សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យអ្នកសារព័ត៌មានក្លាយជាបុគ្គលអាទិភាព ដែលត្រូវទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃច័ន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យអ្នកសារព័ត៌មានក្លាយជាបុគ្គលអាទិភាព ដែលត្រូវ ទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ព្រោះអ្នកសារព័ត៌មានជាជនដែលចល័តគ្រប់ទីកន្លែងដើម្បី ប្រមាញ់ព័ត៌មានជូនសាធារណជនជ្រាប ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងការមកដល់របស់វ៉ាក់សាំងការពារកូវីដ-១៩ កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្រសួងសុខាភិបាលត្រូវសហការជាមួយក្រសួងព័ត៌មាន ដើម្បីរៀបចំ ឱ្យអ្នកសារព័ត៌មានបានទទួលវ៉ាក់សាំង ដោយត្រូវចុះឈ្មោះនិងពិនិត្យមើលលក្ខខណ្ឌរបស់វ៉ាក់សាំង Sinopharm ដែលក្នុងនោះក៏ត្រូវមានអាយុចន្លោះចាប់ពី១៨ ដល់៥៩ឆ្នាំផងដែរ ។ បន្ថែមពីនេះទៀត ដើម្បីទទួលបានវ៉ាក់សាំងលឿន សម្រាប់អង្គភាពសារព័ត៌មានមួយចំនួន អាចធ្វើការទាក់ទងជាមួយក្រសួងសុខាភិបាលផ្ទាល់តែម្តង ។
« ការចាក់វ៉ាក់សាំងឱ្យអ្នកសារព័ត៌មាន សូមឱ្យក្រសួងសុខាភិបាលចាត់ទុក ក្រុមអ្នកយក ព័ត៌មាននេះ ជាក្រុមដែលត្រូវបានទទួលបានវ៉ាក់សាំង ព្រោះពួកគេរុករកគ្រប់ទីកន្លែងទាំងអស់ មិនដឹងថាមានហានិភ័យអ្វីខ្លះទេ អញ្ចឹងខ្ញុំសុំឱ្យអ្នកសារព័ត៌មានទាំងអស់ដែលមានអាយុត្រឹម៥៩ឆ្នាំ ចុះ មកទទួលវ៉ាក់សាំងដោយធ្វើការចុះឈ្មោះតាមអនឡាញ ហើយត្រូវមើលនៅក្នុងលក្ខខណ្ឌរបស់ គេ ដែលលក្ខខណ្ឌគេមានចំនួន១៤ លក្ខខណ្ឌ ដែលមិនអាចទទួលបានវ៉ាក់សាំងប៉ុន្តែក្នុង១៤នោះ មានចំណុចតែប៉ុន្មានទេដែលត្រូវយកចិត្តទុកដាក់ធំនោះ ព្រោះទី១ អាយុក្រោម ១៨ឆ្នាំអត់បានចាក់ទេ អញ្ចឹងយើងទាំងអស់គ្នាទៅដាក់ពាក្យនេះ គឺអាយុលើសពីនេះទៅហើយ »។
សូមបញ្ជាក់ថា បើតាមបទដ្ឋានជ្រើសរើសមនុស្សសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ–១៩គឺមិនត្រូវ អនុវត្តលើបុគ្គលដែលមានអាការៈដូចជា ៖ ស្ត្រីមានមានផ្ទៃពោះ ស្ត្រីបំបៅកូនដោយទឹកដោះ មនុស្សដែលមានអាយុក្រោម១៨ឆ្នាំ អ្នកមានអាការៈក្តៅខ្លួន មានជំងឺផ្លូវដង្ហើម ជំងឺហឺត ជំងឺថ្លើម ជំងឺតម្រងនោមធ្ងន់ធ្ងរ ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺប្រកាច់ និងជំងឺឆ្កួតជ្រូកជាដើម ៕