ផ្លូវក្រវ៉ាត់ក្រុងទី៣សម្រេចបានសម្រេចប្រហែល៣៧% ដោយគ្រោងនិងបញ្ចប់នៅពេលឆាប់ៗនេះ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០។
ផ្លូវក្រវ៉ាត់ក្រុងទី៣សម្រេចបាន៣៧ភាគរយ ដោយគ្រោងនិងបញ្ចប់នៅពេលឆាប់ៗនេះ ដើម្បីបង្ករ លក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងធ្វើដំណើរដោយសុវត្ថិភាព បញ្ជៀសការកកស្ទះចរាចរណ៍ និង កាត់បន្ថយការចំណាយផ្សេង។
យោងតាមផេកហ្វេកប៊ុកផ្លូវការរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជាបានឲ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។រហូតមកដល់ពេលនេះ ផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចការសាងសង់បានជា៣៧ភាគរយហើយ ហើយតាមគម្រោង ការស្ថាបនានឹងប្រើរយៈពេល៤២ខែ ដែលគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងខ្សែទី៣ គឺជាផ្លូវដ៏សំខាន់ក្នុងការជួយកាត់បន្ថយការកកស្ទះ និងជួយសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញ ម្យ៉ាងទៀតគឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗរបស់មហាអនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍថែមទៀតផង។
សម្តេចបន្តថា គម្រោងសាងសង់ផ្លូវក្រវាត់ ក្រុងទី ៣នេះត្រូវស្ថាបនាផ្លូវដោយមានប្រវែងសរុប ៤៧.៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ ៤ គន្លង ដោយមានទទឹងតួផ្លូវសរុប២៥ម៉ែត្រ សម្រាប់ផ្លូវរថយន្ត៤គន្លង មានទទឹង៣.៥០ម៉ែត្រ /គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង ទទឹង២.២៥ ម៉ែត្រ/គន្លង ដោយចាប់ ពីផ្លូវជាតិលេខ៤ ម្តុំអូរដឹម ត្រង់គីឡូម៉ែត្រលេខ ១៤+ ១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយត្រូវងកាត់ផ្លូវជាតិលេខ ៣ត្រង់ ចំណុចគីឡូម៉ែត្រ លេខ២១+២០០កាត់ផ្លូវជាតិ លេខ២ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២២+៨០០ និងកាត់ផ្លូវ ជាតិលេខ២១ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨+ ៤០០ និងផ្លូវខ្នែងប្រវែង ៥.៣៧គីឡូម៉ែត្រ។
ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបាន ចុះកិច្ចសន្យាសាងសង់ ជាមួយ ក្រុមហ៊ុន សំណង់សៀងហៃចិន ក្នុងការអនុវត្តការងារសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នេះ ដែលនឹងមានការត្រួតពិនិត្យបច្ចកទេសដោយក្រុមហ៊ុន ក្វាងចូវវ៉ាន់អាន មកពីប្រទេសចិនផងដែរ។
ផ្លូវក្រវ៉ាត់ ក្រុងទី៣នេះ ជាខ្សែផ្លូវថ្មីមួយ ដែលតភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់ប្រទេសកម្ពុជា ដោយចាប់ពីស្ពានព្រែកព្នៅផ្លូវជាតិលេខ៥ ឆ្លងមកផ្លូវជាតិលេខ៤ (កំណាត់ផ្លូវនេះបានសាងសង់រួចរាល់ហើយ ដោយសាលារាជធានីភ្នំពេញ) ភ្ជាប់មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ និង ផ្លូវជាតិលេខ១ ដោយភ្ជាប់ទៅនឹងកំពង់ផែភ្នំពេញថ្មី ដែល បានសាងសង់ឡើង ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពី សាធារណរដ្ឋប្រជាមានិតចិនដូចគ្នា។ ផ្លូវក្រវាត់ក្រុងទី៣នេះ មានចម្ងាយត្រឹមតែជាង១គីឡូម៉ែត្រពីគម្រោងព្រលានយន្តហោះ៕