គណបក្សប្រជាជនកម្ពុជា បានប្រារព្ធវិធីជាតិ អបអរសាទរ ខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧ មករា ! ០៧ .មករា. ១៩៧៩ – ០៧. មករា ២០២៥ នៅក្នុងទីក្រុងរណបកោះពេជ្រ។
គណបក្សប្រជាជនកម្ពុជា បានប្រារព្ធវិធីជាតិ អបអរសាទរ ខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧ មករា ! ០៧ .មករា. ១៩៧៩ – ០៧. មករា ២០២៥ នៅក្នុងទីក្រុងរណបកោះពេជ្រ។
( ភ្នំពេញ )៖ ថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២៥ ជាទិវាជាតិ ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ដេីម្បីអប់រំសាទរ ខួបនៃជ័យជំនះ លើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបាននាំមកនូវ សន្តិភាពពេញលេញ ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់ស្ថាបនិក បិតាសន្តិភាពរបស់ កម្ពុជា គឺ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
០៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូប តែងតែចងចាំ គ្មានថ្ងៃភ្លេច គឺជាថ្ងៃកំណើតទី២ របស់ពលរដ្ឋគ្រប់រូប ដែលអាចរស់រានមានជីវិត មកដល់សព្វថ្ងៃ ក្រោយឆ្លងកាត់ របបវាលពិឃាត ប្រល័យជាតិសាសន៍ខ្លួនង អស់ប្រមាណ ១ លាននាក់ជាង ក្នុងរយៈពេល ៣ ឆ្នាំ ៨ខែនិង ២០ថ្ងៃ។
ក្នុងថ្ងៃប្រារព្ធពិធីនេះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់ ឥស្សរជនជាន់ខ្ពស់ ជាតិ អន្តរជាតិ មន្ត្រីរាជការ សង្គមស៊ីវិល សិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ពិសេសវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ប្រជាជនកម្ពុជានិង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ថ្លែងក្នុងពិធីខួប ៤៦ឆ្នាំ ថ្ងៃជ័យជម្នះ ៧ មករា, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្តេជ្ញាទប់ស្កាត់នូវរាល់សកម្មភាព ដែលនាំទៅរកការដណ្តើមអំណាចដោយរំលោភបំពានរដ្ឋធម្មនុញ្ញ ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
សម្ដេច បានបន្តថា ស្មារតី ៧ មករា បានឆ្លុះបញ្ចាំងអំពីកម្លាំងមហាសាមគ្គីរបស់ជាតិ យើងអំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតឥតរាថយចំពោះឧបសគ្គគ្រប់យ៉ាង ដើម្បីភាពគង់វង្សស្ថិតស្ថេរ និងរីកចម្រើនរបស់ជាតិមាតុភូមិ ព្រមជាមួយនេះ ស្មារតី៧មករា ផ្តល់ឱ្យយើងនូវក្តីសង្ឃឹមជឿជាក់ជានិច្ច ចំពោះជ័យជម្នះ។
បន្ថែមពីនេះ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ៧ មករា មានសត្រូវតែមួយគត់ គឺរបបប្រល័យពូជសាសន៍ ឥឡូវនេះរបបដ៏យង់ឃ្នងនេះត្រូវរលាយបាត់ហើយ ដូច្នេះជនណាដែលនៅតែប្រឆាំងនឹង ៧មករា គឺជាអ្នកដែលចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា។
ឆ្លងកាត់អស់រយៈកាលជាង ៥០ឆ្នាំ នៃការបម្រើជាតិ និងប្រជាជន, សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់សង្កត់ធ្ងន់ថា រដ្ឋប្រហារថ្ងៃ ១៨ មីនា ឆ្នាំ១៩៧០ របស់ពួកលន់ នល់ តាមការបញ្ជាពីជនបរទេស គឺជាមូលហេតុចំបង ដែលបានបង្កជាភ្លើងសង្គ្រាមពេញទំហឹង ដែលបានធ្វើឱ្យសន្តិភាពដែលខ្វះស្ថិរភាពនៅកម្ពុជា ត្រូវបាត់បង់ទាំងស្រុង បង្កនូវ វិនាសកម្មដល់ជាតិហើយបានរុញច្រានឱ្យកម្ពុជាធ្លាក់ក្នុងគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍។
សម្ដេចប្រធានព្រឹទ្ធសភា បានថ្លែងថា ! ច្បាស់ណាស់ថា បើគ្មានរដ្ឋប្រហាររបស់ពួក លន់ នល់ ទេ ក៏គ្មានរបបប្រល័យពូជសាសន៍ដែរ ព្រះរាជាណាចក្រកម្ពុជានឹងបន្តអភិវឌ្ឍក្នុងសន្តិភាព ប្រជាជននឹងមិនត្រូវពួកឃាតករកាប់សម្លាប់រង្គាលនោះឡើយ។ អាស្រ័យហេតុនេះយើងប្តេជ្ញាទប់ស្កាត់នូវរាល់សកម្មភាព ដែលនាំទៅរកការដណ្តើមអំណាចដោយរំលោភបំពានរដ្ឋធម្មនុញ្ញ ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ។
ជាមួយគ្នានេះ សម្តេច បានមានប្រសាសន៍ថា អំពើប្រល័យពូជសាសន៍ដែលបង្កឡើងដោយរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត គឺជាតថភាពប្រវត្តិសាស្ត្រមួយ។ ឯជ័យជម្នះថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃដែលបានរំដោះជាតិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ គឺជាតថភាពប្រវត្តិសាស្ត្រមួយទៀត។
សម្តេចតេជោ បានបញ្ជាក់ថា ប្រជាជនកម្ពុជាត្រូវរង់ចាំ ៤៣ឆ្នាំ ទើបទទួលបានយុត្តិធម៌ចំពោះការទទួលរងឧក្រិដ្ឋកម្ម ដែលរបបកម្ពុជាប្រជាធិបតេយ្យបានប្រព្រឹត្តមកលើប្រជាជនកម្ពុជា ជាមួយនឹងការបិទបញ្ចប់នូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០១ ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ស្ថាប័នមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តច្បាប់ស្ដីពីការប្រឆាំង ការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកកាលនៃកម្ពុជាប្រជាធិបតេយ្យ ឱ្យបានម៉ឺងម៉ាត់បំផុត ។