ខេត្តព្រះសីហនុ៖ មេក្លោងដើចាប់ដីអនាធិបតេយ្យ និងបក្សពួក១០នាក់ទៀតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១
ឃាត់ខ្លួនមេក្លោងចាប់ដីអនាធិបតេយ្យ និងបក្សពួក១០នាក់ នៅព្រះសីហនុ។
ខេត្តព្រះសីហនុ៖ ប្រភពពីសមត្ថកិច្ចនៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអោយដឹងថា នៅថ្ងៃទី២ ខែ កុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចខាងកងរាជអាវុធហត្ថខេត្តដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការឃាត់ខ្លួនមេក្លោងចាប់ដីអនាធិបតេយ្យនិងបក្សពួក១០នាក់ នៅតំបន់ (ពូយម៉ាចូវ ភូមិ គគីរ ឃុំ បិតត្រាង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ) ដកហូតបានអាវុធខ្លី ១ដេីម ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ មេក្លោងចាប់ដីអនាធិបតេយ្យមានឈ្មោះ កុយ ស៊ុន ជាអតីតឧត្ដមសេនីយ៍មួយរូប និង បក្សពួក តែងតែធ្វេីសកម្មភាពដេីរចាប់ដីរបស់ប្រជាជន និងដីរដ្ឋដោយខុសច្បាប់នៅភូមិ គគីរ ឃុំ បិតត្រាង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ដោយមានមេក្លោងធំនៅភ្នំពេញ នៅពីក្រោយខ្នង ។ ប្រភពពីសមត្ថភាពបានអោយដឹងទៀតថា ពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ នៅមានក្រុមអនាធិបតេយ្យជាច្រើនក្រុមទៀតកំពុងធ្វើសកម្មភាព ហេីយមេក្រុម អនាធិបតេយ្យខ្លះយកលុយទៅសូកធ្វេីទីប្រឹក្សាថ្នាក់ដឹកនាំក៏មាន ។
សូមបញ្ជាក់ថា៖ ករណីចាប់ដីអនាធិបតេយ្យនៅខេត្តព្រះសីហនុ បានកេីតឡេីងបន្ទាប់ពីវត្តមានវិនិយោគចិនចូលមកកាន់ខេត្តជាប់សមុទ្រមួយនេះ ។ ជាពិសេសវិវាទដីធ្លីបានក្លាយទៅជាបញ្ហាស្មុគស្មាញខ្លាំងដល់អាជ្ញាធរ ព្រោះដីខ្លះមានម្ចាស់រហូតដល់ជិត១០នាក់ក៏មាន ។ ជាទូទៅគេសង្កេតឃើញថា អ្នកណាមានអំណាច មានលុយ អ្នកនោះនឹងមានប្រៀបឈ្នះក្លាយជាម្ចាស់ដី ។ ចំណែកអ្នកតូចតាចក្លាយជាអ្នករងគ្រោះ ។