January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សម្តេចតេជោ ហ៊ុន សែន ធុញទ្រាន់នឹងការទិតៀន រឿងលុបបឹងតាមោក

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ១០កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១

សម្តេចតេជោ ហ៊ុន សែន ធុញទ្រាន់នឹងការទិតៀន រឿងលុបបឹងតាមោក
——————————————————————————
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការធុញទ្រាន់ចំពោះក្រុមជនមួយចំនួន ដែលនៅតែទិតៀន និងលើកឡើងពីការលុបបឹងសំរោង ហៅបឹងតាមោក ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ សម្រាប់សម្តេចតេជោ ហ៊ុន សែន ផ្ទៃដីភូមិសាស្ត្រនៃរាជធានីភ្នំពេញ គឺគ្រប់ដណ្តប់ដោយបឹងប្រឡាយ ហើយត្រូវអ្នកគ្រប់គ្រងប្រទេសជំនាន់មុនលុបជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ និងការកំណើនរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសអញ្ជើញសម្ពោធអគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំមានការធុញទ្រាន់ជាមួយការលើកឡើងច្រំដែលៗនៃមនុស្ស មួយចំនួន ដែលថាយើងលុបបឹង យើងលុបអានេះ យើងលុបអានោះ។ ឥឡូវខ្ញុំចង់សួរអស់លោកត្រឡប់ទៅវិញ តើទីក្រុងភ្នំពេញកាលពីដើមកន្លែងណាគោក កន្លែងណាទឹក នៅទីក្រុងភ្នំពេញសុទ្ធតែបឹងទាំងអស់ ផ្ទះខ្ញុំនៅ នៅលើព្រែកតែម្តង វិមានឯករាជ្យកសាងនៅកន្លែងព្រែកតើ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីលើកឡើងបន្ថែមថា «យើងមានបឹងរាំង បឹងព្រលិត បឹងកេងកង ចុះពេលនោះម៉េចក៏គេលុបបាន? ឥឡូវម៉េចក៏ខ្ញុំលុបមិនបាន។ ក្រែងត្រូវការអភិវឌ្ឍន៍ បើត្រូវការអភិវឌ្ឍន៍ វាត្រូវការលុប។ ជំនាន់មុនគេធ្វើបាន ជំនាន់ខ្ញុំធ្វើមិនបានហ្អី?»។
ពាក់ព័ន្ធនឹងផ្ទៃបឹងតាមោក សម្តេចតេជោ ហ៊ុន សែន បានប្រកាសបង្ហាញពីការសោកស្តាយក្នុងការចុះអនុក្រឹត្យមួយស្តីពីការកំណត់ផ្ទៃបឹងតែមោដនេះ ដោយជាន់លើផ្ទៃដីស្រែប្រាំងរបស់ប្រជាពលរដ្ឋ ព្រោះតែការកំណត់ថា «ផ្ទៃទឹកដល់ណា ផ្ទៃបឹងដល់នោះ»។
សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «និយាយពីបឹងតាមោកមួយខ្ញុំស្តាយនោះស្តាយ។ ស្តាយត្រង់ខ្ញុំចុះហត្ថលេខាលើអនុក្រឹត្យមួយខុស ធ្វើអនុក្រឹត្យមួយឱ្យឯងចុះហត្ថលេខាទឹកឡើងដល់ណា ព្រំដែនដល់នោះ។ ស្រាប់តែឥឡូវទៅមើលក្នុងអនុក្រឹត្យនោះ គឺសុទ្ធតែស្រែប្រាំងប្រជាជន។ ខ្ញុំនឹងកាត់បន្តទៅទៀតប្រាប់ឱ្យហើយ ព្រោះសុទ្ធតែស្រែប្រាំងប្រជាជន បើមិនកាត់ឱ្យ»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងផងដែរថា ការលុបបឹងសម្រាប់ការអភិវឌ្ឍន៍មិនមែនមានតែកម្ពុជានោះទេ នៅបណ្តាប្រទេសខ្លះ បានលុបរហូតដល់សមុទ្រថែមទៀត ដើម្បីយកដីទៅអភិវឌ្ឍន៍សំណង់ផ្សេងៗ។ សម្តេចតេចតេជោ បន្តថា «ប្រទេសនានា គេបូមដល់ទៅសមុទ្រ ពង្រីកសមុទ្រយកដីដើម្បីអភិវឌ្ឍន៍ទៅហើយ ម៉េចក៏កម្ពុជាធ្វើនេះក៏ខុស ធ្វើនោះក៏ខុស? ច្រណែនឬអ្វី?»
បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការទិទៀន និងការរិះគន់លើរឿងលុបបឹងតាមោក គ្រាន់តែជាទស្សនៈមនុស្សចំនួន ដែលមិនអាចរំខានដល់ការអភិវឌ្ឍន៍នោះឡើយ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា «រឿងអ្នកជេរ គេជេរទៅ រឿងយើងអ្នកធ្វើ គឺធ្វើ។ ខ្ញុំនិយាយតែនិយាយដដែលមានតែអ្នកឈ្នះប៉ុណ្ណោះ ដែលមានសិទ្ធិសរសេរប្រវត្តិសាស្ត្រ»។
បើទោះបីសម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រឱ្យមានការលុបផ្ទៃបឹងមួយចំនួន ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍ។ តែសម្តេចតេជោ មិនគាំទ្រឡើយចំពោះការលុបប្រឡាយ ស្ទឹង ដែលនាំបាំងមុខទឹក ឬបង្វែរមុខទឹកទៅតំបន់ផ្សេង ដែលទាមទារឱ្យមានការស្តារ ឬទម្លុះមុខទឹក។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជធានីភ្នំពេញ ដែលពីមុនផ្ទៃដីត្រឹមជាង៣០០គីឡូម៉ែត្រក្រឡានោះ ឥឡូវនេះបានពង្រីករហូតដល់ជាង ៧០០គីឡូម៉ែត្រក្រឡាហើយ។ សម្តេចតេជោ បានប្រកាសថា សម្តេចនឹងបន្តអភិវឌ្ឍន៍រាជធានីភ្នំពេញ ទៅបែកខាងជើង ខាងត្បូង និងទៅតំបន់អរិយក្សត្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍន៍បាននាំជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិផងដែរ។ ដូចជាក្រុមហ៊ុនឯកជនមួយកើតឡើង គឺផ្តល់ការងារជូនប្រជាពលរដ្ឋជាច្រើនកន្លែង ហើយក៏ផ្តល់ប្រាក់ពន្ធដល់រដ្ឋផងដែរ។
សូមបញ្ជាក់ថា ក្នុងមួយរយៈពេលចុងក្រោយនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចយកផ្ទៃបឹងតាមោកមួយចំនួនធំ ដើម្បីសាងសង់ទីស្តីការក្រសួងស្ថាប័នរដ្ឋ។ តែសម្តេចតេជោ ក៏បានកាត់យកផ្ទៃដីប្រមាណ ៥០ហិកតាមកវិញផងដែរ នាពេលថ្មីនេះ៕
ប្រភព ហ្វេសបុក

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.