ខេត្តមណ្ឌលគិរី៖ ឯកឧត្តម នេត្រ ភក្ត្រា (អន្ទាក់ជាឃាតកលាក់មុខ និងជាកត្តាគំរាមកំហែងដ៏ចម្បងមួយចំពោះសត្វព្រៃ)
ចេញផ្សាយថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២២
ខេត្តមណ្ឌលគិរី៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួង បរិស្ថាន បានលើកឡើងថា អន្ទាក់ជាឃាតកលាក់មុខ និងជាកត្តាគំរាមកំហែងដ៏ចម្បងមួយចំពោះសត្វព្រៃ ដែលត្រូវរួមគ្នាលុបបំបាត់ ដើម្បីបញ្ឈប់ការដាក់អន្ទាក់ និងការបរ បាញ់សត្វព្រៃដោយខុសច្បាប់ និងធ្វើឱ្យតំបន់ការពារធម្មជាតិកាន់តែមានសុវត្ថិភាពសម្រាប់ជីវៈចម្រុះគ្រប់ប្រភេទ និងសម្រាប់មនុស្ស។ ក្នុងយុទ្ធនាការជាតិសំដៅលើកកម្ពស់ការយល់ដឹងស្តីពីផលប៉ះពាល់នៃការប្រើប្រាស់អន្ទាក់សត្វខុសច្បាប់ ត្រូវបានប្រកាសចាប់ផ្តើមនាថ្ងៃនេះ នៅក្នុងទឹកដីខេត្តមណ្ឌលគិរី នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២២ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ស្ថានភាពដ៏អាក្រក់នៃការធ្លាក់ ចុះជីវៈចម្រុះមិនបានកើត ឡើង តែក្នុងប្រទេសកម្ពុជានោះទេ គឺចំនួនសត្វព្រៃនៅលើសកលលោកទាំងសត្វរស់នៅលើដីនិងក្នុងទឹក ក៏បានធ្លាក់ចុះខ្លាំងបំផុតរហូតដល់ ៦៨% ជាមធ្យម ក្នុងរយៈពេល ៥០ ឆ្នាំចុង ក្រោយនេះ បើគិតចាប់តាំងពីឆ្នាំ១៩៧០ មក។ ការបរបាញ់ខុសច្បាប់ចាប់តាំងពីអតីត កាលមកដល់ពេលបច្ចុប្បន្ន រួមផ្សំនឹងបរិមាណអន្ទាក់បានដាក់ជាច្រើនក្នុងព្រៃធម្មជាតិ ជាកត្តាជំរុញ ដោយការជួញ ដូរសត្វព្រៃខុសច្បាប់ សុទ្ធ សឹងជាមូលហេតុចម្បងៗ ដែលបណ្តាលឱ្យសត្វព្រៃនៅកម្ពុជាប្រឈមមុខនឹងការ បាត់បង់។ អន្ទាក់ជាឃាតកលាក់មុខ និងជាកត្តាគំរាម កំហែងដ៏ចម្បងមួយចំពោះសត្វព្រៃ។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានគូសបញ្ជាក់បន្ថែមថា នេះជាពេលវេលាមួយដែលយើងទាំងអស់គ្នាត្រូវ រួមសហការគ្នាចាត់វិធានការអភិរក្សបន្ទាន់និងប្រកប ដោយភាពច្នៃប្រឌិតដើម្បីចូលរួមទប់ស្កាត់កត្ដាគំរាមកំហែងចម្បងៗទាំងនេះជាពិសេសពីកត្តាអន្ទាក់។ ដោយសារតែការអភិរក្សមានភាពប្រសើរឡើង ជម្រក ប្រភពទឹក និងកន្លែងរកចំណី ត្រូវបានការពារ យើងសង្កេត ឃើញសត្វព្រៃប្រភេទខ្លះមានការកើនឡើង ខ្លះនៅថេរ និងប្រភេទសត្វខ្លះបន្តធ្លាក់ចុះ ជាពិសេសប្រភេទសត្វក្រចក ជើងចំពាមដែលរកស៊ីលើដី។ វិធានការដែលនឹងត្រូវអនុវត្តដើម្បីលុបបំបាត់អន្ទាក់គឺវិធានការច្បាប់ និងវិធានការ សេដ្ឋកិច្ចនឹងត្រូវដើរទន្ទឹមគ្នា។ យុទ្ធនាការនេះត្រូវបានប្រកាសចាប់ផ្តើមនៅក្នុងបណ្តាខេត្តជាច្រើន រួមទាំងខេត្តមណ្ឌលគិរីផងដែរ ដែលបានផ្តោតលើការប្រើប្រាស់វិធីសាស្រ្តប្រព័ន្ធទីផ្សារមានមេត្រី ភាពចំពោះការអភិរក្សដើម្បីដោះស្រាយចំពោះវិបត្តិអន្ទាក់ និងការគំរាមកំហែងផ្សេងៗទៀតដែលប៉ះពាល់ដល់តំបន់ ការពារធម្មជាតិ និងជីវចម្រុះរបស់ប្រទេសកម្ពុជា។ លោក សេង ទៀក នាយកអង្គការ WWF បានថ្លែងថា ស្របគ្នានេះ វិធានការរួម និងការពង្រឹងការអនុវត្តច្បាប់ដ៏តឹងរឹង គឺជាការចាំបាច់បំផុតដើម្បីបញ្ឈប់តម្រូវការសាច់ សត្វព្រៃ និងបិទចោលនូវរាល់ទីផ្សារលក់ដូរសត្វព្រៃគ្រប់ប្រភេទ។ លោកបានបន្តថា មធ្យោបាយសំខាន់ក្នុងការដោះស្រាយបញ្ហាឫសគល់នៃការបរបាញ់ និងការជួញដូរសត្វព្រៃ គឺដើម្បីធានាថាប្រជា ជនរស់នៅក្នុង និងនៅខាង ក្រៅតំបន់ការពារធម្មជាតិ អាចចូលរួមយ៉ាងជិតស្និទ្ធក្នុងការអភិរក្សសត្វព្រៃ ដំណោះ ស្រាយផ្អែកលើមូលដ្ឋានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ សូមបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យត្រូវបានប្រកាសបើកជាផ្លូវការកាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ មានគោលដៅលុបបំបាត់រាល់ការដាក់អន្ទាក់គ្រប់ប្រភេទ តាម រយៈការលើកកម្ពស់ការយល់ដឹងសាធារណៈ ការលើកទឹក ចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួម និងការរៀបចំដាក់ ចេញនូវវិធីសាស្រ្តនានាដើម្បីឆ្លើយតបចំពោះគោលដៅអភិរក្សជីវចម្រុះរបស់ប្រទេសកម្ពុជា។ យុទ្ធនាការនេះត្រូវបានប្រារព្ធប្រកាសបើករួច ហើយក្នុងខេត្តស្ទឹងត្រែង ព្រះវិហារ និងក្រចេះ ហើយកំពុងត្រូវបានប្រកាសបើកក្នុងខេត្តមណ្ឌលគិរី រួចនឹងឈានទៅប្រកាសបើកក្នុងខេត្តកំពង់ ធំ និងខេត្តរតនគិរីជាបន្ត បន្ទាប់ ដោយការបិទបញ្ចប់ត្រូវបានគ្រោងសម្រាប់ខែតុលា ឆ្នាំ២០២២ ខាងមុខ៕
ប្រភព៖information.gov.kh
ទំនាក់ទំនងការផ្សាយ៖ 077 949441 – 096 994 9441 – 071 223 1111