សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមានការអនុញ្ញាតឱ្យរៀបចំអាពាហ៍ពិពាហ៍ឡើងវិញនោះទេ
ចេញផ្សាយព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០២១។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមានការអនុញ្ញាតឱ្យរៀបចំអាពាហ៍ពិពាហ៍ឡើងវិញនោះឡើយ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមានការអនុញ្ញាតឱ្យរៀបចំអាពាហ៍ពិពាហ៍ឡើងវិញនោះឡើយហើយសារសំឡេងរបស់សម្ដេច ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គមនៅថ្ងៃនេះ គឺជាសារសំឡេងចាស់របស់សម្ដេចកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ នេះជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។ សូមបញ្ជាក់ថា នៅថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋ និងសារព័ត៌មានជាច្រើននាក់បានចែកចាយសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានរយៈពេលជិត១នាទី នៅតាមបណ្ដាញសង្គម ដូចជា Facebook និង Telegram ពីការអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចរៀបចំអាពាហ៍ពិពាហ៍ឡើងវិញបាន ដែលធ្វើឱ្យមានការយល់ច្រឡំ ពីព្រោះសារសំឡេងនេះ គឺជាសារសំឡេងតាំងពីខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ។ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានប្រកាសបើកដំណើរ ការប្រទេសជាតិឡើងវិញទាំងមូលនោះឡើយ ពោលគឺគ្រាន់តែឱ្យអាជ្ញាធរតាមរាជធានី-ខេត្ត បើកដំណើរការលើសកម្មភាព សេដ្ឋកិច្ចមួយផ្នែក ពាក់ព័ន្ធនឹងអាជីវកម្មដែលមានហានិភ័យទាប នៃការចម្លងជំងឺកូវីដ-១៩ ជាមួយនឹងការរឹតបន្ដឹងលើវិធានការសុខាភិបាល។ កាលពីប៉ុន្មានថ្ងៃមុន នៅរាជធានីភ្នំពេញ អាជ្ញាធរបានអនុញ្ញាតឱ្យអាជីវកម្មមួយ ចំនួន ដែលមានហានិភ័យទាប នៃការចម្លងជំងឺកូវីដ-១៩ អាចបើកដំណើរការឡើងវិញ ប៉ុន្តែអាជីវកម្មមួយចំនួនទៀត ដូចជាក្លឹបកម្សាន្ត រោងភាពយន្ត ខារ៉ាអូខេ និងឌីស្កូតែកជាដើម នៅមិន ទាន់អនុញ្ញាតឱ្យដំណើការនោះឡើយ។
( ប្រភព: នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ)