មីយ៉ាន់ម៉ា៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការបរទេសន័រវែស បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ដើម្បីកាត់បន្ថយវិបត្តិដ៏ស្មុគស្មាញនេះ
ចេញផ្សាយថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២។
ភ្នំពេញ៖ អំពីស្ថានភាពនៅមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការបរទេសន័រវែស បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ដើម្បីកាត់បន្ថយវិបត្តិដ៏ស្មុគស្មាញនេះ ជាពិសេសតាមរយៈការពន្លឿនការអនុវត្តកិច្ចព្រៀមព្រៀងជាឯកច្ឆន្ទទាំងប្រាំចំណុច ដែលបានឯកភាពក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែចូលរួមដើម្បីសម្រេចបាននូវដំណោះស្រាយប្រកបដោយបរិយាប័ន្នមួយ និងសន្តិភាព និងការបង្រួបបង្រួមជាតិយូរអង្វែង។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយលោកជំទាវ Anniken Huitfeldt រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រន័រវែស កាលពីថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២២។ រដ្ឋមន្រ្តី ការបរទេសទាំងពីរបានផ្លាស់ប្តូរយោបល់លើមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង កម្ពុជា-ន័រវែស និងភាពជាដៃគូអាស៊ាន-ន័រវែស។ ឯកឧត្ដម ប្រាក់ សុខុន បានជម្រាបជូនលោកជំទាវ Anniken Huitfeldt អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន រួមទាំងដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះទៅកាន់មីយ៉ាន់ម៉ាដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជំហានបន្ទាប់របស់កម្ពុជាផងដែរ ហើយបានថ្លែងអំណរគុណន័រវែស ដែលបានរៀបចំឱ្យឯកឧត្តមធ្វើបទបង្ហាញអំពីមីយ៉ាន់ម៉ា នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះការសម្តែងនូវការគាំទ្ររបស់លោកជំទាវ Huitfeldt ដល់តួនាទីរបស់ឯកឧត្ដម ជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា ក៏ដូចជា ផែនការរបស់ឯកឧត្តមក្នុងការស្វែងរកវិធី និងមធ្យោបាយប្រកបដោយប្រសិទ្ធភាព សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា ដល់ប្រជាជនទាំងអស់នៅមីយ៉ាន់ម៉ាដែលត្រូវការជំនួយបន្ទាន់ដោយគ្មានការរើសអើង។ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណលោកជំទាវ Anniken Huitfeldt ចំពោះការប្តេជ្ញាចិត្តគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» និងបានជម្រាបជូនលោកជំទាវអំពីអាទិភាពនានារបស់កម្ពុជា ដើម្បីជំរុញបន្ថែមទៀតការកសាងសហគមន៍អាស៊ាន នៅចំពោះមុខការប្រឈមនានាក្នុងពេលបច្ចុប្បន្ន។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបង្ហាញទស្សនៈរួមចំពោះតម្លៃនៃសន្តិភាព និងសន្តិសុខ នៅក្នុងទំនាក់ទំនងខាងក្រៅនិងបានចែករំលែកនូវបំណងប្រាថ្នាដ៏មុតមាំ ក្នុងការលើកកម្ពស់ភាពជាដៃគូអាស៊ាន-ន័រវែស លើគ្រប់វិស័យដែលអាចធ្វើទៅបាន៕