កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុងលើ«សេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»។
ចេញផ្សាយថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុងលើ«សេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»។
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ បានសម្រេចអនុម័តទាំងស្រុងលើ «សេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»។
សូមជម្រាបជូនថា សេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ» មានខ្លឹមសារសង្ខេបដូចខាងក្រោម៖ ច្បាប់ស្ដីពីការគ្របគ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាប្រព័ន្ធគ្រប់គ្រងរដ្ឋបាលបែបទំនើបនៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតជាសំខាន់ទៅលើការលើកកម្ពស់អភិបាល និងការអភិវឌ្ឍមូលដ្ឋានដោយមានការចូលរួមពីប្រជាពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងដំណើរការប្រជាធិបតេយ្យមូលដ្ឋាន និងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព បរិយាបន្ន និងសមធម៌សង្គម។ ទន្ទឹមនោះ ច្បាប់រៀបចំអង្គការ ក៏បានកំណត់ឱ្យមានប្រព័ន្ធអភិបាលកិច្ច នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានតួអង្គពីរសំខាន់ ដែលតួអង្គទី១គឺក្រុមប្រឹក្សា ដែលត្រូវបានបង្កើតឡើងតាមការបោះឆ្នោត ដើម្បីធ្វើជាតំណាងឱ្យសំឡេង និងផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ និងតួអង្គទី២ គឺគណៈអភិបាល ដែលត្រូវបានតែងតាំងដោយថ្នាក់ជាតិឱ្យទៅបម្រើការងារជាមួយក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចាត់ចែងអនុវត្តការងារប្រចាំថ្ងៃ។ ចំនួនគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌនីមួយៗ ត្រូវបានកំណត់នៅក្នុងមាត្រា ១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលចែងថា៖ – គណៈអភិបាលរាជធានីភ្នំពេញ មានចំនួនយ៉ាងច្រើនប្រាំពីរ (០៧)រូប។
– គណៈអភិបាលខេត្តមានចំនួនពីបី (០៣)រូប ទៅប្រាំពីរ (០៧)រូប។
– គណៈអភិបាលក្រុង ស្រុក ខណ្ឌមានចំនួនពីបី(០៣)រូប ទៅប្រាំ(០៥)រូប។
– ចំនួនជាក់ស្តែងនៃគណៈអភិបាល សម្រាប់ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លើមូលដ្ឋាននៃមាត្រា ១៤០នេះ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ និងបានសម្រេចដាក់ចេញនូវអនុក្រឹត្យជាបន្តបន្ទាប់ចំនួន ៣លើក ដើម្បីធ្វើការកែសម្រួលចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការកំណត់ចំនួនគណៈអភិបាលខេត្ត ក្រុង ស្រុក ខណ្ឌដែលបានបង្កើតថ្មី ដែលរហូតមកទល់បច្ចុប្បន្ននេះមានស្ថានភាពដូចខាងក្រោម៖ – រាជធានី ខេត្ត មានចំនួន ២៥ មានគណៈអភិបាលចំនួនសរុប ១៧៥រូប ( រាជធានី ខេត្តនីមួយៗមានគណៈអភិបាលចំនួន ៧រូប ស្មើគ្នា – ក្រុង ស្រុក ខណ្ឌមានចំនួន ២០៤ មានគណៈអភិបាលចំនួនសរុប១០២០រូប(ក្រុង ស្រុក ខណ្ឌនីមួយៗមានគណៈអភិបាលចំនួន ៥រូបស្មើៗគ្នា។
ជារួមមកទល់ពេលនេះ គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានបង្កើនដល់ចំនួនអតិបរមា ដែលច្បាប់បានកំណត់។ សារៈសំខាន់នៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងរយៈពេលប្រមាណ១៤ឆ្នាំ នៃការអនុវត្តច្បាប់រៀបចំអង្គការ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនមានជាអាទិ៍ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ការលើកកម្ពស់សិទ្ធិអំណាចនិងការចូលរួមរបស់ប្រជាពលរដ្ឋ ការបង្កើតឡើងនូវរចនាសម្ព័ន្ធនិងប្រព័ន្ធអភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិការធ្វើវិមជ្ឈការហិរញ្ញវត្ថុ ការផ្ទេរមុខងារក្នុងការផ្តល់សេវាសាធារណៈនិងការអភិវឌ្ឍមូលដ្ឋានការផ្ទេរបុគ្គលិក និងការកសាងសមត្ថភាពដល់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំប្រព័ន្ធផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើនេះ និងដោយផ្អែកលើបរិបទជាក់ស្តែងនៃស្ថិរភាពនយោបាយ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច សង្គម និងស្របពេលដែលកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវបានពង្រឹងពង្រីកកាន់តែស៊ីជម្រៅ ពិសេស ការផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចបានកំណត់ក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០២១-២០៣០) ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងគុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យកាន់តែប្រសើរថែមទៀតនោះ ការពង្រឹងស្ថាប័ន និងធនធានមនុស្សរដ្ឋបាលថ្នាក់ក្រោមជាតិពិតជាមានសារៈសំខាន់ ដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ កាន់តែមានថាមភាព និងសក្ដានុពលក្នុងការរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ខាងមុខ។ ❖ ខ្លឹមសារនៃសេចក្តីព្រាងច្បាប់ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្តក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ខែឧសភា ឆ្នាំ២០០៨ មានខ្លឹមសារដូចខាងក្រោម៖ មាត្រាមួយ៖ មាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ត្រូវបានធ្វើវិសោធនកម្ម ដូចតទៅ៖ មាត្រា ១៤០ថ្មី៖ គណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើន១១(ដប់មួយ)រូប។ គណៈអភិបាលខេត្តមានចំនួនពី៧(ប្រាំពីរ)រូប ទៅ១១(ដប់មួយ)រូប។ គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី៥(ប្រាំ)រូប ទៅ៧(ប្រាំពីរ)រូប។ ចំនួនជាក់ស្តែង នៃគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នេះ ចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្ទាប់ពីច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នេះ ចូលជាធរមាន៕
ប្រភព៖ SPM Page
Enter
ឯករាជ្យ18
ចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្ទាប់ពីច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នេះ ចូលជាធរមាន៕