តើខ្ញុំខុសអី?
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១
សេចក្តីបំភ្លឺព័ត៌មាន
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ សូមជម្រាប ជូនសាធារណជន បណ្ដាញទំនាក់ទំនងសង្គម នូវសេចក្តីបំភ្លឺព័ត៌មានបឋម ដូចខាងក្រោម៖
*ផ្អែកតាមមាត្រា៥៦ ការរៀបចំផ្ទុកទំនិញ ត្រូវអនុវត្ដដូចខាងក្រោម៖
១-ការផ្ទុកទំនិញលើយានជំនិះ ត្រូវរៀបចំឲ្យត្រឹមត្រូវដើម្បីការពារនឹង៖
-ការបង្កគ្រោះថ្នាក់ដល់មនុស្ស ឬការធ្វើឲ្យខូចទ្រព្យសម្បត្ដិសាធារណៈ ឬឯកជន ដោយការអូស ឬធ្លាក់តាមផ្លូវ
-ការបាំងភ្នែកអ្នកបើកបរឬការធ្វើឲ្យអន់ថយដល់លំនឹងយាន និងការបើកបរយាន
-ការបង្កឲ្យមានសំឡេង ឬការបង្កើនធូលី ឬការធ្វើឲ្យរំខានផ្សេងៗទៀតដែលអាចជៀសវាងបាន
-ការធ្វើឲ្យបាំងភ្លើងស្ដុប ភ្លើងសញ្ញាប្ដូរទិស កញ្ចក់ចាំងពន្លឺ និងផ្លាកលេខយានយន្ដ។
២-គ្រប់ឧបករណ៍ការពារបន្ថែមដូចជាខ្សែនីឡុង ខ្សែកាបច្រវាក់ និងកម្រាលសំពត់
តង់ដែលប្រើប្រាស់សម្រាប់សុវត្ថិភាព ឬការពារទំនិញ ត្រូវគ្របនិងចងឲ្យបានជាប់ល្អ។
៣-ក្នុងគ្រប់ករណីនៃការផ្ទុកវត្ថុផ្សេងៗដែលមានបណ្ដោយវែង បន្ទុកនោះមិនត្រូវឲ្យលូតហួសពីគែមខាងមុខនៃយាន និងមិនត្រូវឲ្យហួសពីគែមខាងក្រោយនៃយានប្រវែង៣(បី)ម៉ែត្រ ឬធ្លាក់អូសដីឡើយ។
៤-ប្រសិនបើបន្ទុកត្រូវលូតហួស១(មួយ)ម៉ែត្រពីគែមខាងក្រោយនៃយាន ពេលថ្ងៃត្រូវចង ក្រណាត់ពណ៌ក្រហម ពេលយប់ត្រូវដាក់កញ្ចក់ចាំងពន្លឺពណ៌ក្រហមនៅចុងបន្ទុក។ ទទឹងបន្ទុកមិនត្រូវឲ្យលើសហួសពីគែមទទឹងយាន ហើយកម្ពស់មិនត្រូវឲ្យហួសលើសពីដំបូលយានឡើយ លើកលែងតែរថយន្ដផ្ទុកមនុស្សចំនួនអតិបរមាត្រឹម២០(ម្ភៃ)នាក់ ដែលអាចផ្ទុកទំនិញកម្ពស់អតិបរមាត្រឹម០,៥០(សូន្យក្បៀសហាសិប)ម៉ែត្រពីលើដំបូល និងត្រូវមានជើងទម្រឬរនាំងចាប់ភ្ជាប់ដំបូលយ៉ាងរឹងមាំ។
ប្រសិនអ្នកបើកបរអនុវត្តផ្ទុយពីខ្លឹមសារនៃមាត្រា៥៦ សមត្ថកិច្ចអាចឃាត់ពិន័យ ពីបទល្មើសការផ្ទុក ដោយពិន័យ ១៥០.០០០៛ ចំពោះរថយន្តធុនស្រាល និង ៣០០.០០០៛ ចំពោះរថយន្តធុនធ្ងន់។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងចាត់វិធានការបន្តចំពោះករណីនេះ។
Facebook Sourcing