(ខេត្តសៀមរាប)ការបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋជាង៥០០ហិតានៅក្នងស្រុកក្រឡាញ់ សម្រេចបានជាង៧០%ហើយ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។
ខេត្តសៀមរាប៖ មូលហេតុ មកពីអាកាសធាតុមានការប្រែប្រួល បណ្តាលឲ្យកើតមានឡើងនូវកូនរដូវប្រាំង ធ្វើឲ្យមានផលប៉ះពាល់ដល់ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ ជាពិសេសស្រូវតែម្តង។ជាក់ស្តែង ដំណាំស្រូវរបស់ប្រជាពលរដ្ឋជាង៥០០ហិកតា ស្ថិតនៅក្នុងឃុំតាអាន និងឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ នៃខេត្តសៀមរាប ដែលកំពុងទទួលរងគ្រោះដោយសារខ្វះខាតទឹកនោះ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលាពីក្រសួងធនធានទឹក និងឧតុនិយម ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន០៤គ្រឿង សម្រាប់អន្តរាគមន៍បូមទឹក និង អ៊ិចស្កាវាទ័រចំនួន០៣គ្រឿង សម្រាប់កាយប្រឡាយទឹក។
លោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តសៀមរាប បានឲ្យដឹងថា ស្ថានភាពខ្វះខាតទឹក ស្ថិតនៅក្នុងឃុំតាអាន និងឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ នៃខេត្តសៀមរាបនេះ មានរយៈពេលជាងមួយសប្ដាហ៍កន្លងមកហើយ ដោយសារមិនមានភ្លៀងធ្លាក់។លោកបន្តថា តាមរយៈនេះក្រុមការងារជំនាញបាននិងកំពុងបូមទឹក ដើម្បីជួយសង្រ្គោះស្រូវរបស់ប្រជាពលរដ្ឋ រហូតមកដល់ថ្ងៃនេះ ដំណើការបានប្រមាណ៧០ភាគរយហើយ ដោយរំពឹងថា នៅសល់រយៈពេល២ថ្ងៃទៀតនិងរួចរាល់ជាស្ថាពរ។
សំឡេង៖ទៅបូមនៅក្រឡាញ់ បូមជាក់ស្តែង ប្រជាជនស្នើមកមន្ទីរ នៅហ្នឹងយើងមើលទៅវាប៉ះពាល់ជាង៥០០ហិតា តែឥលូវបានជិត៧០%ហើយ បាន៤០០ហិតាហើយ ពីរថ្ងៃទៀតទទួលបានហើយ ហើយយើងនិងធ្វើបន្តទៀត ព្រោះឥឡូវទឹកហូរចូលបណ្តាញប្រឡាយហើយ ខ្ញុំសំណូមពរឲ្យមានការចូលរួមឲ្យបានសស្រាក់សស្រាំ លើស្រែរបស់ខ្លួន បើកមុខទឹកបន្ថែមតាមស្រែរបស់ខ្លួនផង មានការចូលរួមច្រើនហើយ តែចង់ឲ្យបានច្រើនបន្ថែមទៀត វាងាយស្រួលទឹកហូចូល។
សូមជម្រាបថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២០នេះ នឹងមានកូនរដូវប្រាំងកើតឡើង ចាប់ពីពាក់កណ្តាលខែកក្កដា រហូតដល់បំណាច់ខែកក្កដា ឆ្នាំ២០២០។បន្ទាប់ពីនោះ ស្ថានភាពអាកាសធាតុនឹងត្រឡប់មកប្រក្រតីឡើងវិញ ដោយភ្លៀងក៏និងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃប្រទេស៕
ប្រភព៖ www.information.gov.kh