កំពង់ឆ្នាំង ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីលើកទឹកចិត្តដល់ស្ដ្រីឱ្យបង្កើនសមត្ថភាពដើម្បីចូលរួមបម្រើសង្គមជាតិ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។
កំពង់ឆ្នាំង ៖ ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញលើកទឹកចិត្តដល់ស្ដ្រី ត្រូវមានទំនុកចិត្តខ្ពស់លើខ្លួនឯងបង្កើនសមត្ថភាព ជំនាញបានកាន់តែខ្លាំង ដើម្បីជំរុញតួនាទីខ្លួន ក្នុងកិច្ចការងារសង្គម។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន មានប្រសាសន៍បែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពី សមិទ្ធផលនិងផែនការសកម្មភាព ឆ្លើយតបនឹងអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រ សម្រាប់ប្រព័ន្ធ ផ្សព្វផ្សាយ ថ្នាក់ក្រោមជាតិ ដែលរៀបចំឡើងដោយ ក្រុមការងារបច្ចេកទេសយេនឌ័រ ក្រសួងព័ត៌មាន ធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នាសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ថា សិក្ខាសាលានេះ មានសារៈសំខាន់ ក្នុងការ លើកស្ទួយតម្លៃស្រ្តីខ្មែរក្នុងសង្គម និងជំរុញការអភិវឌ្ឍស្ត្រីលើគ្រប់វិស័យ សំដៅបង្កើនការចូលរួម ដ៏សកម្មរបស់ស្ត្រី ក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការបន្តលើកកម្ពស់សមភាពយេនឌ័រ។ តាមរយៈកម្មវិធីបណ្តុះបណ្តាល បំពាក់បំប៉នជំនាញបច្ចេកទេស ការផ្តល់ឱកាសការងារដល់ស្ត្រី ដូចជាក្នុងវិស័យសេដ្ឋកិច្ចជាដើម ។ស្តី្រត្រូវតែបានចូលរួម មិនអាចខ្វះបាន ។ ឯកឧត្តមបានផ្តល់កម្លាំងចិត្តឱ្យនារីគ្រប់រូបត្រូវមានទំនុកចិត្តខ្ពស់លើខ្លួនឯង ត្រូវចេះជួយគ្នាទៅវិញទៅមក មានចិត្តទូលាយ ពិសេសបង្កើនសមត្ថភាព ជំនាញបានកាន់តែល្អប្រសើរ ដើម្បីជំរុញតូនាទីរបស់ខ្លួន ក្នុងកិច្ចការងារ តូច ធំ សម្រាប់អភិវឌ្ឍន៍សង្គមជាតិ ។
សូមបញ្ជាក់ថា ប្រធានបទនៃសិក្ខាសាលាថ្ងៃនេះ លើកឡើងអំពីសមិទ្ធផលទាំងឡាយ ដែល សម្រេចបានកន្លងមក ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រក្រោម អនុសញ្ញា លុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ នៅប្រទេសកម្ពុជា ហៅកាត់ថា CEDAW សំដៅការពារសិទ្ធិជាមូលដ្ឋានរបស់នារី និងកសាងផែនការសកម្មភាពបន្ត៕
ប្រភព៖www.information.gov.kh