January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងតាមបណ្តាខេត្ត

ចេញផ្សាយថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១១ ខែ​ តុលា ​ឆ្នាំ​២០២១។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងតាមបណ្តាខេត្ត នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធាន អនុគណៈកម្មការប្រតិបត្តិចំពោះកិច្ចចាក់វ៉ាក់សាំងក្រសួងការពារជាតិបានឱ្យដឹងថា យុទ្ធនាការជាតិ ចាក់វ៉ាក់សាំង ដុសជំរុញ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន៖ ខណ្ឌបូល ដង្កោ មានជ័យ ពោធិ៍សែនជ័យ ទួលគោក ឫស្សីកែវ និងបណ្តារោងចក្រក្នុងខណ្ឌទាំង៦នេះ ដែលមានប្រជាពលរដ្ឋ សរុប ១លាន ២ម៉ឺន ៦ពាន់ ១២៧នាក់។ កម្លាំងប្រតិបត្តិការចូលរួមចាក់វ៉ាក់សាំងរបស់កងយោធពលខេមរភូមិន្ទមានចំនួនសរុប ៣ពាន់ ៥៧៨នាក់ ក្នុងនោះមាន ១៥២ក្រុមពេទ្យ ស្មើនឹង១ពាន់ ៩០១នាក់។ យុទ្ធនាការជាតិ ចាក់វ៉ាក់សាំងដូសទីបី ឬដូសជំរុញ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ បាន និងដំណើរការចាក់ចាប់ពីថ្ងៃទី១១ ខែតុលានេះតទៅ ក្នុងនោះសម្រាប់ខណ្ឌកំបូល និងខណ្ឌទួលគោក ទទួលខុសត្រូវចាក់វ៉ាក់សាំងដោយកងឯកភាពពេទ្យយោធាចំណុះ អគ្គបញ្ជាការដ្ឋាន, ខណ្ឌឫ ស្សីកែវ ទទួលខុសចាក់ដោយឯកភាពពេទ្យយោធាចំណុះ ទីស្តីការក្រសួងការពារជាតិ, ខណ្ឌដង្កោ ទទួលខុសចាក់ដោយឯកភាពពេទ្យយោធាចំណុះ កងទ័ពជើងទឹក និងកងទ័ពជើងអាកាស, ខណ្ឌមានជ័យ និងពោធិ៍សែនជ័យ ទទួលខុសចាក់ដោយកងឯកភាពពេទ្យយោធាចំណុះកងទ័ពជើងគោក។

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានឱ្យដឹងថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង បានចាក់វ៉ាក់សាំងដូសទី១ មានចំនួន ៩លាន ៩១៩ពាន់ ៩១៦នាក់ ចាក់វ៉ាក់សាំងគ្រប់ដូស មានចំនួន ៩លាន ៥៣៥ពាន់ ៨១៦នាក់ (ស្រីចំនួន ៤លាន ៧៨៣ពាន់ ៧៦១នាក់) និងដូសជំរុញ បានចំនួន ៩២៣ពាន់ ២៥៦នាក់ (ស្ត្រី ៣៤១ពាន់ ៦១៦នាក់)។ បច្ចុប្បន្ន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ កំពុងមមាញឹកចាក់វ៉ាក់សាំងកុមារ ដែលមានអាយុចាប់ពី៦ឆ្នាំ ដល់១៨ឆ្នាំ គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ ចំនួនសរុប ដែលបានចាក់រួច មាន ៣លាន ៥៧២ពាន់ ៤៩៥នាក់។

ក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) សូមធ្វើការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើម ប្រកបដោយគតិបណ្ឌិតឈ្លាសវៃដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយកំណត់ឱ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយគត់ ដើម្បីផលប្រយោជន៍រយៈពេលវែងសម្រាប់ប្រទេសកម្ពុជា បញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស និងបង្ហាញភក្ដីភាពចំពោះជាតិមាតុភូមិ។

សម្ដេចពិជ័យសេនា បានបញ្ជាក់នៅក្នុងពិធីនោះថា រាជរដ្ឋាភិបាលបានចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវាត់ការពារទីមួយសំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន ក្នុងការបង្កើនឱ្យបាននូវភាពសុំា ក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ-១៩ សំដៅឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺតាមគន្លងប្រក្រតីភាពថ្មី។ ការចាក់វ៉ាក់សាំងកូវីដ-១៩ បានឆាប់រហ័ស និងទាន់ពេលវេលាជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាបានច្រើន តាមរយៈកាត់បន្ថយករណីឆ្លង ករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងករណីស្លាប់ដោយជំងឺកូរីដ-១៩ និងបានបញ្ចៀសកម្ពុជាពីគ្រោះមហន្តរាយ ដែលបណ្តាលមកពីជំងឺកូវីដ-១៩នេះ ព្រមទាំងធ្វើឱ្យសភាពការណ៍បច្ចុប្បន្ន នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្ថិតនៅក្នុងកម្រិតមួយ ដែលអាចគ្រប់គ្រងបាន។

នៅក្នុងឆ្នាំ២០២១នេះ ជំងឺកូវីដ-១៩ បានបន្តឆ្លងរាលដាលនៅគ្រប់ប្រទេសនៅលើសកលលោក ជាមួយនឹងភាពមិនប្រាកដប្រជាកាន់តែខ្ពស់ តាមរយៈការបំប្លែងខ្លួនជាប្រភេទវីរុសកូវីដ-១៩ថ្មី ជាច្រើន ពិសេសមេរោគបំប្លែងថ្មីដែលតា “Delta” ដែលមានលទ្ធភាពចម្លងកាន់តែខ្ពស់ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាជនកាន់តែខ្លាំងក្លាជាងមុន។ នៅក្នុងក្របខ័ណ្ឌតំបន់ មេរោគបំប្លែងថ្មីនេះ បាន និងកំពុងធ្វើឱ្យប្រទេសមួយចំនួន ដែលធ្លាប់គ្រប់គ្រងករណីឆ្លងបានល្អ ប៉ុន្តែបែរជាមានការបាត់បង់ជីវិតមានសន្ទុះកើនឡើងយ៉ាងខ្លាំងគួរកត់សម្គាល់ ស្របពេលដែលអត្រានៃការចាក់វ៉ាក់សាំង សម្រាប់ប្រជាជននៅមានកម្រិតទាបនៅឡើយ។ សម្រាប់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈៀសវៃរបស់ សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានខិតខំយ៉ាងសកម្មប្រកបដោយ ស្មារតីបុរេសកម្ម ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកើតចេញពី “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ តាមរយៈការដាក់ចេញនូវវិធានការរដ្ឋបាល និងវិធានការសុខាភិបាលជាច្រើន ប្រកបដោយភាពទន់ភ្លន់ បត់បែនទៅតាមសភាពការណ៍ និងទីតាំងភូមិសាស្រ្តជាក់ស្តែង សំដៅទប់ស្កាត់កាត់ផ្តាច់ខ្សែសង្វាក់ចម្លង និងកាត់បន្ថយការឆ្លងបានទាន់ពេលវេលា ដើម្បីការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។

ជាមួយនឹងវិធានការទាំងនេះ រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្រ្តគន្លឹះ សំដៅឈានទៅសម្រេចបាននូវភាពសុំាសហគមន៍ ដែលជាកត្តាជំរុញក្នុងការធានាបាននូវការវិលត្រឡប់ឱ្យបានឆាប់រហ័សទៅរក “ប្រក្រតីភាពថ្មី” នៃជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋកម្ពុជាទូទៅ និងកិច្ចដំណើរការ នៃសង្គម-សេដ្ឋកិច្ច។

ជាមួយគ្នានោះដែរ សម្ដេចពិជ័យសេនា បានអំពាវនាវបងប្អូនប្រជាពរដ្ឋ កម្មករ និយោជិត និងវិស័យឯកជន សូមបន្តចូលរួមគាំទ្រ និងសហការអនុវត្តគោលនយោបាយចាក់វ៉ាក់សាំងដូសជំរុញនេះ និងសូមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល របស់ក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ឱ្យបានម៉ត់ចត់អំពីវិធានការនានា ក្នុងការប្រយុទ្ធផ្ទុកស្កាត់ជំងឺកូវីដ-១៩។ ត្រូវបន្តអនុវត្តន៍វិធានការ ៣ការពារ ៣កុំ ដើម្បីបង្កើតឱ្យមានភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ ក្នុងការទប់ទល់នឹងមេរោគកូវីដ១៩ ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពារអាយុជីវិតប្រជាជនឆ្លងផុតកាលៈទេសៈដ៏លំបាកនេះបានឆាប់ និងឈានទៅរកភាពប្រក្រតីភាពឡើងវិញតាមគន្លងថ្មី ជីវភាពសង្គម សម្រាប់ឈានឆ្ពោះទៅកាន់ផែនការបើកដំណើរការប្រទេសពេញលេញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងវត្តមានជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

ក្នុងឱកាសនោះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ បានប្រគល់ជូនប័ណ្ណសរសើរ និងលិខិតសរសើរជូនដល់បណ្តាកងឯកភាព ខ.ភ.ម ចំនួន ៣៥ អង្គភាព ដែលមានស្នាដៃល្អ ក្នុងការចូលរួមចាក់វ៉ាក់សាំងកូវីដ១៩កន្លងមកនេះ ហើយក្រសួងសុខាភិបាល ក៏បានផ្តល់ជូននូវសម្ភារៈបរិក្ខាផ្នែកសុខាភិបាលជាច្រើនមុខផងដែរ ដល់ក្រុមគ្រូពេទ្យកងទ័ព សម្រាប់ប្រតិបត្តិការនៅក្នុងយុទ្ធនាការជាតិ ចាក់វ៉ាក់សាំង ដូសជម្រុញ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាចាប់ពីពេលនេះតទៅ៕

ដោយ សាយ សុន (ប្រភព៖ ក្រសួងការពារជាតិ)

ទំនាក់ទំនងការផ្សាយៈ Tel: 096 703 7777 / 031 306 7777 / 076 7777 973

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.