម្ពុជា និងកម្មវិធីជាលក្ខណៈមិត្តភាពមួយចំនួនទៀត៕
ប្រភព៖ ឡេង ប៊ុននី LENG BUNNY