ប្រវត្តិនៃការចូលព្រះវស្សារបស់ភិក្ខុ សាមណេរ នៅក្នុងព្រះពុទ្ធសាសនា
កណ្តាល៖ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០២១។
ប្រវត្តិនៃការចូលព្រះវស្សារបស់ភិក្ខុ សាមណេរ នៅក្នុងព្រះពុទ្ធសាសនា
១. ទស្សនៈទានទូទៅ
ការចូលវស្សាជារៀងរាល់ឆ្នាំ គឺប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែវស្សាជារដូវភ្លៀងដែលប្រជាពលរដ្ឋក៏ដូចជា ព្រះសង្ឃលំបាកក្នុងការធ្វើដំណើរ និងនិមន្តពីកន្លែងមួយទៅកន្លែងមួយ។ ព្រះពុទ្ធជាម្ចាស់បានត្រាស់ដាក់អោយភិក្ខុសង្ឃទាំងឡាយចូលវស្សារយៈពេល ៣ខែ ដើម្បីសិក្សារៀនសូត្រព្រះធម៌ ហើយពុទ្ធបរិស័ទជាអ្នកទំនុកបម្រុងព្រះសង្ឃនៅក្នុងពេលចូលព្រះវស្សា ៣ខែនេះ។ នៅរដូវចូលវស្សាគឺជាពេលវេលាដែលភិក្ខុសង្ឃទាំងឡាយ ត្រូវប្រតិបត្តិសិក្សាពីធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួន ។ នៅក្នុងថេរវេលានេះព្រះសង្ឃមិនត្រូវនិមន្តទៅណាឆ្ងាយនោះទេ ។អ្វីដែលសំខាន់មួយទៀតដែលព្រះពុទ្ធដាក់វិន័យសម្រាប់ព្រះសង្ឃនៅក្នុងពេលចូលព្រះវស្សានេះ គឺហាមដាច់ខាតមិនអោយនិមន្តចេញឆ្ងាយពីវត្តហួសពីប្រាំពីរថ្ងៃ នោះឡើយ ។
នៅសម័យពុទ្ធកាល នៅក្នុងរដូវចូលវស្សា ព្រះភិក្ខុ សាមណេរទាំងឡាយត្រូវតែនិមន្តគង់នៅក្នុងវត្តដោយពុំចាំបាច់និមន្តបិណ្ឌបាតនោះទេ ។ ក៏ប៉ុន្តែនៅក្នុងសម័យបច្ចុប្បន្ន ដោយសារការផ្គត់ផ្គង់មិនបានពេញបរិបូរណ៍ដូច្នេះព្រះសង្ឃអាចនិមន្តបិណ្ឌបាត និមន្តទៅសិក្សារៀនសូត្រ និមន្តទៅចូលរួមសកម្មភាពសង្គមអ្វីផ្សេងទៀត ដោយពុំមានអាបត្តិអ្វីដូចដែលធ្លាប់និយាយតៗគ្នានោះទេ វៀរលែងតែត្រាច់ទៅខុសកាល និងចូលអារាមវិញខុសកាល (មុនអារុណរះ) ។
២. ដើមកំណើតនៃការចូលព្រះវស្សា
ទាក់ទងទៅនិងការចូលព្រះវស្សានេះដែរ គឺមានដើមកំណើតតាំងពីព្រះសម្មាសម្ពុទ្ធគង់នៅមានព្រះជន្ននៅឡើយ ។ នៅសម័យកាលនោះ គឺមានរឿងរាវកើតឡើងក្នុងព្រះពុទ្ធសាសនា ទើបព្រះអង្គទ្រង់បញ្ញត្តិនូវការចូលព្រះវស្សានេះឡើង ។ ដូចនេះសូមលើកយកប្រវត្តិត្រួសៗ នៃពិធីបុណ្យចូលព្រះវស្សាដែលស្ថិតក្នុងវិន័យបិដកភាគ២ ទំព័រ ១ ដែលមានសំដែងនៅក្នុងវស្សូបនាយិកក្ខន្ធកៈ ។
នៅក្នុងសម័យកាលព្រះដ៏មានព្រះភាគគង់នៅវត្តវេឡុវ័ន ជាវត្តដែលសម្បូរទៅដោយដើមឬស្សី ឬហៅថាព្រៃឬស្សី (កលន្ទកនិវាបស្ថានទៀបក្រុងរាជគ្រឹះ) ។ គ្រានោះការនៅចាំព្រះវស្សាព្រះពុទ្ធមិនទាន់បានបញ្ញត្តិនៅឡើយទេ មានន័យថាមិនទាន់មានពិធីបុណ្យចូលព្រះវស្សានៅឡើយទេ ។ ពួកភិក្ខុទាំងឡាយនៅក្នុងព្រះពុទ្ធសាសនា តែងតែត្រាច់ទៅកាន់ចារិកផ្សេងៗ មានន័យថាធ្វើដំណើរទៅតាមសេចក្តីប្រាថ្នារបស់ខ្លួនឯងដោយភិក្ខុសង្ឃធ្វើដំណើរអស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ និងអស់វស្សារដូវខ្លះ ដោយមិនមានពេលសម្រាកខែណាមួយអោយពិតប្រាកដនៅកន្លែងណាមួយនោះទេ ដោយត្រាច់ចរទៅតាមចិត្តចង់ ។ ដូចនេះហើយពួកមនុស្សទាំងឡាយក៏ពោលទោសតិះដៀលដល់ភិក្ខុនោះថា