អាជ្ញាធរខេត្តត្បូងឃ្មុំកំពុងបន្តដំណើរការចាក់វ៉ាក់សាំងដុំពកលើស្បែកគោ-ក្របីក្នុងស្រុកតំបែរ
កណ្តាល៖ ចេញផ្សាយថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ២០២១។
ខេត្តត្បូងឃ្មុំ៖ អាជ្ញាធរកំពុងបន្តដំណើរការចាក់វ៉ាក់សាំងដុំពកលើស្បែកគោ-ក្របីក្នុងស្រុកតំបែរ ខណៈដែលបច្ចុប្ប ន្ននេះ ក្រុមការងារចាក់បានចំនួនជាង៥០០ដូសហើយ ក្នុងចំណោម២០០០ដូស ។
លោក សេង សោភា ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា បន្ទាប់ពីដាក់ចេញនិងខិត ខំរិះរកគ្រប់វិធានការ ក្នុងការ ទប់ស្កាត់ការចម្លងបន្តនៃជំងឺដុំពកលើស្បែកគោ-ក្របីជាបន្ត បន្ទាប់នោះ ក្រសួងកសិកម្មក៏បានបញ្ជាទិញវ៉ាក់សាំងសម្រាប់ការពារគោ-ក្របី ហើយបានបែងចែកមកកាន់ខេត្តត្បូងឃ្មុំ២០០០ដូស ដើម្បីចុះចាក់គោ-ក្របី តាមស្រុកដែលកំពុងប្រឈមខ្លាំង ។
លោកបន្កថា ខេត្តត្បូងឃ្មុំបានបើកយុទ្ធនាការចាក់វ៉ាក់សាំងគោក្របីនេះ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១មកម្ល៉េះ ដោយក្រុមការងារផ្ដោតចាក់តែមួយស្រុកប៉ុណ្ណោះ គឺស្រុកតំបែរ ដែលរហូតដល់បច្ចុប្បន្ននេះ គឺចាក់បានចំនួន៥២៥ ក្បាលហើយ ដូច្នេះក្រុមការ ងារនឹងបន្តចាក់ជាបន្តបន្ទាប់ទៀតរហូតដល់អស់វ៉ាក់សាំង ខណៈដែលខេត្តនេះទទួលបានវ៉ាក់សាំងសរុបចំនួន ២០០០ដូស ។
« សម្រាប់វ៉ាក់សាំងដុំពកគឺចាក់នៅគោលដៅស្រុកតំបែរ ចំនួន២០០០ដូស ហើយបច្ចុប្បន្ននេះទើបតែចាក់បាន៥០០ជាងទេ ដូច្នេះក្រុម ការងារនឹងបន្តចាក់ជាបន្ត បន្ទាប់រហូតដល់អស់វ៉ាក់សាំងនេះ ដូច្នេះនៅក្នុងខេត្តត្បូងឃ្មុំទទួលបានវ៉ាក់សាំងចំនួន ២០០០ដូស អញ្ចឹងគោលដៅយើងចាក់នៅតំបែរ ព្រោះក្រៅ ពីនេះស្រុកផ្សេងនោះមិនសូវមានបញ្ហាច្រើន អញ្ចឹងយើងចាក់ស្រុកតំបែរនេះ ដើម្បីហ៊ុមព័ទ្ធដូច្នេះក្រុមការងារនឹងចាក់បន្តបន្ទាប់រហូតដល់អស់វ៉ាក់សាំង » ។
លោកប្រធានការិយាល័យបន្តទៀតថា ជំងឺនេះមិនបង្កឱ្យមានការភ័យខ្លាចពេកនោះទេ ក៏ប៉ុន្តែវាបានធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់ ប៉ះពាល់ដល់គោផើម ធ្វើឱ្យបាត់សមត្ថភាពបន្តពូជ និងអាចបណ្តាលឱ្យគោងាប់បាន ជាពិសេសកូនគោ ។ ជំងឺនេះ អាចព្យាបាលជាសះស្បើយ ហើយទទួលបានភាពស៊ាំនឹងជំងឺនេះក្នុងរយៈពេល៥ ទៅ ៧ថ្ងៃ បើទទួលការថែទាំនិងព្យាបាលបានត្រឹមត្រូវ ដូច្នេះសូមប្រជាពលរដ្ឋដែលមានចិញ្ចឹមគោ ក្របី ហើយមានរោគសញ្ញាជំងឺនេះ ត្រូវរាយ ការណ៍ដល់មន្ត្រីជំនាញ ឬ ភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីផ្តល់ការពិនិត្យនិងពិគ្រោះក្នុងព្យាបាល ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានវ៉ាក់សាំងដុំពកលើស្បែកគោ-ក្របីចំនួន២ម៉ឺន ដូស ហើយរំពឹងថាវ៉ាក់សំាង នឹងមកដល់ចំនួន៤ម៉ឺនដូស បន្ថែមទៀតនៅសប្តាហ៍បន្ត បន្ទាប់ ដើម្បីឱ្យក្រុមការងារអាចធ្វើការបែងចែកឱ្យគ្រប់បណ្តាខេត្តដែលកំពុងជួបផលលំបាក ដោយសារជំងឺដុំពកលើស្បែកគោ-ក្របីនេះ ៕
information.com.kh Sourcing