ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី៖ ក្រសួងចេញប័ណ្ណកម្មសិទ្ធិលើដីរដ្ឋសម្រេចបានចំនួន២,១១៨ប័ណ្ណ ស្មើនឹង៨៧ ម៉ឺនហិកតា
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ថា គិតមកទល់ពេលនេះ ក្រសួងរៀបចំដែនដីនគរូប នីយកម្ម និងសំណង់បានចេញប័ណ្ណកម្មសិទ្ធិលើដីរដ្ឋបានចំនួន២,១១៨ប័ណ្ណ ស្មើនឹង៨៧ ម៉ឺនហិក តា ដែលក្នុងនោះ ដីសម្បទានសេដ្ឋកិច្ច មាន២,០១១ប័ណ្ណ ស្មើនឹង៧៤ម៉ឺនហិកតា និងដីរដ្ឋផ្សេងៗទៀតបាន១០៧ប័ណ្ណស្មើនឹង១៣ម៉ឺនហិកតា។ ដោយឡែកនៅខេត្តមណ្ឌល គិរី ក្រសួងរៀបចំដែនដីបានចេញប័ណ្ណកម្មសិទ្ធិលើដីរដ្ឋបានចំនួន១៦៧ប័ណ្ណ ទំហំប្រមាណ១៥ម៉ឺនហិកតា។ ការគូសបញ្ជាក់របស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីនេះ ធ្វើឡើងក្នុងការអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីអំពីការងារចុះបញ្ជីដីរដ្ឋ ការចុះបញ្ជីដី ឯកជនរបស់ប្រជាពលរដ្ឋ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី ការកាត់ឆ្វៀលដី និងការរៀបចំផែនការប្រើប្រាស់ដី ខេត្តមណ្ឌលគិរី ដែលមានការចូលរួមពី ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំអន្តរក្រសួងនាពេលនេះគឺក្នុងគោលបំណងដើម្បីជជែកពិភាក្សាពីការងារចុះបញ្ជីដីរដ្ឋ ចុះបញ្ជីដីឯកជនរបស់ ប្រជាពលរដ្ឋ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី ការកាត់ ឆ្វៀលដី និងការរៀបចំផែនការប្រើប្រាស់ដី ក្នុងខេត្តមណ្ឌលគិរី។ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានព្រមទាំងសហការីដែលបានសហការនិងផ្តល់ការគាំទ្រទៅវិញទៅមកចំពោះទិសដៅ ស្ថានភាព និងសកម្មភាពក្នុងការទទួលខុសត្រូវបំពេញភារកិច្ចស្របតាមជំនាញរៀងៗខ្លួនបានយ៉ាងល្អប្រសើរ។ ឯកឧត្ដមបានលើកឡើងថា ក្រសួងបានបង្កើតគណៈកម្មការគាំទ្រការចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ដោះស្រាយវិវាទដីធ្លី និងរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរីដែលមានសមាសភាពសរុប៣១៣រូប ចែកចេញជា៤អនុគណៈកម្មការ និងក្រុមការងារចុះបញ្ជីដីមាន១២ក្រុម ស្មើនឹង២២៥រូប។ ទន្ទឹមនេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក៏បានសហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងអាជ្ញាធរខេត្តមណ្ឌលគិរី ចាត់ចែងពន្លឿនការងារចុះបញ្ជីដីរដ្ឋ ការដោះស្រាយវិវាទដីធ្លី និងការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបន្ដថា គណៈកម្មការនេះនឹងចុះបំពេញការងារចាប់ ពីថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២០ដើម្បីជំរុញពន្លឿនការងារចុះបញ្ជីដីរដ្ឋ ចុះបញ្ជីដីឯកជនរបស់ប្រជាពលរដ្ឋ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដោះស្រាយវិវាទដីធ្លីនិងរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរីដែលនៅសេសសល់ក្នុងភូមិទាំង៤៦ដែលបានចុះបញ្ជីរួច ភូមិចំនួន១០ដែលកំពុងដំណើរការចុះបញ្ជីនិងដំណើរការចុះបញ្ជីក្នុងភូមិចំនួន៣៦ផ្សេងទៀតផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូប នីយកម្មនិងសំណង់បានឱ្យដឹងថា គិតមកទល់ខែកក្កដា ឆ្នាំ២០២០ ការងារចុះបញ្ជីដីធ្លីនៅខេត្ត មណ្ឌលគិរី ទទួលបានលទ្ធផលដូចជា ៤៦ភូមិត្រូវបានចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិរួចរាល់លើផ្ទៃដីទំហំ១៩១ពាន់១៨ហិកតាស្មើនឹង២៤,២១៨ប័ណ្ណ ក្នុងនោះការចុះបញ្ជីដីជូន ប្រជាពលរដ្ឋលើផ្ទៃដីទំហំប្រមាណ៣៩,២២៦ហិកតា ស្មើនឹង២៣,៧៥៥ប័ណ្ណ។ ចុះបញ្ជីដីរដ្ឋ ទំហំប្រមាណ១៤៥ពាន់៦៣៣ហិកតា ស្មើនឹង១៦៧ប័ណ្ណ។ ដីសហគមន៍ជនជាតិដើម ភាគតិចចុះបញ្ជីបាន៧សហគមន៍លើផ្ទៃដីទំហំ៦,១៥៦ហិកតា ស្មើនឹង២៧៨ប័ណ្ណ និងមាន១០ភូមិកំពុងដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ ចំពោះដីសហគមន៍ជនជាតិដើមភាគតិចចំនួន៦សហគមន៍ ដែលកំពុងដំណើរការ និងបានបញ្ចប់ការបិទផ្សាយជាសាធារណៈរួចរាល់ហើយ។ ជាមួយគ្នានេះ ការដោះស្រាយវិវាទដីធ្លីគឺដោះស្រាយបាន២២ករណីនិងកំពុងបន្តដោះស្រាយចំនួន៣៨ករណី៕
ប្រភព៖ www.information.gov.kh