January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារយោធា-សន្តិសុខឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២១ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ ចេញផ្សាយថ្ងៃអង្គារ៍ ១២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ​៦ ខែ​ កក្កដា ​ឆ្នាំ​២០២១។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារយោធា-សន្តិសុខឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២១ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាននៅគ្រប់បណ្តាស្ថាប័ន-កងឯកភាពទាំងអស់ចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ទោះជាក្នុងកាលៈទេសៈលំបាកនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងឆមាសទី១ ឆ្នាំ២០២១ នេះតែម្តង គឺនៅក្រោយព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលយើងកំពុងមានការប្រឈមខ្លាំង។ ក្នុងនេះ ទោះបីជាមានសកម្មភាពមួយចំនួនយើងមិនអាចអនុវត្តបាន ប៉ុន្តែចំពោះលទ្ធផលការងារជារួម គឺយើងនៅតែអាចរក្សាបាននូវប្រតិបត្តិការជាធម្មតា, ការត្រៀមលក្ខណៈរៀបរយក្នុងការបំពេញភារកិច្ច និងការចូលរួមនៅក្នុងកិច្ចការនានាទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដោយយើងបានខិតខំប្រឹងប្រែងសម្រេចបានគួរជាទីមោទនៈ ជាពិសេសនៅក្នុងការងារគ្រប់ភារកិច្ចសំខាន់ៗចាំបាច់ចំពោះមុខ ពាក់ព័ន្ធនឹងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ឯកឧត្តម បានបន្តថា ទោះនៅក្នុងកាលៈទេសៈដ៏លំបាកនេះ រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខ និងជាប្រធានគណៈកម្មការធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំការងារយ៉ាងសកម្ម និងជាប្រចាំក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ដោយបានចាត់វិធានការជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការព្យាបាល និងការរៀបចំធនធានដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមានជូនប្រជាពលរដ្ឋ រួមមានការដាក់ឱ្យដំណើរការយន្តការជំនួយសង្គមសម្រាប់ប្រជាជនដែលជួបការលំបាកផ្នែកជីវភាព ជាដើម។ ពាក់ព័ន្ធនឹងការងារលើកកម្ពស់សុខមាលភាពរបស់កងទ័ព ជាពិសេសការការពារជំងឺកូវីដ-១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ស្ថាប័ន-កងឯកភាពទាំងអស់ ដែលបានខិតខំអនុវត្តវិធានសុខាភិបាលក្នុងការគ្រប់គ្រងកម្លាំងក្នុងរយៈកាលកន្លងមកនេះ និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តរឹតបន្តឹងការអនុវត្តវិធានការទាំងនេះឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីការពារខ្លួននៅក្នុងជួរទ័ព, គ្រួសារទ័ព និងសហគមន៍។ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានដាក់នូវទិសដៅការងារបន្តចំពោះមុខ ដែលឆ្លើយតបនឹងបទបញ្ជាជាយុទ្ធសាស្ត្រថ្មីៗរបស់ សម្តេចតេជោ ក៏ដូចជាគោលការណ៍ណែនាំរបស់ក្រសួងការពារជាតិលើកិច្ចការនេះ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទបានសម្រេចដាក់ចេញនូវគោលការណ៍ភារកិច្ចជាក់ស្តែងមួយចំនួន ដូចខាងក្រោម៖

-កម្លាំងទាំងអស់នៅតាមព្រំដែន ត្រូវសហការជាមួយសមត្ថកិច្ចគ្រប់ជំនាញ ដើម្បីពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យរាល់ការចេញចូលរបស់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការនាំចូលនូវជំងឺកូវីដ-១៩ ប្រភេទថ្មី។

-អង្គភាពទាំងអស់ត្រូវបន្តចាត់វិធានការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងអង្គភាព តាមរយៈការគ្រប់គ្រងកម្លាំងឱ្យបានហ្មត់ចត់, ការត្រួតពិនិត្យការចេញ-ចូល, ការរៀបចំកន្លែងចត្តាឡីស័ក និងកន្លែងព្យាបាលកម្រិតស្រាល។

-ត្រូវប្រុងប្រៀបរៀបចំធ្វើតេស្តដល់យោធិននៅតាមបណ្តាអង្គភាព ដោយយកចិត្តទុកដាក់ជាពិសេសដល់កម្លាំងទាំងអស់ដែលចេញប្រតិបត្តិការតាមច្រកព្រំដែន, ពេទ្យយោធា, កម្លាំងចូលរួមចាក់វ៉ាក់សាំង និងកម្លាំងដែលចូលរួមប្រតិបត្តិការក្នុងតំបន់មានហានិភ័យខ្ពស់ ដូចជាតំបន់ក្រហម ជាដើម។

-បន្តភារកិច្ចដែលបានអនុវត្តកន្លងមក ក៏ដូចជាត្រៀមកម្លាំងដើម្បីចូលរួមអនុវត្តភារកិច្ចនៅពេលមានបទបញ្ជា ដូចជា៖ ការរៀបចំក្រុមគ្រូពេទ្យ, ការចូលរួមក្នុងការការពារ និងរក្សាសន្តិសុខនៅតាមមណ្ឌលចត្តាឡីស័ក, ការចូលរួមការបិទខ្ទប់នៅតាមបណ្តារាជធានី-ខេត្ត និងការដឹកជញ្ជូនពលករត្រលប់មកពីបរទេស។

-បន្តចូលរួម និងត្រៀមចូលរួមនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តាមផែនការរបស់រាជរដ្ឋាភិបាល៕

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.