ពួកភិក្ខុទាំងអស់នេះជាសមណៈសក្យបុត្តិយ៍ មិនសមត្រាច់ទៅកាន់ចារិកអស់ហេមន្តរដូវខ្លះ អស់គឹម្ហរដូវខ្លះ អស់វស្សារដូវខ្លះ ដោយពុំមានសម្រាកនោះទេ។ ហើយការត្រាច់ដើរជាន់ស្មៅស្រស់ទាំងឡាយ បៀតបៀនវត្ថុដែលមានជីវិត មានឥន្ទ្រីយ៍តែមួយ ញ៉ាំងសត្វតូចៗ ជាច្រើនអោយដល់នូវសេចក្តីវិនាសសោះ សូម្បីពួកបរិពា្វជកមានលិទ្ធិដទៃ (អ្នកកាន់សាសនាផ្សេងៗ) ក៏មានរដូវចូលវស្សាដែរ ។ សូម្បីតែពួកសត្វស្លាបនេះទៀតសោតក៏គង់ធ្វើសម្បុកលើចុងឈើទាំងឡាយហើយ និងសម្ងំឈប់សម្រាកនៅចាំវស្សាដែរ ចម្លែកតែពួកសមណៈជាសក្សបុត្តិយ៍នេះមិនមានចាំវស្សាសោះអញ្ចឹង។កាលមនុស្សទាំងនោះកំពុងពោលពាក្សតិះដៀលបន្តុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់ ហើយបានយកពាក្យទាំងនោះទៅក្រាបទូលសេចក្តីនោះចំពោះព្រះមានព្រះភាគ ។ ព្រះមានព្រះភាគទ្រង់ធ្វើធម្មីកថាក្នុងវេលានោះឯងរួចហើយ ទើបទ្រង់ហៅភិក្ខុទាំងឡាយមក អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតអោយភិក្ខុចូលវស្សា ប៉ុន្តែទ្រង់មិនទាន់បានកំណត់ថាពេលណាអោយចូលវស្សានោះទេ។ ក្រោយមកទៀតភិក្ខុទាំងឡាយក៏នាំគ្នាឆ្ងល់ថារដូវមានតែ៣នោះទេ តើត្រូវចូលវស្សាមួយណា? ភិក្ខុទាំងនោះក្រាបទូលសេចក្តីនោះចំពោះព្រះមានព្រះភាគ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតអោយភិក្ខុទាំងឡាយ ចូលវស្សានៅក្នុងវស្សានរដូវ (រដូវភ្លៀង) ៣ខែ ។
៣. ការចូលព្រះវស្សាមានពីរ (២) របៀប
១.បុរិមិកាវស្សា (ចូលវស្សាមុន) គឺជាថ្ងៃដែលភិក្ខុគួរចូលវស្សាក្នុងថ្ងៃបន្ទាប់នៃថ្ងៃពេញបូណ៍មីខែអាសាធ ថ្ងៃ១រោជ ខែអាសាធ គឺជាថ្ងៃចូលវស្សាមុន។
២. បច្ឆិមកាវស្សា (ចូលវស្សាក្រោយ) គឺជាការចូលវស្សាលើកទី២ គឺបន្ទាប់ពីថ្ងៃពេញបូណ៍មីខែស្រាពណ៍ ថ្ងៃ១រោជ ខែស្រាពណ៍ ការចូលព្រះវស្សានេះត្រូវធ្វើជារៀងរាល់ឆ្នាំ ភិក្ខុណាមិនចូលព្រះវស្សា គឺត្រូវអាបត្តិទុក្កដ (មានទោស) ហើយរយៈពេលនៃការចូលព្រះវស្សាគឺមានបី(៣)ខែ ។ ចំពោះមូលហេតុដែលចូលវស្សាចែកចេញជាពីនេះគឺដោយសារតែភិក្ខុខ្លះមានធុរៈសំខាន់ ដែលមិនអាចចូលវស្សាលើកទី១បាន។ ដូចនេះត្រូវលើកទៅចូលវស្សាលើកទី២វិញ ដែលមានរយៈពេលបីខែដូចគ្នា ។
៤. សារៈសំខាន់នៃការចូលព្រះវស្សា
ការចូលព្រះវស្សាមានសារៈសំខាន់ណាស់ចំពោះព្រះភិក្ខុសង្ឃ ដែលបានចូលមកបួសក្នុងសំណាក់ព្រះពុទ្ធសាសនា ព្រោះថាកាលព្រះវស្សាដែលព្រះពុទ្ធទ្រង់បញ្ញត្តិកាលត្រីមាសមានបី(៣) ខែ សារៈសំខាន់នៃការចូលព្រះវស្សានោះមានដូចជា៖
• ធ្វើអោយភិក្ខុសាមណេរទទួលបាននូវការសង្រួមឥន្ទ្រីសំវរៈ
• ទទួលបានអានិសង្សនៃការកាន់ព្រះវស្សា
• បានផ្តល់ឱកាសដល់ភិក្ខុសង្ឃទទួលអានិសង្សកឋិនដែលទាយកថ្វាយ
• បង្កើនសេចក្តីជ្រះថ្លាដល់ពុទ្ធបរិស័ទ
•អាចបង្កើតសាមគ្គីភាពរវាងភិក្ខុ និងភិក្ខុនៅក្នុងអាវាស
ពាក់ព័ន្ធនិងការចូលវស្សានេះតែងមានសំនួរមួយតែងលើកឡើងថា៖ តើភិក្ខុដែលបានចូលវស្សាហើយ អាចនិមន្តចេញក្រៅបានដែរឬទេ?
