ខេត្តព្រៃវែង៖ចាប់ខ្លួនប្តីប្រពន្ធ២នាក់ និងដកហូតថ្នាំញៀនចំនួន៣៨៧កញ្ចប់ នៅស្រុកពាមរក៌
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០។
ខេត្តព្រៃវែង ៖ ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន៣៨៧កញ្ចប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ឆែកឆេររកឃើញ និងដកហូតបានបន្ទាប់ពីធ្វើការឡោមព័ទ្ធ និងចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធ ដែលជាមុខសញ្ញាមេជួយដូរថ្នាំញៀនដ៏ធំនៅក្នុងស្រុកពាមរក៌ ។
ប្រតិបត្តិការចុះបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំមួយនេះបានធ្វើឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២ តុលា នៅចំណុចភូមិស្ទង់ស្លូត ឃុំអ្នកលឿង ស្រុកពាមរក៌ ខេត្តព្រៃវែង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រៃវែង និងមានការសម្របសម្រលពីលោក ទុង រតនា ព្រះរាជអាជ្ញាស្តីទីអមសាលាដំបូងខេត្តព្រៃវែង ដោយអនុវត្តវិធានញុះញង់។
លោកវរៈសេនីយទោ ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រៃវែង បានអោយដឹងថា ជនសង្ស័យ២នាក់ ប្តីប្រពន្ធដែលត្រូវបានចាប់ខ្លួន បុរសជាប្តីឈ្មោះ ស៊ូ សាលី អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ និងស្ត្រីជាប្រពន្ធឈ្មោះ ទូច ណាវី អាយុ២៨ឆ្នាំ មុខរបរមេផ្ទះ អ្នកទាំង២ មានទីលំនៅក្នុងភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង ។
លោក ផាត់ សុជោត បានអោយដឹងទៀតថា ក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យទាំង២ និងឆែកឆេរក្នុងផ្ទះរបស់ពួកគេ កម្លាំងរបស់លោកបានរកឃើញថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន៣៨៧កញ្ចប់ ស្មើនិងទម្ងន់១៦៦.៦៥ក្រាម ជាមួយគ្នានោះក៏ដកហូតបានម៉ូតូ១គ្រឿង ទូរសព្ទ័ដៃ៤គ្រឿង(ខូច០៣) ឧបករណ៍ជក់ថ្នាំញៀន០១សម្រាប់ និងថង់សម្រាប់ចែកចាយថ្នាំមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ប្តីប្រពន្ធ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿងចាត់ការបន្តទៅតាមនិតិវិធី ៕
ប្រភព៖ kohsantepheapdaily.com.kh