(កម្ពុជា)រដ្ឋសភាកំពុងបើកសម័យប្រជុំពេញអង្គពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ដែលបានអញ្ជើញចូលរួមមានចំនួន ១១៨រូប។
ក្នុងសម័យប្រជុំនាព្រឹកនេះដែល រដ្ឋសភាបានលើកយករបៀបវារៈ ចំនួន ៤ មកធ្វើការពិភាក្សា និងអនុម័ត ដែលមាន៖ ១. សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ២. សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ៣. សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ ៤. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩៕