January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ត្បូងឃ្មុំ ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន

ចេញផ្សាយថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ៧ ខែ​មីនា ​ឆ្នាំ​២០២២។

ត្បូងឃ្មុំ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលសាងសង់ឡើងក្រោមជំនួយឥតសំណងដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានតម្លៃប្រមាណ៤៥លានដុល្លារអាម៉េរិក ដែលមានទីតាំងស្ថិតនៅទីរួមខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងថា គម្រោងសាងសង់មន្ទីរពេទ្យនេះ គឺជាគម្រោងធំទី២ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដោយគម្រោងធំទី១ អគារមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ ដែលត្រៀមនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ខេត្តត្បូងឃ្មុំ ជាខេត្តទើបតែបង្កើត ដោយកាត់ចេញពីខេត្តកំពង់ចាម កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ដោយ គ្រប់ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបង្កើតឡើងថ្មីទាំងអស់។ ខេត្តត្បូងឃ្មុំមានមន្ទីរពេទ្យបង្អែកចំនួន៧ មណ្ឌលសុខភាពចំនួន ៧១ និងប៉ុស្តិ៍សុខភាពចំនួន០១ ដែលគ្របដណ្តប់ប្រជាជនប្រមាណ ៨៤៣ ៣១០នាក់។ ខេត្ត ត្បូងឃ្មុំ មានបុគ្គលិក មន្ត្រីសុខាភិបាលសរុបចំនួន ១ ៣៨០ នាក់ ក្នុងនោះស្ត្រី ៦៨៤នាក់។

ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានគូសបញ្ជាក់ឱ្យដឹងថា មន្ទីរពេទ្យថ្មីនេះមានទំហំ ២៤ ៣០០ ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥ ៨១៥ ម៉ែត្រការ៉េ។ មន្ទីរពេទ្យនេះមានចំនួនគ្រែសរុប ៣០០គ្រែ ដែលចែកជាផ្នែក និងមុខងារជំនាញផ្សេងៗ ដូចជា ផ្នែកជំងឺទូទៅ ផ្នែកជំងឺកុមារ ផ្នែកជំងឺឆ្លង ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកប្រពោធនកម្ម (ICU) ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែករោគស្ត្រីនិងសម្រាលកូន ផ្នែករូបភាពវេជ្ជសាស្ត្រ និង Endoscopy ផ្នែកមន្ទីរពិសោធន៍ និងឱសថស្ថាន បន្ទប់រំងាប់មេរោគ ផ្នែកប្រព័ន្ធព័ត៌មាននិងបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកគាំទ្រ មានដូចជា រដ្ឋបាល និងប្រព័ន្ធសុវត្ថិភាព បន្ទប់បង្កើតនិងផ្ទុកអុកស៊ីសែន បន្ទប់សម្អាតទឹកកខ្វក់ បន្ទប់ដាក់កាកសំណល់វេជ្ជសាស្ត្រ។ មន្ទីរពេទ្យនេះត្រូវបានសាងសង់ក្នុងរយៈពេល៣២ខែ ដោយចាប់ផ្តើមពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ និងចំណាយទឹកប្រាក់អស់ ២៩៨លានយ័ន (ពីរយកៅសិបប្រាំបីលាន យ័នចិន) ស្មើ នឹងប្រមាណជា ៤៥លាន ដុល្លារអាម៉េរិក។ ការសាងសង់ត្រូវបានបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២១។ មន្ទីរពេទ្យថ្មីនេះនឹងក្លាយជាមន្ទីរពេទ្យប្រចាំតំបន់ គ្របដណ្តប់ប្រជាជនមួយចំនួននៅ ខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី។ ចំពោះបុគ្គលិកនៃមន្ទីរពេទ្យថ្មីនេះ មានបុគ្គលិកសរុបចំនួន ១៩៣នាក់ ដែលក្នុងនោះមានវេជ្ជបណ្ឌិតឯកទេស ០៨នាក់ វេជ្ជបណ្ឌិត ២៨នាក់ ឱសថការី ០៦នាក់ ទន្តបណ្ឌិត ០១នាក់ និងជំនាញផ្សេងៗទៀត។ មន្ទីរពេទ្យធំថ្មីនេះមានតម្រូវការបុគ្គលិកវេជ្ជសាស្ត្រ គ្រប់ជំនាញប្រមាណ ២៤២នាក់ និងមន្ត្រីកិច្ចសន្យាបច្ចេកទេសផ្សេងៗ ព្រមទាំងមិនមែនជំនាញចំនួន ១១២នាក់។ ឯកឧត្ដមបានគូសបញ្ជាក់បន្ថែមថា សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាព ដែកថែប និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្ត ត្បូងឃ្មុំ និងភូមិភាគឦសាន ដែលរួមចំណែកយ៉ាងសំខាន់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគ្របដណ្តប់សេវាសុខភាពជាសកល ជាពិសេសជូនដល់ប្រជាជនដាច់ស្រយ៉ាល និង ជនជាតិភាគតិច ដោយមិនទុកឲ្យប្រជាជនណាម្នាក់ មិនបានទទួលការថែទាំសុខភាពនោះឡើយ។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន និងថ្លែងអំណរគុណដល់ក្រុមហ៊ុន សាងសង់China Railway Construction Group Co., LTD និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស China IPPR Co., LTD ដែលបានខិតខំសម្រេចការសាងសង់តាមកាលវិភាគដែលបានគ្រោងទុក ទោះបីជាបានប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ៕

ប្រភព៖ information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.