ឯកឧត្តម គង់ សោភ័ណ្ឌ៖ រដ្ឋបាលខេត្តកណ្ដាល ទទួលអំណោយពី ឧកញ៉ា ឡេង ណាវ៉ាត្រា សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃ ច័ន្ទ ៩កើត ខែ ចែត្រ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០២១
កណ្ដាល ថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អនុញ្ញាតឱ្យឧកញ៉ា ឡេង ណាវ៉ាត្រា និង ក្រុមការងារឆ្នោតមហាសំណាងខេត្តកណ្ដាល ចូលជួបសំណេះសំណាល និងនាំយកនូវ សម្ភារមួយចំនួន ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំង ក្នុងការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ការជួបសំណេះសំណាល និងប្រគល់សម្ភារនេះ ធ្វើឡើង នាព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារឆ្នោតមហាសំណាងខេត្តកណ្ដាល ដែលបានចំណាយថវិកា និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពីគុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួម ជាមួយអាជ្ញាធរខេត្ត ដោយអនុវត្តវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ក៏ដូចជាទូទាំងប្រទេសផងដែរ។
ឯកឧត្តមអភិបាលខេត្តក៏បានណែនាំឱ្យប្រជាពលរដ្ឋ ដែលបានដឹងខ្លួន ថាបានប៉ះពាល់ដល់ផ្ទាល់ ឬប្រយោល នៅព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ សូមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីមកធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មិនមានការចាំបាច់នោះទេ សូមបងប្អូនកុំចេញពីផ្ទះ និងមិនត្រូវនៅកន្លែងទីប្រជុំជនឡើយ ព្រោះថាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ យើងសង្កេតឃើញថានៅតែមានការកើនឡើងជាបន្តបន្ទាប់ នូវអ្នកដែលមានផ្ទុកជំងឺកូវីដ-១៩នៅឡើយ។
សូមបញ្ជាក់ថា អំណោយរបស់ ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានផ្ដល់ជូនដល់រដ្ឋបាលខេត្ដនេះ រួមមាន អាល់កុល១០កាន ម៉ាស១០ម៉ឺនម៉ាស អង្ករ១០តោន និង ថវិកា៣ម៉ឺនដុល្លារ ជូនដល់រដ្ឋបាលខេត្តកណ្ដាល និងអំណោយរបស់ក្រុមការងារឆ្នោតមហាសំណាងខេត្តកណ្ដាល រួមមាន អាល់កុល៥កាន ម៉ាស៣កេសធំ ទឹកសុទ្ធ២០កេស មីជាតិ៥កេសធំ និង អង្ករ១តោន៕
www.information.gov.kh