គួឱ្យភ្ញាក់ផ្អើល លោក សុះ ម៉ាច ស្រាប់តែធ្លាក់ខ្លួនឈឺ ដើរលែងរួច
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។
ភ្នំពេញ៖ ប្រិយមិត្តធ្លាប់ស្គាល់ហើយតារាចម្រៀងជើងចាស់ និងជាអតីតប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ រហូតត្រូវសម្រាកនៅលើគ្រែ ព្រោះតែជំងឺរលាកសន្លាក់ធ្ងន់ធ្ងរ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។
លោក សុះ ម៉ាច បានបង្ហោះរូបភាពមួយសន្លឹក បង្ហាញពីស្ថានភាពជំងឺត្រូវសម្រាកលើគ្រែ ដែលមានភ្ជាប់ដោយសំណេរបញ្ជាក់មូលហេតុថាដល់វគ្គដេកស៊ី ព្រោះដើរមិនរួច ខ្វិនបានសម្រេចហើយ។ ក្រោយពិនិត្យលទ្ធផលតេស្តឈាមនិងកាំរស្មីអ៊ិច គឺពុំមានសញ្ញាអ្វីធំដុំទេ អាស៊ីដឡើងតិចតួច ឈាមខ្លាញ់បេះដូងធម្មតា គឺមកពីរលាកសន្លាក់ធ្ងន់ធ្ងរ។
លោកបានបញ្ជាក់ថា ខានឈឺយូរហើយ ទើបតែពេលនេះ គឺឈឺធ្ងន់តែម្តង ព្រោះតែកន្លងមក លោកបានធ្វើការងារច្រើន មិនប្រមាណកម្លាំង។ មានអ្នកសិល្បៈមួយចំនួន បានផ្ញើសារសួរសុខទុក្ខតារាចម្រៀងរូបនេះផងដែរ។ លោកក៏អរគុណសម្រាប់ការខ្វល់ខ្វាយចិត្ត និងសួរសុខទុក្ខ ពិសេសកូនស្រីច្បងបណ្តូលចិត្ត ដែលបានបារម្ភពីលោក។
សូមបញ្ជាក់ដែរថា ក្រោយពីបញ្ចប់អាណត្តិជាប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច នៅតែបន្តការងារមនុស្សធម៌មួយចំនួន ទៅកាន់សិល្បករចាស់ជរា តាមរយៈការជួយផ្ទាល់ពីសប្បុរសជនដែលផ្តល់ថវិកាមកលោកផ្ទាល់ និងការងារមួយចំនួន ក្នុងនាមជាក្រុមប្រឹក្សាភិបាលសមាគមសិល្បករ បច្ចុប្បន្នដែលមានអ្នកស្រី ចន ច័ន្ទលក្ខិណា ជាប្រធានវិញ ៕
ប្រភព៖ប្រភព៖www.rasmeinews.com