January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ ដែល មានចំនួន៥ជំពូកនិង១៦មាត្រា ត្រូវបានសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័ត

សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ ដែល មានចំនួន៥ជំពូកនិង១៦មាត្រា ត្រូវបានសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័ត

សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ ដែល មានចំនួន៥ជំពូកនិង១៦មាត្រា ត្រូវបានសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័ត

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។

(ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០)

សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ ដែល មានចំនួន៥ជំពូកនិង១៦មាត្រា ត្រូវបានសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័ត កាលពិថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៣ ការគ្រប់គ្រងបំណុលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាគឺមានភាពប្រយ័ត្នប្រយែង ច្បាស់លាស់ និងម៉ត់ចត់ ដោយផ្អែកលើគោលការណ៍គន្លឹះចំនួន៤ រួមមាន៖ ១) ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកានិងសេដ្ឋកិច្ចអាចទ្រាំទ្របាន។ ២) ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់។ ៣) ខ្ចីសម្រាប់វិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម និង ៤) ប្រើប្រាស់ឥណទានប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់បំផុត។

ជាមួយគ្នានេះដែរ យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ឆ្នាំ២០១៩-២០២៣ នៅតែបន្តអនុវត្តន៍គោលការណ៍គន្លឹះទាំង៤ ព្រមទាំងបានបន្ថែមនូវ គោលការណ៍គន្លឹះទី៥មួយទៀត គឺ ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដារ និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ក៏ដូចជាឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេសធានាបានូវចីរភាពសេដ្ឋកិច្ច សង្គម បរិស្ថាន និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

សេចក្ដីប្រកាសព័ត៌មានបានបន្តថា ក្នុងបរិការណ៍បច្ចុប្បន្ន ដោយពិនិត្យមើលនូវបញ្ហាប្រឈមពីកត្តាខាងក្រៅនិងខាងក្នុងមួយចំនួន ដែលអាចបង្កផលប៉ះពាល់ជាយថាហេតុលើស្ថានភាពបំណុលសាធារណៈ ជាមួយនឹងគោលដៅនៃការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទាន ស្របទៅតាមភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងការសម្លឹងឆ្ពោះទៅរកការប្រែក្លាយពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាពេលខាងមុខ ការចាប់ផ្តើមសាកល្បងបោះផ្សាយមូលបត្ររដ្ឋ ដើម្បីកៀរគរទុនពីទីផ្សារមូលបត្រក្នុងនិងក្រៅប្រទេសមកបំពេញសេចក្តីត្រូវការនូវធនធាននិងហិរញ្ញប្បទាន គឺជាកាលានុវត្តភាពនិងអាទិភាពថ្មីសម្រាប់កម្ពុជា។

មូលបត្ររដ្ឋគឺជាឧបករណ៍ហិរញ្ញវត្ថុសំខាន់មួយ សម្រាប់បម្រើឱ្យរាជរដ្ឋាភិបាលក្នុងការកៀរគរហិរញ្ញប្បទានទាំងក្នុងស្រុកនិងក្រៅស្រុកពីវិស័យឯកជន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍បច្ចុប្បន្ននៃការអនុវត្តជាក់ស្តែង ទាំងផ្នែកបច្ចេកទេសគ្រប់គ្រងប្រតិបត្តិការចំណូល-ចំណាយ ផ្នែកលក្ខខណ្ឌ និងបទដ្ឋានគតិយុត្តថ្មីនៃប្រព័ន្ធទីផ្សារមូលបត្ររបស់កម្ពុជា ព្រមទាំងសេចក្តីត្រូវការថ្មីៗរបស់វិស័យឯកជន រាជរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ(ថ្មី)នេះឡើង ដោយធ្វើនិរាករណ៍ច្បាប់ស្តីពីមូលបត្ររដ្ឋឆ្នាំ២០០៧ ទាំងស្រុង។

សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តន៍ចំពោះការបោះផ្សាយ ការជួញដូរ និងការគ្រប់គ្រងមូលបត្ររដ្ឋដែលបោះផ្សាយក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទាំងនៅក្នុងនិងក្រៅព្រះរាជាណាចក្រកម្ពុជា និងជាមូលដ្ឋានគតិយុត្តគ្រប់ជ្រុងជ្រោយមួយ និងស្របតាមតម្រូវការនៃតថភាពជាក់ស្តែងក៏ដូចជាបទប្បញ្ញត្តិពាក់ព័ន្ធដែលមានជាធរមាន សម្រាប់អនុញ្ញាតឱ្យរាជរដ្ឋាភិបាលប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុជាមូលបត្ររដ្ឋនេះ ក្នុងការកៀរគរហិរញ្ញប្បទានបន្ថែមពីវិស័យឯកជន ដើម្បីពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ឆ្លើយតបបានទៅនឹងតម្រូវការហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍទីផ្សារមូលបត្រ និងទីផ្សារហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចជាគាំទ្រដល់គម្រោងអាទិភាពនិងចាំបាច់ផ្សេងទៀត របស់រាជរដ្ឋាភិបាលនាពេលខាងមុខ៕

ប្រភព៖www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.