លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា បានស្នើដល់អាជ្ញាធរខេត្តស្វាយរៀងត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រង និងពង្រឹងវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ថែមទៀត
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។
ស្វាយរៀង ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០
លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានស្នើកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្ដស្វាយរៀង ត្រូវបង្កើន ពង្រឹង និងយកចិត្តទុកដាក់ជំរុញការអនុវត្តវិធានការរដ្ឋបាល និងការអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ថែមទៀត ចំពោះគោលដៅដែលងាយ ឬកើតមានបទល្មើសគ្រឿងញៀន ជាពិសេសមុខសញ្ញាលក់ និងចែកចាយគ្រឿងញៀន។ ការស្នើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។
លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា បានកោតសសើរដល់ក្រសួង ស្ថាប័ន គណៈកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀងនិងអង្គភាពពាក់ព័ន្ធទាំងអស់ដែល បានខិតខំរួមគ្នាប្រកបដោយការទទួលខុសត្រូវសម្រេចបាននូវលទ្ធផលបានល្អប្រសើរលើការងារត្រួតពិនិត្យគ្រឿងញៀន ដែលនាំមកនូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងកាល: ទេស:ដែលប្រទេសកម្ពុជានិងពិភពលោកកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកជំទាវ ឧត្តមសេនីយ៍ឯក បានសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបន្តខិតខំរួមគ្នាអនុវត្តន៍នូវទិសដៅការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រាប់ឆមាសទី២ ដើម្បីបន្តសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនជូនប្រជាពលរដ្ឋ ពិសេសសហការជាមួយប្រទេសជិតខាងបង្ក្រាបបទល្មើសឆ្លងដែន ត្រួតពិនិត្យសារធាតុគីមីផ្សំព្រោះឈ្មួញទុច្ចរិតអាចបង្វែរទៅកែឆ្នៃគ្រឿងញៀនខុសច្បាប់។ ទន្ទឹមនេះ ផ្សព្វផ្សាយអប់រំ ត្រួតពិនិត្យដល់អ្នកបើកបរ ពិសេសអ្នកបើកបររថយន្តធុនធ្ងន់ និងចូលរួមបង្ការទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩ ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ណែនាំដល់គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវបន្តផ្ដោតការយកចិត្តទុកដាក់ ចាត់តាំងអនុវត្តន៍ឱ្យបានកាន់តែខ្លាំងក្លាថែមទៀតនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គោលនយោបាយភូមិ ឃុំ សង្កាត់ “ស” គ្មានគ្រឿងញៀនពិសេសការចាត់តាំងអនុវត្តន៍វិធានការទាំង៥ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យបានម៉ឺងម៉ាត់បំផុត។ លោកជំទាវ ឧត្តមសេនីយ៍ឯកបានជំរុញឱ្យបន្តពង្រឹង និងពង្រីកកិច្ចសហការ និងចលនាឱ្យមានការចូលរួម និងគាំទ្រពីគ្រប់សមាសភាព នៃសង្គម សំដៅធ្វើយ៉ាងណាឱ្យគ្រប់ក្រុមគោលដៅទាំងអស់ បានទទួលការផ្សព្វផ្សាយអប់រំ និងយល់ដឹងកាន់តែច្បាស់អំពីច្បាប់ និងផលប៉ះពាល់ពាក់ព័ន្ធនឹងគ្រឿងញៀន ប៉ុន្តែរាល់សកម្មភាពចលនា ផ្សព្វផ្សាយអប់រំត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ជាពិសេសនៅតាមកាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ទីសប្បាយដ្ឋាននានា និងតំបន់ដែលមានលក្ខណៈស្មុគស្មាញ បើទោះបីជាទីតាំងខ្លះមិនដំណើរការដោយសារកូវីដ-១៩ក៏ដោយ។ ចំពោះមេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបង្កើនការអនុវត្តន៍ច្បាប់ឱ្យបានម៉ឺងម៉ាត់ និងត្រូវយកចិត្តទុកដាក់ធ្វើការអប់រំណែនាំ និងគ្រប់គ្រងកម្លាំងក្រោមឱវាទរបស់ខ្លួនឱ្យបានតឹងរ៉ឹងបំផុត។
លោកជំទាវ ឧត្តមសេនីយ៍ឯកបានរម្លឹកសាជាថ្មីម្ដងទៀតដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចៀសវាងឱ្យបានជាដាច់ខាតនូវ “កុំ៤” គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា បានស្នើដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រង និងក្ដាប់ឱ្យបានច្បាស់លាស់នូវមុខសញ្ញាលក់ និងចែកចាយគ្រឿងញៀន ជាពិសេសអ្នកចំណូលស្រុកមកស្នាក់នៅបណ្ដោះអាសន្ន ប្រកបមុខរបរផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបង្ក្រាបឱ្យបានទាន់ពេលវេលា ខណៈមានបទល្មើសកើតឡើង។
ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ដ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀងបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់កាល:ទេស:ណាក៏ដោយ ក៏នៅតែបន្តកែទម្រង់លើគ្រប់វិស័យដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិពិសេសការប្រយុទ្ធប្រឆាំងគ្រឿងញៀនសំដៅរក្សាសុខសុវត្ថិភាពជូនប្រជាពល រដ្ឋ។
ឯកឧត្ដមអភិបាលខេត្ដបានវាយម្លៃខ្ពស់នូវលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២០ និងបាន ស្នើសុំឱ្យអ្នកពាក់ព័ន្ធនៅខេត្តស្វាយរៀងបន្តអនុវត្តន៍ការងាប្រយុទ្ធប្រឆាំងគ្រឿងញៀនដូច ភ្លៀងរលឹម បង្កើនការផ្សព្វផ្សាយអប់រំបង្ការដល់ប្រជាពលរដ្ឋបានយល់ដឹងបន្ថែមទៀត និងបង្ក្រាបឧក្រិដ្ឋជនជួញដូរចែកចាយគ្រឿងញៀនទាំងជនបទ និងទីប្រជុំ៕
ប្រភព៖ www.information.gov.kh