ការធ្វើល្បាតរួមគ្នាមួយរវាងកងទ័ពរុស្ស៊ី និងតួកគី នៅក្នុងខេត្ត (អាល់ហាសាកា) របស់ប្រទេសស៊ីរី
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។
មន្រ្តីមកពីមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សារភាគីប្រឆាំងនៅក្នុងប្រទេសស៊ីរី លោក Alexander Kazakov បានប្រាប់អ្នកសារព័ត៌មានថា កងទ័ពរបស់រុស្ស៊ី នឹងតួកគីបានបំពេញបេសកកម្មល្បាតរួមគ្នាមួយនៅក្នុងខេត្តអាល់ហាសាកា (Al Hasakah) របស់ប្រទេសស៊ីរី ដោយអនុលោមតាមអនុស្សរណៈមួយដែលបានអនុម័តដោយប្រធានាធិបតីរុស្ស៊ី និងតួកគី។
លោក Kazakov បាននិយាយថា «ការល្បាតរួមគ្នារបស់រុស្ស៊ី – តួកគីមួយផ្សេងទៀតបានធ្វើឡើងស្របតាមអនុស្សរណៈឆ្នាំ២០១៩។ទីតាំងចំនួន៥ ត្រូវបានត្រួតពិនិត្យនៅលើផ្លូវល្បាតប្រវែង៥៥គីឡូម៉ែត្រ»។
ការល្បាតពិសេសនេះមានការចូលរួមពីឧទ្ធម្ភាគចក្រ Mil Mi-8 របស់រុស្ស៊ីចំនួន ២គ្រឿង។ គោលដៅនៃបេសកកម្មនេះ គឺដើម្បីធ្វើឱ្យប្រាកដថា មិនមានកងជីវពលឃឺដនៅតាមបណ្តោយព្រំដែនតួកគី ពីព្រោះយោងតាមអនុស្សរណៈនេះ ពួកគេគួរតែនៅឆ្ងាយពីតំបន់ការពារការប៉ះទង្គិចចម្ងាយ ៣០គីឡូម៉ែត្រ។ បន្ទាប់ពីបេសកកម្មបានបញ្ចប់ មន្ត្រីយោធារុស្ស៊ី និងតួកគីបានធ្វើការពិគ្រោះយោបល់គ្នាដើម្បីពិភាក្សាអំពីផ្លូវនៃការល្បាតរួមគ្នាបន្ទាប់ទៀត។
កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៩ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងលោក Recep Tayyip Erdogan ប្រធានាធិបតីប្រទេសតួកគី បានអនុម័តទៅលើអនុស្សរណៈយោគយល់គ្នាមួយស្តីពីសកម្មភាពរួមគ្នាសំដៅដោះស្រាយស្ថានការណ៍នៅភាគឦសាននៃប្រទេសស៊ីរី។ យោងតាមឯកសារនេះ ប៉ូលិសយោធារុស្ស៊ី នឹងកងទ័ពស៊ីរីត្រូវបានគេដាក់ពង្រាយទៅតំបន់ដែលនៅជិតតំបន់សុវត្ថិភាពតួកគី។ កងទ័ពរុស្ស៊ី នឹងតួកគីបានចាប់ផ្តើមល្បាតរួមគ្នានៅខាងកើតទន្លេអឺប្រាត (Euphrates) កាលពីថ្ងៃទី ១ ខែវិច្ឆិកា។ លើសពីនេះទៀត ទីក្រុងមូស្គូ និងទីក្រុងអង់ការ៉ា បានឯកភាពគ្នាកាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២០ អំពីបទឈប់បាញ់គ្នាមួយដែលនឹងត្រូវប្រកាសនៅក្នុងខេត្តអ៊ីដលីប ហើយវិធានការមួយចំនួនទៀតដែលនឹងត្រូវបានធ្វើឡើងដើម្បីធ្វើឱ្យស្ថានភាពមានភាពប្រសើរឡើងនៅក្នុងខេត្តនេះ៕
ប្រភព៖ www.information.gov.kh