January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

កម្ពុជា & បារាំងចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន២ តាមប្រព័ន្ធ Video Conference (VC)

ចេញផ្សាយថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ៣ ខែ​ វិច្ឆិកា ​ឆ្នាំ​២០២១។

 ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ២០២១–ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក FABRICE Έtienne លេខាទី១ ស្ថានទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា និងលោកស្រី Oph–lie BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២១នេះ បានចុះហត្ថលេខា តាមប្រព័ន្ធ Video Conference (VC) លើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន០២គឺ៖១-កិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែម សម្រាប់កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យ កសិកម្មសម្រាប់ប្រទេសកម្ពុជា ដំណាក់កាលទី១ (Water Resources Management and Agro-ecological Transition for Cambodia Program Phase 1-WAT4CAM) មានទឹកប្រាក់ចំនួន ២០ លានអឺរ៉ូ (ប្រមាណ ២៣,១៣ លានដុល្លារអាម៉េរិក) សម្រាប់ហិរញ្ញប្បទានបន្ទាន់ដល់ការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្តដែលបានខូចខាតដោយសារគ្រោះទឹកជំនន់កាលពីខែតុលា ឆ្នាំ ២០២០ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ប្រព័ន្ធធារាសាស្រ្ត នឹងត្រូវស្តារឡើងវិញមានដូចជា៖ ស្តារឡើងវិញនូវទំនប់អាងស្តុកទឹក (Embankment Reservoir)៖ ចំនួន ០២ កន្លែង ក្នុងខេត្តបាត់ដំបង៖ គឺ (១)-ទំនប់សណ្តរអាងទឹកកំពីងពួយ ក្នុងស្រុកបាណន់ និង (២)-ទំនប់អាងទឹកភាសន៍ ក្នុងស្រុកឯកភ្នំ និងស្តារឡើងវិញនូវទំនប់អាងស្តុកទឹក៖ ចំនួន ០៧ កន្លែង ក្នុងខេត្តបន្ទាយមានជ័យ៖ គឺ (១)-ទំនប់តាដុក (២)-ទំនប់អាងគ្រុឌ (៣)-ទំនប់អាងស្ទឹង (៤)-ទំនប់អន្លង់ត្រាច ក្នុងស្រុកថ្មពួក និង (៥)-ទំនប់អាងបន្ទាត់បោះ (៦)-ប្រាសាទប្រាំ ក្នុងស្រុកស្វាយចេក។

ស្តារឡើងវិញនូវប្រព័ន្ធប្រឡាយ (Canal)៖ ចំនួន ០៨ កន្លែង ក្នុងខេត្តបាត់ដំបង៖ គឺ (១)-ប្រឡាយលេខ១ (២)-ប្រឡាយលេខ២ (៣)-ប្រឡាយលេខ៣ (៤)-ប្រឡាយលេខ៤ (៥)-ប្រឡាយលេខ៥ ក្នុងស្រុកថ្មគោល និង (៦)-ប្រព័ន្ធស្រោចស្រពមង្គលបុរី (៧)-ប្រឡាយព្រៃខ្ពស់ ក្នុងស្រុកបវេល និង (៨)-ប្រព័ន្ធស្រោចស្រពកង្ហត ក្នុងស្រុកបាណន់ និងស្តារឡើងវិញនូវប្រព័ន្ធប្រឡាយ (Canal)៖ ចំនួន ០២ កន្លែង ក្នុងខេត្តបន្ទាយមានជ័យ៖ គឺ (១)-អាងប្រសាទប្រាំ និង (២)-អាងអន្លង់រុត ក្នុងស្រុកស្វាយចេក។

២-កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង មានទឹកប្រាក់ចំនួន ៣០០ ០០០ អឺរ៉ូ (ប្រមាណ ៣៤៦ ៨០០ ដុល្លារអាម៉េរិក) ពីមូលនិធិ Facility for Support, Preparation and Implementation of Project (FAPS) សម្រាប់ហិរញ្ញប្បទានដល់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងស្តារឡើងវិញស្ទឹងស្វាយចេក (Svay Chek River Restoration and Management Project) ក្នុងខេត្តបន្ទាយមានជ័យ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការផ្តល់ហិរញ្ញប្បទានដល់គម្រោង/កម្មវិធីខាងលើនេះ គឺបានឆ្លើយតបយ៉ាងជាក់ច្បាស់ទៅនឹងសេចក្តីត្រូវការជាអាទិភាពក្នុងការរួមចំណែកការអភិវឌ្ឍន៍ និងស្តារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិកូវិដ-១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ដោយលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ តាមរយៈការសាងសង់ប្រព័ន្ធធារាសាស្រ្ត ដែលស្របទៅនឹងមុំទី ១ នៃចតុកោណទី ៤ ដូចមានចែងក្នុងឯកសារយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

សាធារណរដ្ឋបារាំង មិនត្រឹមជាប្រទេស ដែលបានចូលរួមយ៉ាងសកម្មក្នុងការនាំមកនូវសុខ សន្តិភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏ជាមិត្តដ៏ប្រពៃ ដែលតែងតែជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍកម្ពុជា ហើយភាពជាដៃគូនេះនឹងពង្រឹងឱ្យកាន់តែខ្លាំងឡើងនូវចំណងមិត្តភាព រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

ទន្ទឹមនេះ ក្នុងនាមលោកស្រីផ្ទាល់ និងក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង លោកស្រីនាយក AFDប្រចាំនៅកម្ពុជា បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការ និងវិធានការនានា ដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញ ក្នុងការប្រយុទ្ធទៅនឹងការរាលដាលនៃជំងឺកូវិដ-១៩។ ជាពិសេស ការដាក់ចេញនូវគោលការណ៍ ៣ កុំ ៣ ការពារ, ការដាក់វិធានការបិទខ្ទប់ដោយគ្មានការបិទប្រទេសទាំងមូល និងការជំរុញ យ៉ាងសកម្មក្នុងការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដល់កងកម្លាំង មន្រ្តីរាជការ គ្រូបង្រៀន និយោជិក កម្មករ-កម្មការនី និងប្រជាជនទូទៅ ដែលបច្ចុប្បន្ននេះជារួមសម្រេចបានប្រមាណ ៩៩% ផ្អែកតាមផែនការ។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង និងប្រជាជនបារាំង តាមរយៈ AFD ដែលបានបន្តគាំទ្រប្រកបដោយភាពសប្បុរស និងបានផ្តល់ហិរញ្ញប្បទានដ៏ថ្លៃថ្លា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលសកម្មភាពទាំងនេះ គឺជាសក្ខីភាព ប្រកបដោយកាយវិការដ៏ប្រពៃ និងសមានចិត្តដ៏ថ្លៃថ្លា របស់ភាគីមិត្ត ជាពិសេស ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី៕

information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.