January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

កូនស្វាកន្ទុយ ស ត្រោស ចំនួន២ក្បាល ជាប្រភេទសត្វស្វាកម្រ ប្រជាពលរដ្ឋប្រគល់ឱ្យក្រុមការងារអភិរក្សសត្វព្រៃខេត្តមណ្ឌលគិរី

កូនស្វាកន្ទុយ ស ត្រោស ចំនួន២ក្បាល ជាប្រភេទសត្វស្វាកម្រ ប្រជាពលរដ្ឋប្រគល់ឱ្យក្រុមការងារអភិរក្សសត្វព្រៃខេត្តមណ្ឌលគិរី

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ  ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

(ខេត្តមណ្ឌលគិរី )៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារអភិរក្សសត្វព្រៃចល័តរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយអង្គការ WWF បានប្រគល់កូនសត្វស្វាចំនួន២ក្បាល ទៅឱ្យមន្រ្តីជំនាញអភិរក្សសត្វព្រៃ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីបន្តការថែទាំ ការពារ និងអភិរក្ស ខណៈសត្វស្វាទាំង២ក្បាលនេះត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងខេត្តមណ្ឌលគិរី ប្រគល់មកឱ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។

សត្វស្វាក្រវាត់ ឬ ស្វាកន្ទុយ ស មានឈ្មោះជាភាសាអង់គ្លេសហៅថា Douc Langur គឺជាថនិកសត្វស្ថិតក្នុងក្រុមមានដោយកម្រ ហើយត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញាស្ដីពីពាណិជ្ជកម្មអន្តរជាតិ លើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ ហៅកាត់ថា CITES ។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋរស់នៅភូមិពូត្រុំ ឃុំរមនា ក្រុងសែនមនោរម ខេត្តមណ្ឌលគិរី បង្ហាញថា កូនស្វាកន្ទុយ ស១ក្បាលនេះ លោកទទួលបានពីបងប្អូនជនជាតិដើមភាគតិច ហើយលោកបានយកមកចិញ្ចឹម ប៉ុន្តែដោយលោកបានឈ្វេងយល់អំពីការចិញ្ចឹមសត្វព្រៃគឺជាសកម្មភាពប្រាសចាកពីច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ទើបលោក និងក្រុមគ្រួសារសម្រេចប្រគល់ឱ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីចូលរួមការងារអភិរក្សសត្វព្រៃ ខណៈសត្វស្វា១ក្បាលនេះជាប្រភេទមានដោយកម្រ និងជិតផុតពូជទៅហើយ ។ ដោយឡែកកូនស្វាត្រោសចំនួន ១ក្បាលទៀត ក៏ត្រូវបានប្រជាពលរដ្ឋរស់នៅភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ប្រគល់ឱ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីចូលរួមអភិរក្សសត្វព្រៃផងដែរ។

សត្វស្វាត្រោស គឺជាថនិកសត្វស្ថិតក្នុងក្រុមមានដោយបង្គួរ មានឈ្មោះជាភាសាអង់គ្លេសហៅថា Pig-Tailed Macaque ហើយត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធ២ នៃអនុសញ្ញា CITES ។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានសម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើប្រភេទសត្វស្វាកន្ទុយ ស ដែលក្រុមការងារអនុវត្តន៍ច្បាប់ចល័ត ទទួលបានពីបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តមណ្ឌលគិរី។ លោកថ្លែងថា «ថ្មីៗនេះ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលបានកូនសត្វស្វាក្រវាត់ ឬ ស្វាកន្ទុយ ស សរុបចំនួន២ក្បាលពីប្រជាពលរដ្ឋ ជាពិសេសគឺជាកូនស្វានៅតូច។ ដែលនេះជាការឆ្លុះបញ្ចាំងអំពីជម្រករបស់ពួកវាត្រូវបានរំខានដោយសារសកម្មភាពប្រមាញ់មានការកើនឡើង និងការលួចកាប់ទន្រ្ទានព្រៃស្រោងដែលជាជម្រកដ៏សំខាន់របស់ពួកវា ពីព្រោះវាចូលចិត្តរស់នៅក្នុងព្រៃស្រោង ហើយពួកវាកំពុងតែទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំង »។

លោកបានណែនាំដល់នាយកដែនជម្រកសត្វព្រៃ ក្នុងតំបន់ការពារធម្មជាតិទាំង៥តំបន់ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ត្រូវបន្តចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់ការគំរាមកំហែងទៅលើសកម្មភាពបរបាញ់ និងការលួចទន្រ្ទានដីព្រៃក្នុងតំបន់ការពារធម្មជាតិ។ លោកបានសម្ដែងការព្រួយបារម្ភអំពីចំនួននៃការថយចុះទៅលើសត្វស្វាប្រភេទនេះ ដោយ សារសកម្មភាពបរបាញ់កើនឡើង និងការបាត់បង់គម្របព្រៃស្រោងដែលជាទីជម្រករបស់សត្វស្វាកន្ទុយ ស ៕

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.