ឯកឧត្ដម ឃួងស្រេង និងលោកជំទាវផ្ដល់កិត្ដិយសទទួលទាននំបញ្ចុកសន្តិភាពជាមួយក្រុមជនរងគ្រោះនិងងាយរងគ្រោះចំនួន៤០០នាក់នៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ១១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០។
ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០
ឯកឧត្ដម ឃួងស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវនៅថ្ងៃទី២៩ ខែសីហានេះ បានដឹកនាំក្រុមការងារចុះរៀបចំកម្មវិធីទទួលទាននំបញ្ចុកសន្តិភាពជូនដល់ក្រុមជនរងគ្រោះនិងងាយរងគ្រោះចំនួន៤០០នាក់ដែលកំពុងសំចតនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ដើម្បីបង្ហាញពីការអាណិត ស្រឡាញ់ និងយកចិត្តទុកដាក់ថែទាំជូនជន
រងគ្រោះទាំងនេះ។
នៅក្នុងឱកាសនោះ ឯកឧត្ដម អភិបាលរាជធានីបាន សម្តែងការអាណិតស្រលាញ់ ដោយអះអាងថា រាជរដ្ឋាភិបាលបានយកចិត្តទុក្ខដាក់ជាខ្លាំងក្នុងការផ្គត់ផ្គង់ជីវភាព ការថែទាំសុខភាពដើម្បីឱ្យពួកគេបានរស់នៅក្នុងស្ថានភាពកាន់តែប្រសើរ។
មន្រ្តីក្រសួងសង្គមកិច្ចបានឱ្យដឹងថា មជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺនេះក្រៅពីមានអគារស្នាក់នៅកន្លែងផ្តល់សេវា ថែទាំងសុខភាពដល់ជនវិកលចរិក ជនអនាថា ដែលជនរងគ្រោះនិងងាយរងគ្រោះនោះក៏មានការផ្តល់ជំនាញវិជ្ជាជីវៈដល់ពួកគេផងដែរ ដើម្បីឱ្យពួកគេពេលសមាហរណកម្មត្រលប់ទៅសហគមន៍វិញមានមុខជំនាញ ច្បាស់ លាស់ ដែលអាចរកប្រាក់ចំណូលបាន ដោយខ្លួនឯងដើម្បីលើកកម្ពស់ជីវភាពនៅក្នុងសង្គម។
ក្រុមជនរងគ្រោះ ជនងាយរងគ្រោះ ឬជនវិកលចរិកដែលរស់នៅក្នុងមជ្ឈមណ្ឌលនេះភាគ ច្រើន គឺគ្មានសាច់ញាតិថែទំាងឱ្យបានដិតដល់ឡើយ ដោយពួកគេរស់នៅដោយអនាថាតាម សំយាបផ្ទះ សួនច្បារ ឬដើរត្រាច់ចរនៅតាមទីសាធារណៈជាដើម។
សូមបញ្ជាក់ថា នៅក្នុងកម្មវិធីទទួលទាន នំបញ្ចុកសន្តិភាពជូនដល់ក្រុមជនរងគ្រោះ និងងាយរងគ្រោះចំនួន៤០០នាក់នៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ឯកឧត្តមអភិបាល និងលោកជំទាវ បានចែកជូនក្រមា និងថ្នាំពេទ្យដើម្បីទុកបង្ការនិងព្យាបាលជំងឺជាដើម ៕
ប្រភព៖ www.information.gov.kh