January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ពិធីដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប រួមគ្នាដាំកូនឈើនៅមុខបរិវេណប្រាសាទអង្គរវត្ត

ចេញផ្សាយថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១៩ ខែ​ វិច្ឆិកា ​ឆ្នាំ​២០២១។

សៀមរាប ៖ កូនឈើ ចំនួន៥៣ដើម ត្រូវបានដាំនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងគោលបំណង បង្ហាញអំពីសាមគ្គីភាពរវាងយុវជន និងយុវជន ប្រទេសនិងប្រទេសក្នុងទ្វីបអាស៊ី និងអឺរ៉ុប។

កូនឈើទាំង ៥៣ដើម តំណាងឱ្យស្ថាប័នចំនួន២ គឺលេខាធិការដ្ឋានអាស៊ាន លេខាធិការដ្ឋានសហភាពអឺរ៉ុប និងតំណាងបណ្ដា ប្រទេសទាំង៥១ ជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះតាមរយៈប្រព័ន្ធអនឡាញ។

ក្នុងពិធីដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុបនោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាយុវជនអាស៊ី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេង នៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ ដឹកនាំដោយ ឯកឧត្ដម សុខ សូកេន និងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់រៀបចំ ពិធីដ៏មានអត្ថន័យនេះឡើង ក្នុងស្មារតីរឹតចំណងការទូតជាលក្ខណៈអន្តរជាតិបន្ថែមទៀត និងជាសកម្មភាពប្រកបដោយ ការយកចិត្តទុកដាក់លើបម្រែបម្រួលអាកាសធាតុជាសកល ពីសំណាក់ថ្នាក់ដឹកនាំយុវជនកម្ពុជា និងអន្តរជាតិ។

ឯកឧត្ដម ក៏បានបង្ហាញពីមោទនភាពដែលប្រជាជនកម្ពុជា និងជាពិសេសយុវជននៅទូទាំងតំបន់អាស៊ី និងអឺរ៉ុបអាចចូលរួម ជាមួយគំនិតផ្ដួចផ្តើមនេះ និងរួមគ្នាទទួលខុសត្រូវជាមួយមហិច្ឆតាក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលជាដំណោះស្រាយឆ្លើយតបនឹងបញ្ហាបរិស្ថានពិភពលោក។ ក្នុងពេលដែលសកលលោកកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យើងក៏កំពុងប្រឈមមុខផងដែរនឹងបញ្ហាបម្រែបម្រួលអាកាសធាតុបង្កឱ្យមានការកើនកម្ដៅពិភពលោក គ្រោះធម្មជាតិដូចជាទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះជាដើម ដែលទាំងនេះជាបញ្ហាសកលមួយ ដោយយើងមិនអាចមើលរំលងបានឡើយ។

ឯកឧត្តមបានបន្ថែមផងដែរថា ព្រឹត្តិការណ៍ដាំកូនឈើនាពេលនេះមិនត្រឹមតែឆ្លុះបញ្ចាំង អំពីការគោរពរបស់យើងចំពោះបរិស្ថាន ធម្មជាតិ និងការយល់ដឹងអំពីបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវា ក៏ជានិមិត្តរូបនៃភាពជឿជាក់លើពហុភាគីនិយម និងការរីកចម្រើនរួមគ្នា ក្រោមការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមជាមួយយុវជននៅទូទាំងពិភពលោក ទាំងក្នុងក្របខណ្ឌក្រុមគ្រួសារនៃសហភាព សហព័ន្ធយុវជនកម្ពុជា និងក្រុមប្រឹក្សាយុវជនអាស៊ី។

សូមបញ្ជាក់ថា ពិធីដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប គឺជាគំនិតផ្ដួចផ្តើមរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ក្នុងនាមជាស្ថាប័នដឹកនាំក្រុមការងារអន្តរក្រសួង ស្ថាប័ន សហការជាមួយនឹងមូលនិធិអាស៊ី-អឺរ៉ុប និងចូលរួមគាំទ្រពី ក្រសួង អប់រំ យុវជន និងកីឡា ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន អាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដោយរៀបចំឡើងក្រោមប្រធានបទ «ដាំដើមឈើសាមគ្គីភាពយុវជនអាស៊ីអឺរ៉ុប» ក្នុងគោលបំណង បង្ហាញអំពី សាមគ្គីភាពគ្នារវាងយុវជន និងយុវជន ប្រទេសនិងប្រទេសក្នុងទ្វីបអាស៊ី និងអឺរ៉ុប និងជាការបង្ហាញនូវការយកចិត្តទុកដាក់ក្នុងនាម យុវជនជាថ្នាក់នាំនៃប្រទេសនីមួយៗ ទៅលើគុណតម្លៃនៃធម្មជាតិ និងបម្រែបម្រួលអាកាសធាតុ ដែលជាការរួមចំណែកដល់ការ អភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការដាំកូនឈើចម្រុះចំនួន៥៣ដើម នៅមុខប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប ដែលជា រមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រ និងជាបេតិកភណ្ឌពិភពលោក៕

information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.