ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ថ្លែងអរគុណចំពោះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលបានផ្តល់ សៀវភៅព្រឹត្តបត្រ ដល់ក្រសួងព័ត៌មាន
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងអរគុណចំពោះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលបានផ្តល់ សៀវភៅព្រឹត្តបត្រ ដល់ក្រសួងព័ត៌មាន ដើម្បីទុកអោយថ្នាក់ដឹកនាំ មន្រ្តី ស្រាវជ្រាវបន្ថែម។
ក្នុងឱកាស ទទួល សៀវភៅពី ឯកឧត្តម បណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងអរគុណចំពោះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលបានផ្តល់នូវសៀវភៅ ចំនួន២១០ ច្បាប់ រួមមាន ព្រឹត្តបត្រ ក្រុមប្រឹក្សាភាសាខ្មែរលេខពិសេស និងព្រឹត្តបត្រចាប់ពីលេខ ១ ដល់លេខ ១០ រួមជាមួយ សៀវភៅសទ្ទានុក្រម ៩ មុខវិជ្ជា មកក្រសួងព័ត៌មាន ដើម្បីទុកអោយថ្នាក់ដឹកនាំ មន្រ្តី ស្រាវជ្រាវបន្ថែម ពិសេសធ្វើយ៉ាងណាអោយការសរសេរប្រចាំថ្ងៃ បានត្រឹមត្រូវតាម ពាក្យពេចន៍ ដែលបានចងក្រងទុករួចមកហើយ ។
ជាមួយនេះ ឯកឧត្តម ក៏បានស្នើអោយ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ជួយពិនិត្យពាក្យថ្មីៗ ដែលត្រូវប្រើប្រាស់ប្រចាំថ្ងៃ ដែលពាក្យខ្លះមិន មានការអនុម័តយកប្រើជាផ្លូវការពីស្ថាប័នណាមួយនៅឡើយនោះទេ ដែលទាមទារអោយ មានការជួយពន្លឿនការពិនិត្យសម្រេច យកប្រើប្រាស់ជាផ្លូវការ នូវពាក្យថ្មីៗ ដែលប្រើនាពេល បច្ចុប្បន្ននេះ ពិសេសនៅលើប្រពន្ធ័ Internet តែម្តង។
តាមការបញ្ជាក់របស់ ឯកឧត្តម បណ្ឌិត ហ៊ាន សុខុម បានអោយដឹងថា ក្រុមប្រឹក្សាជាតិ ភាសាខ្មែរបង្កើតឡើងនៅក្នុងឆ្នាំ២០១១ បន្តពីគណៈកម្មាធិការជាតិភាសាខ្មែរដែលបាន បង្កើត ឡើងនៅក្នុងឆ្នាំ២០០៧។ ក្រុមប្រឹក្សាជាតិភាសាខ្មែរមានតួនាទី និងភារកិច្ចចម្បងគឺ អភិរក្ស និងអភិវឌ្ឍការប្រើភាសា និង អក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំង រក្សាបាន នូវអត្ត សញ្ញាណជាតិខ្មែរ និង ពិនិត្យអនុម័តបច្ចេកសព្ទ ដែលស្នើឡើងដោយ គណៈកម្មការ បច្ចេកទេសទាំង១៧ ហើយនិងពិនិត្យអនុម័តបច្ចេកសព្ទ ដែលស្នើឡើងដោយក្រសួងស្ថាប័ន ដទៃទៀតផងដែរ។
ឯកឧត្តម បណ្ឌិត បានបន្ដថា បច្ចុប្បន្ន ក្រុមប្រឹក្សាជាតិភាសាខ្មែរបានបោះពុម្ពព្រឹត្តិបត្រចំនួន១១ លេខ សទ្ទានុក្រមបច្ចេកទេសចំនួន១១ រួមមាន សទ្ទានុក្រមភាសាវិទ្យា និងអក្សរសិល្ប៍ ឈ្មោះ ប្រទេស រាជធានី /រដ្ឋធានី , សទ្ទានុក្រម , វិទ្យាសាស្ត្រនយោបាយនិងកាទូត, វប្បធម៌ និង វិចិត្រសិល្បៈ, វេជ្ជសាស្ត្រនិងកសិកម្ម, វិទ្យាសាស្ត្រនិង បច្ចេកវិទ្យា, ភូមិវិទ្យានិងប្រវត្តិវិទ្យា, វិទ្យាសាស្រ្តសេដ្ឋកិច្ច, វេជ្ជសាស្ត្រ , ទស្សនវិជ្ជា និងសទ្ទានុក្រម ប្រែប្រួលអាកាសធាតុ, ជាដើម៕