ក្រុមកម្មករប្រមូលសំរាមក្រុមហ៊ុនស៊ិនទ្រីជាង១ពាន់នាក់ សម្រេចចិត្តមិនចូលធ្វើការ តាមការអំពាវនាវរបស់សាលារាជធានីភ្នំពេញវិញទេ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។
រាជធានីភ្នំពេញ ៖ បញ្ហាប្រមូលសំរាមដែលកកស្ទះក្នុងរាជធានីភ្នំពេញ គិតត្រឹមថ្ងៃនេះជិត១សប្តាហ៍ទៅហើយ នោះវាពិតជារឿងមិនល្អឡើយ ដោយសារនៅកន្លែងណាក៏ដូចកន្លែងណា គំនរសំរាមបានកើនឡើងខ្លាំងកំពុងជះក្លិនអសោចិ៍ប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ ។ កាលពីរសៀលថ្ងៃទី៧ តុលា វាហាក់ដូចជាដំណឹងល្អដែលថា កម្មករក្រុមហ៊ុនស៊ិនទ្រីលែងយកសំរាមធ្វើចំណាប់ខ្មាំងទៀតហើយ និងវិលទៅបំពេញការងាររបស់ខ្លួនឡើងវិញ ។
ទីបំផុត ការរំលត់អធិករណ៍នេះទទួលបរាជ័យដោយសារក្រុមកម្មករប្រមូលសំរាមក្រុមហ៊ុនស៊ិនទ្រីជាង១ពាន់នាក់ សម្រេចចិត្តមិនចូលធ្វើការ តាមការអំពាវនាវរបស់សាលារាជធានីភ្នំពេញវិញទេ ទោះបីមានការព្រមព្រៀងខ្លះក្តី ។ ពួកគេនៅតែរក្សាជំហរទាមទារលក្ខខណ្ឌការងារ៥ចំណុច ពីក្រុមហ៊ុននិងអាជ្ញាធរឲ្យបានជាមុនសិន ទើបពួកគេចូលធ្វើការវិញ ។
ការរំពឹងថា គំនរសំរាមទាំងឡាយនិងត្រូវសម្អាតនៅថ្ងៃទី៨ តុលា ចេញពីតាមដងផ្លូវហាក់ជាសុបិនមួយនៅឡើយ ។ ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃក្រុមហ៊ុនស៊ីនទ្រី លោក កៅ សុខវ៉ាត ប្រាប់នៅរសៀលថ្ងៃទី៧ ខែតុលាថា ក្រុមកម្មករប្រមូលសំរាមបានប្ដូរចិត្តមិនចូលធ្វើការវិញ ក្រោយពួកគេភាន់ច្រឡំចំពោះដំណោះស្រាយរបស់អាជ្ញាធររាជធានីភ្នំពេញ ដែលចេញមុខសម្របសម្រួលរឿងនេះ ។
លោកបន្តថា មូលហេតុដែលកម្មករមិនចូលធ្វើការវិញនេះ ដោយសារតែដំណោះស្រាយរបស់ពួកគាត់ ៥ចំណុច ដែលទាមទារក្នុងពេលធ្វើកូដកម្មមកដល់ពេលនេះនៅមិនទាន់ទទួលបានពីខាងភាគីក្រុមហ៊ុន និងអាជ្ញាធរនៅឡើយ ។អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង កាលពីថ្ងៃទី៧ ខែតុលា បានចុះទៅដោះស្រាយជាមួយក្រុមកម្មករប្រមូលសំរាមដែលឈរតវ៉ាមុខក្រុមហ៊ុននៅខណ្ឌដង្កោ ដោយនិយាយប្រាប់ពីដំណោះស្រាយ និងការសន្យារបស់សាលារាជធានីភ្នំពេញ ។
ក្នុងកំណត់ហេតុនៃការចរចារកដំណោះស្រាយវិវាទការងារមួយនេះ សរសេរថា សំណើរបស់កម្មករដែលទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ភាគីក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញជាអ្នកធានាខុសត្រូវ ។ សាលារាជធានីភ្នំពេញ ធានារក្សាការងារជូនកម្មករមិនឲ្យបាត់បង់ការងារឡើយ ទោះបីជាក្រុមហ៊ុនស៊ិនទ្រី ដេញថ្លៃបាន ឬមិនបានក៏ដោយ ។ ឯកឧត្តម ឃួង ស្រេង ក៏ស្នើឲ្យក្រុមកម្មករដែលចេញធ្វើកូដកម្មទាំងអស់ នាំគ្នាចូលធ្វើការងារវិញ ចាប់ពីថ្ងៃចរចាផ្ដល់ដំណោះស្រាយនេះតទៅ ។
១-ចំពោះសំណើរបស់កម្មករនិយោជិតទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ ។ ទី២-ចំពោះការងាររបស់កម្មករនិយោជិត ទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនបាត់បង់ឡើយ ទោះបីក្រុមហ៊ុនស៊ិនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ និងទី៣-សូមឲ្យកម្មករនិយោជិតទាំងអស់នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះតទៅ ។
ប៉ុន្ដែជាក់ស្ដែងនៅល្ងាចថ្ងៃទី៧ ខែតុលា ដដែលកម្មករនិយោជិត ដែលជាអ្នកបើកបររថយន្ត បានកែប្រែចិត្តមិនព្រមចេញរថយន្តទៅប្រមូលសំរាម តាមការព្រមព្រៀងនោះឡើយ ។ សូមបញ្ជាក់ថា ប្រាក់ឈ្នួលកម្មករបោសសំរាមតាមផ្លូវក្នុងម្នាក់ គឺមានចន្លោះពី៦០ម៉ឺនដល់៧០ម៉ឺនរៀល ។ កម្មករកើបសំរាមដាក់រថយន្តទទួលបានប្រាក់ឈ្នួល ចាប់ពី៧០ម៉ឺនដល់ ៨០ម៉ឺនរៀល ហើយអ្នកបើករថយន្តដឹកសំរាម គឺទទួលបានពី ២៥០ដុល្លារ ដល់៣០០ដុល្លារ ។
មន្ត្រីឃ្លាំមើលសិទ្ធិការងារលោក ឃុន ថារ៉ូ ត្រូវបានវិទ្យុមួយដកស្រង់សម្តីថា ក្នុងដំណាក់កាលនេះ សហជីពនិងក្រុមកម្មករគួរពិភាក្សាគ្នា ហើយងាកមកចូលធ្វើការជាធម្មតាវិញ ដើម្បីរក្សាស្ថិរភាពការងាររបស់ពួកគេ និងបន្តតាមដានព័ត៌មានដេញថ្លៃនៅពេលខាងមុខ ដែលមានក្រុមហ៊ុនចំនួន៣ប្រជែងគ្នា ក្នុងសេវាប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញនេះ ៕
Sourcing: kohsantepheapdaily.com.kh