អាជ្ញាធរខេត្តបាត់ ដំបងបានត្រៀមទីតាំងជាង ៤០កន្លែង សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័កទទួលពលករខ្មែរមកពីថៃ
កណ្តាល៖ ចេញផ្សាយថ្ងៃ ច័ន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៩ ខែ សីហា ឆ្នាំ២០២១។
បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ ដំបងបានត្រៀមទីតាំងជាង ៤០កន្លែង សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័កទទួលពលករខ្មែរមកពីថៃ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសបើកច្រកព្រំដែនជាមួយភាគីថៃឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ។
ក្នុងកិច្ចប្រជុំស្ដីពី ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ក្នុងខេត្តបាត់ដំបង និងបញ្ហាប្រឈម តាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៩ ខែ សីហា ឆ្នាំ ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល ខេត្តបាត់ដំបងបានថ្លែងថា រដ្ឋបាលខេត្តបានរៀបចំផែន ការត្រៀមទីតាំងចំនួន ៤១ កន្លែង ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័កទទួលពលករមកពីប្រទេសថៃ ព្រមទាំងត្រៀមនូវក្រុមគ្រូពេទ្យសម្រាប់ការធ្វើតេស្តរហ័ស និងកងកម្លាំងប្រចាំការការពារទីតាំងមណ្ឌល ដោយសារតែពលករដែលនឹងចូលមក គឺត្រូវបានចាត់ទុកថាជាអ្នកដែលនឹងផ្ទុកនូវវីរុសកូវីដប្រភេទ Delta» ។
ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់អំពីការពង្រឹងកងកម្លាំងមានសមត្ថកិច្ចឈរ ជើងតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តមិនឱ្យពលករ ឬប្រជាជនលួចចេញចូលបាន ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
ឯកឧត្ដម ងួន រតនៈបានឱ្យដឹងទៀតថា ក្នុងអំឡុងពេលដែលខេត្តបាត់ដំបងបិទខ្ទប់រយៈពេល១៤ថ្ងៃនេះ មានបងប្អូនពលករខ្មែរដែលជាប់គាំងនៅទល់ដែនសរុប ២៤៥ នាក់ (ក្នុងនោះខេត្តច័ន្ទបូរី ២៣៤នាក់ និងខេត្តស្រះកែវ ១១នាក់)។
បច្ចុប្បន្ននេះ ខេត្តបាត់ដំបង មានមណ្ឌលចត្តាឡីស័កសរុបចំនួន ២០មណ្ឌល នៅតាមបណ្តាក្រុងស្រុកទាំង១៤ និងមានអ្នកចូលធ្វើចត្តាឡីស័កសរុបចំនួន ៣៧ ៦៥០នាក់ បញ្ចប់ចំនួន ៣៥ ៧៤៥នាក់ និងសល់កំពុងធ្វើចត្តាឡីស័កសរុប ១ ៩០៥នាក់៕
www.information.gov.kh Sourcing