ឯកឧត្ដម ថោង ខុន៖ សប្តាហ៍ទី១ នៃខែកញ្ញា នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរ ប្រមាណជាង ៥១,០៤២នាក់
កណ្តាល៖ ចេញផ្សាយថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ២០២១។
ក្នុងសប្ដាហ៍ទី១ ខែកញ្ញា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរ ប្រមាណជាង ៥១,០៤២នាក់ ក្នុងនោះមានភ្ញៀវជាតិ ៥០,១៣៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩០៨នាក់។ គោលដៅទេសចរណ៍សំខាន់ៗរួមមាន៖ ខេត្តកំពតទទួលបានភ្ញៀវចំនួន ២៣,៧៨៧នាក់, ខេត្តកែប ៤,៩៥៥នាក់, រាជធានីភ្នំពេញ ៤,១៩០នាក់, ខេត្តសៀមរាប ៤,០៤៣នាក់ និងខេត្តតាកែវបានចំនួន ៣,៧០២នាក់។
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងកាលពីថ្ងៃទី០៦ ខែកញ្ញាថា សកម្មភាពទេសចរណ៍ផ្ទៃក្នុង ចាប់ផ្តើមមានសកម្មភាពជាបណ្តើរៗឡើងវិញ បន្ទាប់ពីរាជ រដ្ឋាភិបាល បានសម្រេចបិទបញ្ចប់យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ១៩ កាលពីទី១៩ ខែសីហា ឆ្នាំ២០២១ បើទោះបីចំនួនភ្ញៀវសរុប នៅមិនទាន់ មានចំនួនច្រើននៅឡើយ។ ឯកឧត្ដមបន្តថា រដ្ឋបាលខេត្តភាគច្រើនបានអនុញ្ញាតឱ្យមានការដំណើរការឡើងវិញ សកម្មភាពទេសចរណ៍នៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ក្រោមការគ្រប់ គ្រងប្រកបដោយភាពហ្មត់ចត់ និងប្រយ័ត្នប្រយែង ពិសេសការពង្រឹងការអនុវត្តវិធានការ «៣កុំ និង ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន ខណៈដែលរាជធានី-ខេត្តមួយចំនួន នៅបន្តផ្អាកដំណើរ ការ រមណីយដ្ឋាន និងគោលដៅទេសចរណ៍នានានៅឡើយ។
ទន្ទឹមនឹងនេះ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងទេសចរណ៍បានដាក់ឱ្យ អនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា (ហៅកាត់ថា SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន៤គឺ៖ អាជីវកម្មសេវាកម្មស្នាក់ នៅទេសចរ អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរ រមណីយដ្ឋានទេសចរណ៍និង សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានា បាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលស្របតាមវិធានការចាំបាច់ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្រសួងទេសចរណ៍នឹងបន្តពិភាក្សាជាមួយរដ្ឋបាលខេត្តផ្សេងៗទៀត លើការជំរុញ ចលនាទេសចរក្នុងស្រុក ដោយពិនិត្យពិចារណាលើការបើកដំណើរការសកម្មភាព រមណីយដ្ឋាន និងគោលដៅទេសចរណ៍ឡើងវិញ ដោយឈរលើអភិក្រមបុរេសកម្ម ភាពបត់បែន និងជាក់ស្តែងនិយម ពិសេសដើម្បីត្រៀមក្នុងរដូវភ្ជុំបិណ្ឌ ដែលជិតមកដល់ និងចូលរួមត្រៀមរៀបចំការបើកទទួលទេសចរអន្តរជាតិឡើងវិញ នៅពេលខាង មុខផងដែរ៕
information.gov.kh Sourcing