ខេត្តសៀមរាប៖ កសិករ ចៅ មាន កំពុងប្រមូលផល បន្លែហូបផ្លែជាច្រើនប្រភេទ លក់ទៅកាន់ទីផ្សារ និងអាចរក ប្រាក់ចំណូលជាមធ្យម២០ម៉ឺនរៀលក្នុងមួយថ្ងៃ
ចេញផ្សាយថ្ងៃអង្គារ៍ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២២
កសិករ ចៅ មាន រស់នៅក្នុងខេត្តសៀមរាប កំពុងប្រមូលផល បន្លែហូបផ្លែជាច្រើនប្រភេទ លក់ទៅកាន់ទីផ្សារ និងអាចរក ប្រាក់ចំណូលជាមធ្យម២០ម៉ឺនរៀលក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោកចៅ មាន រស់នៅក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា លោកចាប់យកមុខរបរកសិកម្ម រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ដោយមានការដាំបន្លែចម្រុះជាច្រើនមុខ ទៅតាមការបញ្ជាទិញ និងចិញ្ចឹមមាន់ស្រែ ផ្គត់ផ្គង់តម្រូវការទីផ្សារ។ បច្ចុប្បន្នលោកកំពុងប្រមូលផលបន្លែហូបផ្លែជាច្រើនមុខ ដូចជា ល្ពៅ ននោង ត្រឡាច និងឃ្លោក ដើម្បីលក់ទៅកាន់ទីផ្សារ។
លោកបន្តថា ក្នុងមួយថ្ងៃលោកអាចរកប្រាក់ចំណូលបានជាមធ្យម២០ម៉ឺនរៀល ពីមុខរបរនេះ ដោយការលក់ចេញមិនព្រួយបារម្ភរឿងទីផ្សារឡើយ ព្រោះទីផ្សារដែលលោកលក់ចេញបន្លែទាំងនោះរួមមាន ការលក់បោះដុំឱ្យម៉ូយ នៅផ្សារសាមគ្គី និងដាក់លក់ខ្លះៗនៅមុខផ្ទះរបស់លោក។
កសិករចៅ មាន បានបន្តទៀតថា តំបន់ដែលលោករស់នៅមានអំណោយផលល្អក្នុងការដាំដុះបន្លែហូបផ្លែ ដូច្នេះកសិករភាគច្រើននិយមដាំដុះបន្លែទាំងនោះ ទៅតាមរដូវកាលនីមួយៗ។ ក្នុងនោះបើសិនជាកសិករ ចង់ទទួលបានជោគជ័យ ក្នុងការដាំដុះបន្លែរបស់ខ្លួន ត្រូវតែចេះសង្កេតមើលពីស្ថានភាពដីក្នុងតំបន់ ជាពិសេសបច្ចេកទេសក្នុងការដាំដុះ ដោយប្រើប្រាស់ប្រព័ន្ធតំណក់ទឹកដើម្បីភាពងាយស្រួល ទទួលបានទិន្នផលខ្ពស់។
ធម្មតាយើងចែកបន្លែ មានបន្លែមើមបន្លែស្លឹក និងបន្លែផ្លែ ប៉ុន្តែខាងកសិដ្ឋានខ្ញុំបន្លែផ្លែ បច្ចុប្បន្នខ្ញុំដាំននោង ត្រឡាច ល្ពៅ និងត្រៀមត្រសក់ និងសណ្តែក រាល់ថ្ងៃខ្ញុំប្រមូលផលមានត្រឡាច ននោង និងល្ពៅ ឃ្លោក បួនមុខ សម្រាប់ននោងខ្ញុំដាំ១៥រង បណ្តោយ៤០ម៉ែត្រ ត្រឡាចដាំ១០រង បណ្តោយ៤០ម៉ែត្រ ឃ្លោក៥រង បណ្តោយ៤០ម៉ែត្រដូចគ្នា ល្ពៅ២០គុណនឹង៣០ម៉ែត្រ និយាយទៅរាល់ថ្ងៃ តែឆ្លាស់គ្នា ឧទាហរណ៍ថា ថ្ងៃនេះយើងប្រមូលផលត្រឡាច ឃ្លោក ស្អែកយើងប្រមូលផលល្ពៅជាមួយននោង មួយថ្ងៃអត់ទៀងជួនកាលបាន២០ម៉ឺន៣០ម៉ឺន ភាគច្រើនខ្ញុំលក់នៅផ្សារសាមគ្គីបោះដុំ និងលក់រាយតាមភូមិដាក់លក់មុខផ្ទះគាត់មកទិញ ក្នុងមួយថ្ងៃបាន៥ទៅ៦ម៉ឺនដែរ។
សូមជម្រាបផងដែរថា លោកចៅ មាន ជាកសិករគំរូមួយរូបក្នុងសហគមន៍ និងជាប្រធានក្រុមផលិតនៃសហគមន៍ចិញ្ចឹមមាន់ត្បែងខាងលិចជោគជ័យ ស្ថិតនៅក្នុងឃុំត្បែង នៃស្រុកបន្ទាយស្រី។ លោកជ្រើសរើសការដាំដុះបន្លែបែបសុវត្ថិភាព ដើម្បីផ្គត់ផ្គងនៅតាមសាលារៀន និងទីផ្សារខាងក្រៅ។ ផែនការបន្តលោកមាន គម្រោងបង្កើនការផលិត នៅក្នុងក្រុមឱ្យបានចំនួនច្រើន ដើម្បីធានាការផ្គត់ផ្គង់តម្រូវការទីផ្សារ៕
ប្រភព៖ information.gov.kh
ទំនាក់ទំនងការផ្សាយ៖ 077 949441 – 096 994 9441 – 071 223 1111