ឯកឧត្តម ឃួង ស្រេង៖ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញទាំងអស់នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទាំងអស់គ្នា
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ១៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ២០២១។
ភ្នំពេញ៖ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើក ឡើងថាប្រជាពលរដ្ឋទាំង អស់ដែលបាននិងកំពុងរស់នៅក្នុងរាជធានីភ្នំពេញ នឹងបានទទួលការចាក់បាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់គ្នា ដែលការចាក់វ៉ាក់សាំងនេះ នឹងត្រូវធ្វើឡើងជាដំណាក់កាល គ្រាន់តែមុននិងក្រោយតែប៉ុណ្ណោះ ហើយបើតាមប្រសាសន៍របស់សម្តេចតេជោហ៊ុន សែន វ៉ាក់សាំងសម្រាប់ចាក់ជូនបងប្អូនមិនខ្វះនោះទេ ។
ការបញ្ជាក់របស់ឯកឧត្តមឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី០៩ខែឧសភាឆ្នាំ២០២១នេះ ក្នុងឱកាសដែលឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកង យោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងចុះទៅពិនិត្យស្ថានភាពនៃចាក់វ៉ាក់សាំងការពារជម្ងឺកូវី-១៩ របស់កងទ័ពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៃសង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក ដើម្បីជំរុញឱ្យការចាក់វ៉ាក់សាំងនេះ ដំណើរការបានរលូន ជាមួយនឹងការរក្សាគម្លាតសុវត្ថិភាព កាត់បន្ថយបាននូវការរីករាលដាលជម្ងឺកូវីដ-១៩ផងដែរ។
ឯកឧត្តមឃួង ស្រេង បានលើកឡើងថា៖ ក្នុងយុទ្ធនាការនេះ អាជ្ញាធររាជធានីភ្នំពេញ បានសហការគ្នាបានយ៉ាងល្អ ជាមួយក្រុមប្រតិបត្តិយុទ្ធនា ការនៃការចាក់វ៉ាក់សាំង ក្នុងការរៀបចំទីតាំងចាក់វ៉ាក់សាំង នៅតំបន់ក្រហម នៅក្នុងខណ្ឌដែលមានការរីករាលដាលជម្ងឺកូវីដ-១៩ ដោយក្នុងតំបន់ក្រហមនេះ ត្រូវបានបែងចែកជាដំណាក់កាលនៃការចាក់ផងដែរ ។
លោកអភិបាលរាជធានីបញ្ជាក់ថា៖ ក្រោយពីចាក់ថ្នាំវ៉ាក់សាំងការពារកូវីត-១៩ ជូនបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីនៅតំបន់ក្រហមអស់ហើយ អាជ្ញាធររាជធានីភ្នំពេញ និងក្រុមប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នឹងចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ផ្សេង ទៀតនៅទូទាំងរាជធានីភ្នំពេញ មិនថាតំបន់លឿង លឿងទុំឬតំបន់ក្រហមនោះទេ ដោយយើងត្រូវចាក់ជាដំណាក់កាល ពោលគឺយើងត្រូវតែចាក់ជូនបងប្អូនប្រជា ពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ គ្រាន់តែមុននិងក្រោយតែប៉ុណ្ណោះ។ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ ។
ឯកឧត្តមឃួង ស្រេងបានបន្ថែមថា សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន បានគិតគូរណាស់ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ មិនត្រឹម តែផ្ដល់នូវការចាក់វ៉ាក់សាំងប៉ុណ្ណោះទេ នៅបានផ្ដល់ជាស្បៀងអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម បានជាង៣០ម៉ឺនគ្រួសារថែមទៀត។
ជុំវិញនៃការចាក់វ៉ាក់សាំងនេះ ឯកឧត្តមនាយឧត្តមសេ នីយ៍ ឥត សារ៉ាត់ ក្នុងខណៈចុះទៅពិនិត្យស្ថានភាពនៃចាក់វ៉ាក់សាំងការពារជម្ងឺកូវី-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៃសង្កាត់បឹងសា ឡាងនោះ ក៏បានស្នើឱ្យបង ប្អូនប្រជាពលរដ្ឋទាំងអស់ ថា បើមាននរណាម្នាក់ យកលុយពីការចាក់វ៉ាក់សាំងនេះ សូមរាយការណ៍ជាបន្ទាន់មកក្រុម ការងារ ដើម្បីយើងមានវិធាន ការចំពោះបុគ្គលដែលបានប្រព្រឹត្តខុសទាំងនោះ ព្រោះថា ការចាក់វ៉ាក់សាំង សម្ដេចតេជោនាយករដ្ឋមន្រ្តី មិនតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ បរិច្ចាគលុយកាក់ទៅលើការចាក់បាក់សាំងការពារកូវីដ-១៩ នោះទេ៕
www.information.gov.kh