តាមព្រះពុទ្ធប្បញ្ញត្តិ ព្រះអង្គទ្រង់ហាមមិនអោយភិក្ខុសង្ឃទាំងអស់ ដែលគង់ក្នុងអារាមនិមួយៗ ចេញពីវត្តដោយកន្លងរាត្រីនោះទេ ក្នុងកាលនៃការចូលកាន់ព្រះវស្សាបី(៣) ខែនោះ។ ប៉ុន្តែដោយសាមានការទូលសុំពី ពួកពុទ្ធបរិស័ទ និងភិក្ខុសង្ឃ ព្រះមានព្រះភាគទ្រង់អនុញ្ញាតអោយលើកសត្តាហៈបានចំនួន ៧ថ្ងៃ ដោយផ្អែកលើមូលហេតុខាងក្រោម៖
• មាតា ឬបិតាឈឺ
• គ្រូឧបជ្ឈាយ៍មានអាពាធ
• មានការនិមន្តពីពួកពុទ្ធបរិស័ទ ។ល។
៥. ការចូលព្រះវស្សារបស់ពុទ្ធសាសនិក មានពីរ (២) ផ្នែក
១. ផ្នែកពុទ្ធបរិស័ទ នៅល្ងាចថ្ងៃ១៥កើត ខែអាសាធ នាំគ្នាថ្វាយបង្គំព្រះ សមាទានសីល បន្ទាប់មកនិមន្តព្រះសង្ឃចំរើនព្រះបរិត្ត និងសម្តែងធម៌ទេសនា ។ លុះព្រឹកឡើងថ្ងៃ១រោជ ខែអាសាធ ពេលព្រឹកប្រគេនយាគូដល់ព្រះសង្ឃ ហើយវេរចង្ហាន់បិណ្ឌបាតព្រមទាំងសំពត់សាដក និងបរិក្ខាផ្សេងៗ មានទាន ធូប ប្រេង តែ ស្ករជាដើមប្រគេនព្រះសង្ឃជាកិច្ចឆ្លងពិធីបុណ្យ។
២. ផ្នែកព្រះសង្ឃ នៅល្ងាចថ្ងៃ១រោជ ខែអាសាធវេលាម៉ោង៦យប់ ព្រះសង្ឃទាំងអស់ក្នុងវត្តអារាមផ្សេងៗជួបជំគ្នានៅក្នុងព្រះវិហារ ដើម្បីប្រារព្ធពីធីចូលកាន់ព្រះវស្សា ដោយមានព្រះគ្រូចៅអធិការជាអ្នកដឹកនាំកិច្ចនោះ។ជាដំបូងភិក្ខុសាមណេរ នាំគ្នាថ្វាយបង្គំព្រះ បន្ទាប់មកធ្វើពិធីចូលកាន់ព្រះវស្សាតែម្តង ។
៦. សេចក្តីសន្និដ្ឋាន
ឆ្លងតាមបរិយាយខាងលើនេះ អាចបញ្ជាក់បានថាបុណ្យចូលកាន់ព្រះវស្សានេះ ជាបុណ្យមួយសំខាន់នៅក្នុងព្រះពុទ្ធសាសនា។ ដូចនេះសូមអោយប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះបុណ្យចូលវស្សានេះ អោយដូចជាពិធីបុណ្យធំៗ ដទៃទៀត ។ លើសពីនេះទៅទៀត ការប្រគេនប្រេង ថ្លៃអគិ្គសនី ជាការចំាបាច់សម្រាប់រដូវវស្សា បន្ថែមពីលើនេះទៀតសម្រាប់ព្រះភិក្ខុសង្ឃពេលនមស្សការចប់គួរបិទចរន្តអគ្គិសនី ពន្លត់ទៀន ធូបពេលចាកចេញពីព្រះវិហារ ឬឧបដ្ឋានសាលា។
Tan Taychraon Page Sourcing