ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នឹងស្នើទៅរាជរដ្ឋាភិបាលសុំមេដាយការងារជូនដល់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ខៀវ កាញារីទ្ធ ដើម្បីជាការលើកទឹកចិត្ត
ចេញផ្សាយថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២២
រដ្ឋមន្រ្តីក្រសួងព័ត៌មាន នឹងស្នើទៅរាជរដ្ឋាភិបាល សុំមេដាយការងារជូនដល់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ ដើម្បីជាការលើកទឹកចិត្ត នឹងបន្តជំរុញសកម្មភាពនេះទៅមុខទៀត ។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងបែបនេះនៅក្នុងកម្មវិធីប្រជុំបូកសរុបការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ខៀវ កាញារីទ្ធ ដែលកន្លងមកបានចុះពិនិត្យជំងឺជូនប្រជាពលរដ្ឋឥតគិតថ្លៃ នៅទូទាំងស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថា ការជួបជុំគ្នានាឱកាសនេះ គឺជាការបញ្ចប់បេសកកម្មរបស់ក្រុម គ្រូពេទ្យស្មគ្រ័ចិត្តប្រកបដោយជោគជ័យ ក្រោយពីបានចុះពិនិត្យ-ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងឃុំទាំង៨នៃស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ឯកឧត្តម បានបន្តថា យើងបានរៀបចំផែនការបន្តទៀត គឺ ១ខែ ឬ ២ខែ ក្រុមគ្រូពេទ្យនឹងចុះពិនិត្យព្យាបាល ជំងឺជូនប្រជាពលរដ្ឋឥតគិតថ្លៃទៀត ។ ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវការអរគុណ ចំពោះក្រុមគ្រូពេទ្យទាំងអស់ ដែលបាន ចំណាយពេលវេលា និងកម្លាំងកាយចិត្ត ក្នុងការចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ ហើយឯកឧត្តម នឹងស្នើទៅរាជរដ្ឋាភិបាល ក្នុងការផ្តល់ជូននូវមេដាយការងារ ជូនដល់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តទាំងអស់ ដើម្បីជាការលើកទឹកចិត្ត នឹងបន្តជំរុញសកម្មភាពនេះ ទៅមុខទៀត ក្នុងការធ្វើយ៉ាងណារួមចំណែកលើកកម្ពស់សុខភាពជូនប្រជាពលរដ្ឋនៅតាមទីជនបទឲ្យកាន់តែប្រសើរ ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានផ្តល់ជូននូវលិខិតសរសើរដល់ លោកជំទាវ សាស្រ្តាចារ្យឱសថបណ្ឌិត ខៀវទេព រង្ស៊ីកាញារីទ្ធ ប្រធានកិត្តិយសក្រុមគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ខៀវ កាញារីទ្ធ និងជូនដល់ប្រធាន អនុប្រធាន និងក្រុមគ្រូពេទ្យ ទាំងអស់ចំនួន៨៣នាក់ ដែលបានលះបង់ពេលវេលា យកអស់កម្លាំងកាយចិត្ត ដើម្បីចូលរួមក្នុងយុទ្ធនាការពិនិត្យសុខភាព ព្យាបាលជំងឺនិងចែកថ្នាំជូនដល់ប្រជាជនក្នុងស្រុកោះសូទិន ។
ឯកឧត្តម វេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ ជំនួសមុខ ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ខៀវ កាញារីទ្ធ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម អភិបាលខេត្តកំពង់ចាម និងក្រុមការងារចុះឃុំទាំង៨ ដែលបានផ្ដល់ទំនុកចិត្ត ជំនឿ មកលើក្រុមគ្រូពេទ្យដោយបាន ឧបត្ថម្ភគាំទ្រទាំងស្មារតីនិងសម្ភារៈ ថវិកា ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តមានលទ្ធភាព គ្រប់គ្រាន់ ក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ សរុបបានចំនួន ៤ ៦៦៣នាក់ ក្នុងនោះ ជំងឺទូទៅមាន ៣ ៨៤៥នាក់ ដកធ្មេញមាន ៣៥១នាក់ ចាក់វ៉ាក់សាំងបាន ៣៦៨នាក់ វាស់ភ្នែកនិងផ្តល់ជូនវែនតាជូនបាន ១០០នាក់ ដោយចំណាយថវិកាអស់ជាង ៧៦លានរៀល ។
ឯកឧត្តម អ៊ុន ចាន់ដា បានចាត់ទុកក្រុមគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានចុះមកស្រុកកោះសូទិន មិនត្រឹមតែចូលរួមក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែថែមទាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដើម្បីឱ្យមានភាពស៊ាំក្នុងសហគមន៍ ។ឯកឧត្តមបញ្ជាក់ថា សកម្មភាពពិនិត្យ ព្យាបាលជំងឺឥតគិតថ្លៃនេះ គឺជាការចូលរួមកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ដែលចំណាយទៅលើគ្លីនិកឯកជន ឬពេទ្យរដ្ឋ ដែលយកសេវា ។ ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរ និងគាំទ្រចំពោះសកម្មភាពការងាររបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ ទាំងអស់ ហើយសូមបន្តសកម្មភាពនេះទៅមុខទៀត ដើម្បីសុខុមាលភាព របស់ប្រជាពលរដ្ឋ ដែលជា គោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការការពារសុខភាពរបស់ប្រជាពលរដ្ឋ ឱ្យបានល្អ៕
www.information.gov.kh
ទំនាក់ទំនងការផ្សាយ៖ 077 949441 – 096 994 9441 – 071 223 1111