បន្ទាយមានជ័យ ៖ នគបាលឃាត់ខ្លួនបានជនសង្ស័យចំនួនពីរនាក់ ដោយសារជិះម៉ូតូដេញកាប់គេហើយមិនអស់ចិត្ត ដុតម៉ូតូគេចោលទៀត
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០។
បន្ទាយមានជ័យ ៖ នៅវេលាម៉ោង០៦ និង២៥នាទីថ្ងៃទី៣០ កញ្ញា កម្លាំងមូលដ្ឋានកងរាជអាវុធវត្ថក្រុងបានចុះធ្វើប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួនពីរនាក់ ព្រមទាំងដកហូតវត្ថុតាងកាំបិត១ដើម នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីមកសួរនាំ។
បើតាមលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណៈ មេបញ្ជាការការមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងថា ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ យោងតាមពាក្យបណ្ដឹងរបស់ដើមបណ្ដឹងឈ្មោះ ទូច សាមឿន អាយុ៣៨ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលជនទាំង២នាក់បានប្រព្រឹត្តករណីហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា កាលពីវេលាម៉ោង០៧ និង១០នាទីយប់ ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២០កន្លងទៅ ។
លោកបន្តថា ជនសង្ស័យទាំ២នាក់ ១-ឈ្មោះ ហេង រតនា ភេទប្រុស អាយុ១៨ឆ្នាំ និង២-ឈ្មោះ អ៊ឹង ឌីឌូ (ហាក់) ភេទប្រុស អាយុ១៧ឆ្នាំ និងបក្សពួកមួយចំនួនទៀត។ ក្រោយពីកម្លាំងជំនាញមូលដ្ឋាន អាវុធហត្ថក្រុងសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្សពួកខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូដេញកាប់ និងវាយបំផ្លាញ ថែមទាំងដុតម៉ូតូរបស់ជនរងគ្រោះឈ្មោះ គ្រិច ម៉ារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ និងឈ្មោះ ទ្រី ចាន់សាន ភេទប្រុស អាយុ១៦ឆ្នាំ ត្រូវជាកូនរបស់ដើមបណ្ដឹងខាងលើ បណ្ដាលឱ្យខូចខាតទាំងស្រុងពិតប្រាកដមែន។
លោកវរសេនីយ៍ត្រីយ៉ាន់ វណ្ណៈបានបញ្ជាក់ថា ជង់មិនភ្លេចកុកនោះទេ ឈ្មោះ ហេង រតនា ក៏មានដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទហិង្សាដោយចេតនាស្ថានទម្ងន់ទោសដោយសារមរណៈភាពនៃជនរងគ្រោះ ដែលប្រព្រឹត្តនៅក្លឹបកំសាន្តហ្គោលថោន ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ហើយគេចខ្លួនទៅនៅប្រទេសថៃរហូតដល់បច្ចុប្បន្ន។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង និងយោងតាមមានដីការបង្គាប់ឱ្យចាប់ខ្លួនផងនោះ ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ហើយដែរ៕
ប្រភព៖kohsantepheapdaily.com.kh